កាលពីថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ ក្លឹបបាល់ទាត់អង់គ្លេស Premier Leagure គឺ Tottenham បានប្រកាសពន្យារពេលបើកសម្ពោធពហុកីឡដ្ឋានថ្មី ដែលគ្រោងនឹងធ្វើឡើងខែក្រោយ ដោយសារព្រួយបារម្ភទៅលើបញ្ហាប្រព័ន្ធសុវត្ថិភាព។
ក្លឹបមាន់ខ្នាយមាស Tottenham មានគម្រោងបើកឆាកប្រកួតនៅពហុកីឡដ្ឋានថ្មី White Hart Lane នៅថ្ងៃទី១៥ ខែកញ្ញា ទទួលភ្ញៀវហង្សក្រហម Liverpool ប៉ុន្តែការប្រកួតនោះ ត្រូវបានលើកទៅប្រកួតនៅពហុកីឡដ្ឋាន Wembley ដែលក្លឹប Tottenahm បានប្រកួតនៅទីនោះពេញមួយរដូវកាល។
យោងតាមប្រភពព័ត៌មានពីគណៈកម្មការសុវត្ថិភាព បានឱ្យដឹងថា ពហុកីឡដ្ឋានថ្មីនេះ មានប្រព័ន្ធសុវត្ថិភាពមិនទាន់បានល្អ ហើយត្រូវរង់ចាំរហូតដល់ពេលមានការទទួលស្គាល់ពីគណៈកម្មការសុវត្ថិភាពជាមុនសិន។
ទាក់ទងទៅនឹងបញ្ហាពន្យារពេលនេះ លោក Daniel Levy ប្រធានក្លឹប Tottenham បាននិយាយថា យើងមានការខកចិត្តខ្លាំងណាស់ សម្រាប់ការលក់សំបុត្រទៅឱ្យអ្នកគាំទ្រទូទាំងពិភលោក ដោយសារតែការផ្លាស់ប្តូរពហុកីឡដ្ឋាននេះ។
ពហុកីឡដ្ឋានថ្មីនេះ បានកសាងឡើងកាលពីដើមឆ្នាំ២០១៨ ហើយគ្រោងនឹងបើកសម្ពោធនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។ ពហុកីឡដ្ឋាននេះ អាចផ្ទុកទស្សនិកជនបានជាង៦ម៉ឺននាក់ ចំណាយលុយអស់ប្រហែលជាង៥០០លានដុល្លារ៕