បន្ទាប់ពីបិទបញ្ចប់រដូវកាលដោះដូរ កាលពីសប្តាហ៍មុន កីឡាករចាំទី David De Gea នៅតែមិនអាចរកច្រកចេញពីពហុកីឡដ្ឋាន Old Trafford បានដដែល ផ្ទុយទៅវិញ ក្លឹបបិសាចក្រហម Man Utd នៅតែមានទំនុកចិត្តខ្ពស់ថា កីឡាករចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ នឹងយល់ព្រមបន្តកុងត្រាថ្មីរយៈពេលយូរជាមួយក្លឹបរបស់ខ្លួនតទៅទៀត។
កុងត្រារបស់កីឡាករវ័យ27ឆ្នាំ ជាមួយក្លឹប Man Utd នឹងត្រូវអស់សុពលភាពត្រឹមឆ្នាំ2019 បើទោះជាក្លឹបផ្តល់ជម្រើសឱ្យបន្តមួយរដូវកាលទៀតក៏ដោយ។
ក្លឹប Man Utd បានបញ្ជាក់ថា គេកំពុងពិភាក្សាជាមួយភ្នាក់ងារកីឡាកររូបនេះ ស្របពេលតំណែងនៅក្នុងក្លឹប Real Madrid ដែលគេចង់ទៅនោះ កំពុងកាន់កាប់ដោយកីឡាករចាំទី Thibaut Courtois ដែលផ្ទេរមកពី Chelsea កាលពីសប្តាហ៍មុន។
ក្លឹប Real Madrid មានទំនាក់ទំនងជាមួយ David De Gea តាំងពីឆ្នាំ2015 មកម៉្លេះ។
គួររំឭកថា កាលពីឆ្នាំ2015 កីឡាកររូបនេះ ស្ទើរតែបានមកលេងជាមួយ Real Madrid ទៅហើយ តែដោយសារម៉ាស៊ីនហ្វាក់ខូច ធ្វើឱ្យគេរត់ឯកសារអត់ទាន់នៅនាទីចុងក្រោយ មុនបិទទ្វារទីផ្សារដោះដូរកីឡាករ។
David De Gea បានមកលេងឱ្យក្លឹប Man Utd កាលពីឆ្នាំ2011 ក្រោយផ្លាស់មកពីក្លឹប At Madrid ក្នុងតម្លៃជាង20លានដុល្លារ ហើយបានជាប់ជាកីឡាករឆ្នើម4លើក៕