តាមប្រភពព័ត៌មាន Maily Mail ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក Lord Triasman អតីតប្រធានសមាគមបាល់ទាត់អង់គ្លេស បាននិយាយអំពាវសុំឱ្យសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ពិចារណាទទួលយកប្រទេសអង់គ្លេស ធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក២០២២ ប្រសិនបើប្រទេសកាតា ត្រូវបានគេដកសិទ្ធិធ្វើជាម្ចាស់ផ្ទះ។
ប្រទេសកាតា ត្រូវបានគេចោទប្រកាន់ពីបទប្រតិបត្តិការខ្មៅ ដើម្បីបំផ្លាញគូប្រជែងរបស់ខ្លួននៅក្នុងដំណើរការដេញថ្លៃធ្វើម្ចាស់ផ្ទះ ប្រកួតបាល់ទាត់ពិភពលោក។
យោងតាមឯកសារដែលបែកធ្លាយ ហើយត្រូវបានចុះផ្សាយដោយកាសែត The Sunday Times បានផ្សាយថា ជ័យជម្នះរបស់កាតា គឺដោយសារតែប្រទេសនេះ បានប្រើភ្នាក់ងារចារកម្ម CIA និង PR ដើម្បីផ្សព្វផ្សាយឃោសនាបោកប្រាស់ព័ត៌មានអាក្រក់ដល់គូប្រជែងសហរដ្ឋអាមេរិក និងអូស្ត្រាលី។
ក្រោយពីទទួលបានព័ត៌មាននេះ លោក Lord Triasman បានអំពាវនាវឱ្យសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ស៊ើបអង្កេតជាបន្ទាន់ ហើយប្រសិនបើរកឃើញភ័ស្តុតាងដូចការចោទប្រកាន់មែននោះ ស្ថាប័នបាល់ទាត់កំពូលមួយនេះ ត្រូវតែដកហូតសិទ្ធិធ្វើម្ចាស់ផ្ទះប្រគល់ឱ្យអង់គ្លេស វិញ។
ទាក់ទងទៅនឹងបញ្ហានេះ មន្ត្រីបាល់ទាត់ប្រទេសកាតា បានច្រានចោល ហើយបានលើកឡើងថា កាតា បានប្រកាន់យកទៅតាមច្បាប់របស់ FIFA។ កាលពីឆ្នាំមុន របាយការណ៍របស់ FIFA បានចោទប្រកាន់ទៅលើប្រទេសកាតា ថា បានចំណាយលុយជាច្រើនលានដុល្លារ ទៅដល់ប្រធានសហព័ន្ធបាល់ទាត់ មកពីបណ្តាទ្វីបផ្សេងៗ ជាថ្នូរទៅនឹងការទទួលបានសំឡេងឆ្នោតគាំទ្រច្រើន ដើម្បីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ។
នៅក្នុងរបាយការណ៍ពីកាសែត The Sunday Times ដដែលបានរកឃើញថា ប្រទេសកាតា បានចំណាយលុយជាង១ម៉ឺនដុល្លារ ទៅឱ្យសាស្ត្រាចារ្យម្នាក់ ដើម្បីសរសេរអត្ថបទមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក និងអូស្ត្រាលី។
នៅក្នុងដំណើរការបោះឆ្នោះ ប្រទេសកាតា ទទួលបាន១១ពិន្ទុ នាំមុខសហរដ្ឋអាមេរិក ដែលមាន៦ពិន្ទុ ស្ថិតនៅពីលើប្រទេសកូរ៉េខាងត្បូង ខណៈដែលប្រទេសជប៉ុន ទទួលបាន២ពិន្ទុ ចំណែកឯអូស្ត្រាលី បានតែ១ពិន្ទុប៉ុណ្ណោះ៕
