កាលពីថ្ងៃអង្គារ ទី២១ ខែសីហា ក្លឹប Real Madrid បានប្រកាសថា ក្លឹបបានឲ្យកីឡាករ Martin Odegaard ទៅលេងនៅក្នុងក្លឹបបាល់ទាត់ហូឡង់ដ៍ Vitesse ក្នុងលក្ខខណ្ឌខ្ចីជើង។
បន្ទាប់ពីបង្ហាញទម្រង់លេងដ៏លេចធ្លោនៅជាមួយក្លឹបបាល់ទាត់ន័រវែស Stromsgodset កាលពីវ័យ១៥ឆ្នាំ កីឡាកររូបនេះត្រូវបានក្លឹបជាច្រើនចង់បាន មានដូចជា ក្លឹប Bayern , Man Utd និង Liverpool មុនពេលដែលទៅផ្ញើវាសនាជាមួយ Real Madrid កាលពីឆ្នាំ២០១៥ ។
នៅលើគេហទំព័រផ្លូវការរបស់ក្លឹប Real Madrid បានសរសេររៀបរាប់ថា ក្លឹបសម្រេចឲ្យកីឡាករ Odergaard ទៅក្លឹប Vitesse រយៈពេល១រដូវកាល រហូតដល់ថ្ងៃទី៣០ ខែមិថុនា ២០១៩ ។
កាលពីរដូវកាលកន្លងទៅ កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះ ក៏ត្រូវបាន Real Madrid ឲ្យទៅក្លឹប Heerenveen ខ្ចីជើងផងដែរ។
១រដូវកាលជាមួយក្លឹប Heerenveen ធ្លាប់ស៊ុតបាល់បាន ៣គ្រាប់ ក្នុងការបង្ហាញវត្តមាន ៣៨ប្រកួត។
Odengaard បានក្លាយជាកីឡាករវ័យក្មេងជាងគេបំផុត នៅក្នុងក្រុមជម្រើសជាតិន័រវែស គឺមានអាយុ១៥ឆ្នាំ ២៥៣ថ្ងៃ នៅពេលដែលគាត់បានបង្ហាញវត្តមានប្រកួតមិត្តភាព កាលពីឆ្នាំ ២០១៤ ជាមួយក្រុមជម្រើសជាតិ UAE ។
នៅក្នុងក្រុមជម្រើសជាតិ ធ្លាប់បង្ហាញវត្តមានបាន១២ តែមិនទាន់រកគ្រាប់បាល់បញ្ចូលទីបាននៅឡើយទេ៕