អតីតខ្សែបម្រើជប៉ុន Keisuke Honda បានយល់ព្រមចុះហត្ថលេខារួមរស់ជាមួយក្លឹប Melbourne Victory សម្រាប់រដូវកាលថ្មី ២០១៨ -១៩ ។ នេះបើយោងតាមប្រភពព័ត៌មានពីក្លឹបបាល់ទាត់ Melbourne Victory ចេញផ្សាយនៅថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨នេះ ។
អតីតខ្សែបម្រើក្លឹប Milan បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជប៉ុន បន្ទាប់ពីក្រុមនេះធ្លាក់ត្រឹមវគ្គ១៦ក្រុម នៅក្នុងព្រឹត្តិកាណ៍បាល់ទាត់ពិភពលោក ២០១៨។ នៅកិច្ចចុះព្រមព្រៀង នោះមិនបានបញ្ជាក់ពីកុងត្រា និងតម្លៃខ្លួននោះទេ។
ទាក់ទងទៅនឹងបញ្ហានេះ សហព័ន្ធគ្រប់គ្រងបាល់ទាត់អូស្ត្រាលី បានបញ្ជាក់ថា វត្តមានរបស់កីឡាករ Honda អាចធ្វើឲ្យក្លឹប Melbourbe ចំណាយលុយច្រើនលានដុល្លារ បើទោះជាក្លឹបមិនបានបង្ហាញតួលេខក៏ដោយ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត The Fox Sport កីឡាករ Honda បាននិយាយថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមជាមួយក្លឹបនេះ។ ខ្ញុំគិតថា Melbourne Victory គឺជាក្លឹបមួយដ៏ធំនៅក្នុងអូស្ត្រាលី ។ ខ្ញុំមានមានកិត្តិយសដែលបានចូលរួមជាមួយក្លឹបដ៏ធំបែបនេះ ។ ខ្ញុំនឹងនាំយកជ័យជម្នះមកឲ្យក្លឹបនេះ’’។
Honda បានចំណាយពេល១០ឆ្នាំ ជាមួយក្រុមជម្រើសជាតិ ធ្លាប់ស៊ុតបាល់បាន៣៧គ្រាប់ ក្នុងការបង្ហាញវត្តមាន៩៨ប្រកួត។ ចំណែកឯអាជីពក្នុងក្លឹបវិញ គឺ ចេញពី Nagoya មក Venlo , CSKA Mos , Milan , Pachuca មុននឹងទៅដល់ Melbourne នេះ៕