លោក Lee Sharpe អតីតកីឡាករខ្សែបម្រើក្លឹបបិសាចក្រហម Man Utd ក្នុងចន្លោះឆ្នាំ១៩៨៨ -៩៦ បានបង្ហាញទស្សនៈថា លោក Zidane អតីតគ្រូបង្វឹកក្លឹប Real Madrid ស័ក្តិសមបំផុតសម្រាប់ស្នងតំណែងលោក Jose Morinho ប្រសិនបើលោក ត្រូវបានបណ្តេញចេញមែននោះ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Morinho កំពុងស្ថិតក្នុងរលកកំដៅនៃការបណ្តេញចេញ ក្រោយពីក្លឹបប្រកួតចាញ់ Brighton ដោយលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យកន្លងនេះ។
បរាជ័យដ៏ធ្ងន់នេះបានធ្វើឲ្យអ្នកគាំទ្ររិះគន់យ៉ាងខ្លាំង ដោយទទូចសុំឲ្យដកតំណែងគ្រូបង្វឹកចេញ។ យោងតាមមតិភាគច្រើន គេសម្លឹងឃើញលោក Zidane មានអាទិភាពខ្ពស់ជាងគេ ។
លោក Zidane បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកនាំយកពានរង្វាន់ Uefa Champion League បីឆ្នាំជាប់ៗគ្នា មកឲ្យ Real Madrid ។
ថ្លែងទៅកាន់សារព័ត៌មាន លោក Sharpe បាននិយាយថា “Zidane គឺជាបេក្ខភាពសមនឹងអង្គុយតំណែងនេះ”។
Zidane អតីតគឺជាកីឡាករឆ្នើម ធ្លាប់លេងនិងដឹកនាំក្លឹបបាល់ទាត់ធំៗ ហើយទទួលបានជោគជ័យទាំងអាជីពកីឡាករ និងគ្រូបង្វឹក៕