ក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍១០សីហាបាននិយាយថាគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិកដើម្បីរឹតបន្តឹងការវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យារបស់ចិនគឺជាការ រំខានយ៉ាងខ្លាំងដល់សន្តិសុខនៃខ្សែសង្វាក់ផ្គត់ ផ្គង់និង ឧស្សាហកម្មពិភពលោក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសចិនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ ហើយរក្សាសិទ្ធិក្នុងការចាត់វិធានការ។ការផ្លាស់ប្តូរនេះអាចជំរុញឱ្យមានភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។

អ្នកនាំពាក្យរូបនេះបាននិយាយថា ក្រុមហ៊ុនអាមេរិកជាង ៧០០០០ធ្វើអាជីវកម្មនៅក្នុងប្រទេសចិន។លោកបាន និយាយថាការរឹតបន្តឹងនេះនឹងប៉ះពាល់ដល់អាជីវកម្មចិន និងអាមេរិក រំខានដល់កិច្ចសហប្រតិបត្តិការធម្មតា និងកាត់បន្ថយទំនុកចិត្តវិនិយោគិននៅក្នុងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិក នឹង ជៀសវាងការរារាំងសិប្បនិម្មិតនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ហើយជៀសវាងការបង្កើតឧបសគ្គសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ការលើកឡើងរបស់ចិនបែបនេះបានកើតឡើងបន្ទាប់ពីបទបញ្ជាប្រតិបត្តិរបស់លោកបៃដិនដឹកនាំក្រសួងរតនាគារឱ្យដាក់កម្រិតលើការវិនិយោគរបស់អាមេរិកមួយចំនួននៅក្នុងប្រទេសចិនក្នុងវិស័យបច្ចេកវិទ្យាដែលងាយរងគ្រោះ រួមមាន semiconductors, quantum computing និងបញ្ញាសិប្បនិម្មិត។
ការដាក់កំហិតដែលត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅឆ្នាំក្រោយនេះបានកើតឡើងនៅពេលដែលរដ្ឋបាលរបស់លោក បៃដិនសម្លឹងមើលការពង្រឹងជំហររបស់ខ្លួន ធៀបនឹងប្រទេសចិនលើវិស័យជាច្រើនដូចជា៖ យោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យា៕