ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដោយ បញ្ជាក់ថា អាចមានភ្លៀងធ្លាក់ ពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលលាតសន្ធឹងលើអាងទន្លេមេគង្គ ផ្នែកប្រទេសថៃ និងឡាវ គួបផ្សំ នឹងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម។ លក្ខណៈបែបនេះ នឹងធ្វើឱ្យ ៖

១- តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ
– អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅមធ្យម និងច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២- តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ
– អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣- តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ
8 អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ជាមួយនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់បងប្អូន សូមបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕