កីឡាករចាំទីអេហ្ស៊ីប Essam Elhadary ដែលជាកីឡាករចាស់ជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្នុងវ័យ៤៥ឆ្នាំ។ នេះបើយោងតាមប្រភពព័ត៌មានពី រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨។
កីឡាករចាំទី Elhadary ធ្លាប់បង្ហាញវត្តមានឱ្យក្រុមជម្រើសជាតិអេហ្ស៊ីប បានចំនួន១៥៩ប្រកួត។ ក្រុមជម្រើសជាតិអេហ្ស៊ីប បរាជ័យទាំង៣ប្រកួតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ធ្លាក់ត្រឹមជុំទី១។
កីឡាករចាំទីជើងចាស់របស់អេហ្ស៊ីប មានអាយុបងកីឡាករចាំទីកូឡុំប៊ី Faryd Modragn ២ឆ្នាំ។
កីឡាករចាំទីវ័យចំណាស់លើលោកនេះ ដែលបានចំណាយពេល២២ឆ្នាំ ៤ខែ ១២ថ្ងៃ ក្នុងអាជីពបាល់ទាត់ បាននិយាយថា វាជាពេលវេលាសមរម្យសម្រាប់ខ្ញុំ ដើម្បីព្យួរស្រោមដៃ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបូជាពេលវេលាច្រើនណាស់ ហើយសម្រាប់បាល់ទាត់។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំដែលបានលើកទឹកចិត្តខ្ញុំរាល់ពេល៕