ភ្នំពេញ ៖ យោងតាមលទ្ធផលជំរឿនសត្វត្មាត កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សត្វត្មាតចំនួន ១៣១ក្បាល ត្រូវបានកត់ត្រា នៅក្នុងតំបន់អភិរក្សចំនួន៣ នៅក្នុងប្រទេសកម្ពុជា។ ចំនួននេះប្រហាក់ប្រហែលនឹងលទ្ធផល ជំរឿនក្នុងពេលវេលាដូចគ្នា កាលពីឆ្នាំ២០២២ កន្លងទៅ។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមអភិរក្សសត្វត្មាតកម្ពុជាបានរៀបចំជំរឿន សត្វត្មាត ប្រចាំឆ្នាំ ដើម្បីរាប់ចំនួនសត្វត្មាត នៅក្នុងជម្រកធម្មជាតិ ក្នុងទិសដៅក្តាប់ឱ្យជាប់ចំនួនសត្វត្មាត ដែលជាប្រភេទសត្វកម្រជិតផុតពូជ និងដាក់ចុះវិធានការ ចាំបាច់នានាដើម្បីការពារនិងថែរក្សាសត្វត្មាតនេះ ឱ្យបានគងវង្សយូរអង្វែងតទៅមុខទៀត។
លោកនេត្រ ភក្ត្រា បានបន្តថា ជំរឿនសត្វត្មាត កាលពីថ្ងៃទី០៩ ខែមិថុនា គឺជាជំរឿនលើកទី២ ក្នុងចំណោមការ ងារជំរឿនសត្វត្មាត ៥ដង ក្នុងមួយឆ្នាំ ដែលក្រុមអភិរក្សសត្វត្មាតកម្ពុជា រៀបចំឡើង។ ក្នុងចំណោមសត្វត្មាត ដែលបានរាប់ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ទាំង ១៣១ក្បាលនោះ រួមមាន ត្មាតភ្លើង ចំនួន ១២ក្បាល ត្មាតផេះ ៧៧ក្បាល និងត្មាតត្មោត ចំនួន៤២ក្បាល។ ជំរឿនសត្វត្មាតនេះ ធ្វើឡើងនៅក្នុងតំបន់អភិរក្សចំនួន ៣ រួមមាន ៖ ដែនជម្រកសត្វព្រៃ សៀមប៉ាង ខេត្តស្ទឹងត្រែង មានចំនួន ៩៣ក្បាល (ត្មាតត្នោត ចំនួន ៣១ក្បាល ត្មាតផេះ ចំនួន ៥៦ក្បាល ត្មាតភ្លើង ចំនួន ៦ក្បាល) ដែនជម្រកសត្វព្រៃ ឆែប ក្នុងខេត្តព្រះវិហារ មានសត្វត្មាត ចំនួន៣១ក្បាល (ត្មាតផេះ ចំនួន ១៦ក្បាល ត្មាតត្នោត ចំនួន ១១ក្បាល និងត្មាតភ្លើង ចំនួន ៤ក្បាល) និងក្នុង ព្រៃទឹកលិចទន្លេមេគង្គ ក្នុងខេត្តក្រចេះ មានចំនួន ៧ក្បាល (ត្មាតផេះ ចំនួន ៥ក្បាល និងត្មាតភ្លើង ចំនួន ២ក្បាល)។

កញ្ញា នី ណៃគី មន្ត្រីជំនាញផ្នែកអភិរក្សសត្វត្មាត នៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា ការធ្វើជំរឿន សត្វត្មាត កាលពីខែមីនា កន្លងទៅ បានបង្ហាញថា សត្វត្មាត មានចំនួនប្រមាណ ១០៥ក្បាល ដែលជាតួលេខល្អ ប្រសើរមួយ បង្ហាញថា ការអភិរក្សសត្វត្មាត នៅកម្ពុជា បង្ហាញសញ្ញាវិជ្ជមានឡើងវិញ។
បើតាមកញ្ញា នី ណៃគី ជំរឿនសត្វត្មាត ដោយក្រុមអភិរក្សសត្វត្មាតកម្ពុជា ដែលនឹងធ្វើបន្ទាប់ គឺធ្វើឡើងលើកទី៣ នៅអំឡុងខែមិថុនា នេះ និងលើកទី៤ នាខែកញ្ញា និងលើកទី៥ នាខែធ្នូ ឆ្នាំ២០២៣ មុននឹងធ្វើការបូកសរុប និង សន្និដ្ឋានថា តើសត្វត្មាត មានចំនួនប៉ុន្មាន ក្នុងឆ្នាំ ២០២៣។

យោងតាមលទ្ធផលជំរឿន បានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជា ក្នុងឆ្នាំ២០២២ កន្លងទៅកាន់តែមានសញ្ញា វិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារនូវការបង្កើនការ យកចិត្តទុកដាក់ពីគ្រប់ភាគី ក្នុងការការពារនិងអភិរក្ស សត្វកម្រនេះបន្ថែមទៀត។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា លទ្ធផលជំរឿននៅឆ្នាំ២០២២ បានបង្ហាញថា កម្ពុជា មានសត្វត្មាត ទាំង ៣ប្រភេទ សរុបចំនួន ១៣៤ក្បាល ក្នុងនោះរួមមានត្មាតផេះ ៧១ក្បាល ត្មាតត្នោត ៤៤ក្បាល និងត្មាតភ្លើង ចំនួន ១៩ក្បាល ហើយចំនួនសត្វត្មាត មានការកើនឡើង ១៣ក្បាល បើប្រៀបធៀបនឹង ឆ្នាំ២០២១ ដែលមានចំនួន ១២១ក្បាល ដែលនេះគឺជាដំណឹងដ៏ល្អសម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈ ចម្រុះ នៅប្រទេសកម្ពុជា និងនៅលើពិភពលោក។
លោកនេត្រ ភក្ត្រា បានកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់ នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារកិច្ចនៅតាម តំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រក ធម្មជាតិនៃដែនជម្រកសត្វព្រៃដែល មានវត្តមាន សត្វត្មាត ពោលគឺបាននិងកំពុងធ្វើឱ្យតំបន់ធម្មជាតិនេះ មានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀត សម្រាប់ សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើ ជាទីជម្រក អាហារ និងប្រភពទឹក សម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រូបនេះបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមការពារ និងអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការ ដាក់អន្ទាក់និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខាន ដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និងរក្សាបានកេរដំណែលធម្មជាតិ សម្រាប់មនុស្សជំនាន់ ក្រោយៗ បន្តទៀត។

សូមរំលឹកថា សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមាន ៖ ក្រសួងបរិស្ថាន (MoE) ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិត ធម្មជាតិនៅកម្ពុជា (NatureLife Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនស្រិនិង Phoenix និងសមាជិកសាមញ្ញ រួមមាន ៖ សមាគមមគ្គុ ទ្ទេសក៍បក្សីកម្ពុជា (CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកល វិទ្យាល័យភូមិន្ទភ្នំពេញ និងដៃគូពាក់ព័ន្ធបាន ធ្វើការងារលើការអភិរក្សសត្វត្មាត នៅកម្ពុជា៕


