ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវ រក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០យប់ ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង ១២:០០យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សេចក្តីអំពាវនាវ លេខ ០០៥ គ.ជ.ប.ស.អ.ន ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ស្ដីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត ដែលមានខ្លឹមសារទាំងស្រុងថា «អនុលោមតាមមាត្រា ៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោត ត្រូវចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សា ភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង ១២:០០យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣។
គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនិងអ្នកគ្រប់ គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជានិងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង វិស័យការងារ ឯទៀត ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ដើ ម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ ពិសេស ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ការនិងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយដែល មានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិត រារាំងប្រជាពលរដ្ឋមិនឱ្យទៅ បោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះ ឆ្នោត និងរាប់សន្លឹកឆ្នោតបាន។
គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភលើ ច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
គ.ជ.ប សង្ឃឹមនិងជឿជាក់ថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រ គណបក្ស នយោបាយ រួមនិងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ នឹងអនុវត្តតាមការអំពាវនាវនេះឱ្យមាន ប្រសិទ្ធភាព»៕ ខៀវទុំ