យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ ២០១៨ បានឱ្យដឹងថា សមាគមបាល់ទាត់អង់គ្លេស FA កំពុងពិចារណាពីលទ្ធភាពដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក២០៣០។
ប្រទេសអង់គ្លេស ធ្លាប់ធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកម្តង កាលពីឆ្នាំ១៩៦៦ និងម្ចាស់ផ្ទះប្រកួតពានរង្វាន់យូរ៉ូ ១៩៩៦ ម្តងដែរ។
លោក Greg Clarke ប្រធាន FA បាននិយាយថា ក្រុមប្រឹក្សាបាល់ទាត់អង់គ្លេស នឹងចាប់ផ្តើមធ្វើកិច្ចការនេះ ប្រសិនបើការដេញថ្លៃអាចទៅរួច។
លោកបានបន្តទៀតថា ការងារនេះ នឹងចាប់ផ្តើមក្នុងអំឡុងពេលបើករដូវកាលថ្មី ហើយការសម្រេចណាមួយ នឹងមិនធ្វើឡើងទេ ដោយរង់ចាំរហូតដល់ឆ្នាំ២០១៩។
លោក David Gill អតីតអនុប្រធាន FIFA បាននិយាយកាលពីខែមិថុនា ឆ្នាំ២០១៨ បាននិយាយថា អង់គ្លេស គួរតែមានទំនុកចិត្តខ្ពស់។
ពហុកីឡដ្ឋានជាតិ Wembley បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ទទួលការប្រកួតបាល់ទាត់យូរ៉ូ ២០២០ ចំនួន៧ប្រកួត ខណៈដែល FA បានដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ស្ត្រីយូរ៉ូ ២០២១ ដែលមានប្រទេសគូប្រជែង២ទៀត គឺអូទ្រីស និងហុងគ្រី។
ប្រទេសអង់គ្លេស បានបរាជ័យម្តងរួចមក ហើយកាលពីដេញថ្លៃធ្វើម្ចាស់ផ្ទះ២០១៨ នៅប្រទេសរុស្ស៊ី៕