គួរឲ្យសោកស្តាយបំផុត ម្ចាស់បទ “ភ្នំទាបជាងស្មៅ” និងជាម្ចាស់ស្ទូឌីយោ ខឹម ឈុនវុធថា គឺលោកខឹម ឈុនវុធថា បានទទួលមរណភាពហើយកាលពីម៉ោង២និង២២នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដោយសារជំងឺគាំងបេះដូង នៅគេហដ្ឋានរបស់លោកតែម្តង។

លោកខឹម ឈុនវុធថា គឺជាតារាចម្រៀងជើងចាស់ម្នាក់ដែលចូលចិត្តច្រៀងបទចម្រៀងពីដើម ហើយលោកក៏មានស្ទូឌីយោមួយផងដែរ សម្រាប់ថតបទចម្រៀង។

ក្រោយពេលទទួលមរណភាពភ្លាមៗ គេឃើញលោកអ៊ុក ណារីម បានចូលរួមពិធីបុណ្យសពលោកខឹម ឈុនវុធថា មុនគេបង្អស់ ហើយលោកបានសំពះសពលោកវុធថា និងបានបង្ហោះសារថា “ខ្ញុំពិតជាមានការរន្ធត់ខ្លាំងណាស់ ដែលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនេះ!

ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារលោកខឹម ឈុនវុធថា តារាចម្រៀងម្ចាស់បទ “ភ្នំទាបជាងស្មៅ “ និងជាម្ចាស់ Studio ខឹម ឈុនវុធថា ដែលបានទទួលមរណភាពនៅវេលាម៉ោង ២:២២នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយរោគាពាធ (គាំងបេះដូង)។សូមវិញ្ញាណក្ខន្ធបងបានស្ងប់ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

នៅពេលនេះដែរ គេឃើញអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកខឹម ឈុនវុធថា និងសូមឲ្យវិញ្ញានក្ខន្ធលោក បានទៅកាន់សុគតិភព៕

