អតីតខ្សែបម្រើក្លឹបកាំភ្លើងធំ Arsenal គឺ Thierry Henry បានប្រកាសលាឈប់ពីតំណែងអ្នកវិភាគបាល់ទាត់ នៅក្នុងទូរទស្សន៍កីឡាករ Sky Sport។
Henry បានចូលបម្រើក្នុងទូរស្សន៍កីឡាករ Sky Sport ចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ ជាមួយនឹងប្រាក់ឈ្នួលជាង១០លានដុល្លារ ក្នុង១ឆ្នាំ។
ការសម្រេចចិត្តលាលែងចេញពីតំណែងនេះ ដោយសារតែលោកចង់យកពេលវេលា ផ្តោតអារម្មណ៍មកធ្វើជាគ្រូបង្វឹកតែមួយប៉ុណ្ណោះ។
Henry វ័យ៤០ឆ្នាំ ក្រៅពីការងារវិភាគបាល់ទាត់ គាត់ក៏ជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ផងដែរ។
Henry បានបញ្ជាក់ថា រយៈពេលជាង៤ឆ្នាំកន្លងមកនេះ ខ្ញុំមានបទពិសោធន៍ច្រើនក្នុងវិស័យបាល់ទាត់។ បទពិសោធនន៍នេះ បានធ្វើឱ្យខ្ញុំមានមហិច្ឆតាចង់ក្លាយជាគ្រូបង្វឹកដ៏ល្អម្នាក់ នៅពេលអនាគត។
ជាមួយគ្នានេះដែរ អតីតកីឡាករសញ្ជាតិបារាំងរូបនេះ ក៏បានថ្លែងអំណរគុណដល់ទូរទស្សន៍នេះ ដែលបានផ្តល់ឱកាសឱ្យគាត់បានរៀនសូត្រ និងទទួលបានបទពិសោធន៍ច្រើន។
ចំណែកឯលោក Barney Francis នាយកគ្រប់គ្រងទូរទស្សន៍ បាននិយាយថា ហង់រី គឺជាមនុស្សដែលមានទេពកោសល្យល្អ ក្នុងវិស័យបាល់ទាត់។ ខ្ញុំមិនចង់ឱ្យគាត់ចាកចេញពីទីនេះទេ៕