បើទោះជាប្រទេសកាតា ធ្លាប់រងការរិះគន់ពាក់ព័ន្ធនឹងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ត្រៀមការប្រកួតបាល់ទាត់ពិភពលោក យ៉ាងណាក៏ដោយ លោក Ali Sharif Al-Emadi រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងថា ប្រទេសកាតា បានត្រៀមខ្លួន និងប្តេជ្ញាចិត្ត នឹងធ្វើឱ្យបានរួចរាល់ មុនពេលដែលអ្នកគាំទ្រធ្វើដំណើមកដល់។

លោក Ali Sharif Al-Emadi បានបន្តទៀតថា យើងមិនចង់បន្តកិច្ចការសាងសង់ ឬក៏លាបថ្នាំ ស្របពេលដែលអ្នកគាំទ្រសម្រុកចូលមកប្រទេសឈូងសមុទ្រនេះទេ។
ប្រទេសកាតា បានចំណាយលុយ500លានដុល្លារ ក្នុង១សប្តាហ៍ សម្រាប់ពន្លឿនការសាងសង់នេះ។
នៅសល់រយៈពេល4ឆ្នាំកន្លះទៀត ទើបដល់ការប្រកួត ឥឡូវនេះ ពហុកីឡដ្ឋាន2 គ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ ហើយបើកសម្ពោធជាផ្លូវការនៅដើមឆ្នាំ2019។
ក្រៅពីពហុកីឡដ្ឋានប្រទេសកាតា ក៏កំពុងជំរុញការកសាងហេដ្ឋារចនាគមនាគមន៍ និងសណ្ឋាគារ នាវាកម្សាន្ត ជាដើម។
កាលពីខែមុន ប្រទេសកាតា បានចំណាយលុយ36ពាន់លានដុល្លារ កសាងប្រព័ន្ធមេត្រូ សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍៕