Saturday, June 28, 2025
Homeព័ត៌មានជាតិលុបឈ្មោះមិនឲ្យរៀនធ្វើគ្រូកីឡា គរុនិស្សិតឈរ កាន់បដា តវ៉ាមុខក្រសួងអប់រំ

លុបឈ្មោះមិនឲ្យរៀនធ្វើគ្រូកីឡា គរុនិស្សិតឈរ កាន់បដា តវ៉ាមុខក្រសួងអប់រំ

ភ្នំពេញ ៖ យុរវជនម្នាក់ បានព្យាយាមឈរកាន់បដា តវ៉ានៅមុខក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទាមទាររក យុត្តិធម៌ បន្ទាប់ពីខ្លួនត្រូវបានលុបឈ្មោះចេញពីគរុនិស្សិត ដែលបានប្រលងជាប់ និងទើបតែចូលរៀនបាន រយៈពេល ១ខែ នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា តាំងពីឆ្នាំ២០២១ ដោយមូលហេតុខ្វះកម្ពស់ ឬមិនគ្រប់ កម្ពស់ តាមការកំណត់របស់សាលា ។ យុវជនរូបនេះ បានប្រកាសថា ខ្លួននឹងមកឈរកាន់បដាទាមទារយុត្តិធម៌ នៅមុខក្រសួងអប់រំ យុវជន និងកីឡា រៀងរាល់ថ្ងៃចន្ទ ដើមសប្ដាហ៍ ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ តទៅ លុះត្រាតែមានដំណោះស្រាយ ឬយល់ព្រមឲ្យខ្លួនបានចូលរៀនវិញ ។

យុវជនដែលត្រូវលុបឈ្មោះចេញពីគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា នេះ មានឈ្មោះកែវ សុវណ្ណ ឫទ្ធិ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិដាជើង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តែបច្ចុប្បន្នស្នាក់នៅក្នុងផ្ទះជួល ជាមួយបងប្រុសបង្កើត នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ខាងលើ បានឲ្យដឹងថា ខ្លួនបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២០ ដែលពេលនោះ ចំពេល ដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំង រហូតមានការបិទខ្ទប់ប្រទេស រូបខ្លួន ក៏ដូចជាសិស្សថ្នាក់ទី១២ នៅទូទាំង ប្រទេស មិនបានប្រលងទេ គឺត្រូវក្រសួងអប់រំ យុវជននិងកីឡា តាមការណែនាំរបស់នាយករដ្ឋមន្រ្តី សម្រេចឲ្យ ជាប់ទាំងអស់គ្នា ដោយស្វ័យប្រវត្តិ ។ បច្ចុប្បន្ន ក្រៅពីមិនបានចូលរៀនផ្នែកមុខវិជ្ជាគ្រូ ខ្លួនកំពុងបន្តការសិក្សា នៅមហាវិទ្យាល័យផ្នែកនីតិសាស្រ្ត ដល់ឆ្នាំទី២ (ជិតចូលឆ្នាំទី៣) នៃសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ ។

 យុវជនកែវ សុវណ្ណឫទ្ធិ បានរំលឹកថា កាលពីទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រៅពីនៅបន្តការសិក្សានៅមហាវិទ្យាល័យ ជាធម្មតា រូបគេបានដាក់ពាក្យប្រលងគ្រូ (ប្រលងតាមអនឡាញ) ហើយក៏បានប្រកាសជាប់ជាស្ថាពរ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ គឺបេក្ខជនដែលប្រលងជាប់ មានចំនួន១៥០នាក់ ក្នុងនោះ ១២៥នាក់ ផ្នែក១២+២ និង២៥នាក់ ផ្នែក១២+៤ ។ ចំណែកខ្លួនជាប់ផ្នែក១២+៤ ហើយក៏បានទៅដាក់ពាក្យចូលរៀនផ្ទាល់ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ប៉ុន្តែខាងវិទ្យាស្ថាន ប្រាប់ថា រូបគេខ្វះកម្ពស់ ខុសលក្ខខណ្ឌ ក៏ឲ្យត្រលប់ទៅផ្ទះវិញ ។ ប៉ុន្តែ៣ថ្ងៃក្រោយមក ខាងសាលា បានទូរស័ព្ទហៅលោកទៅដាក់ពាក្យវិញ ហើយក៏បានអនុញ្ញាតឲ្យចូលរៀន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ប៉ុន្តែក្រោយចូលរៀនបាន ១ខែ គឺនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ខ្លួននិងគរុនិស្សិត ជាង១២នាក់ទៀត ត្រូវបានលុបឈ្មោះចេញវិញ ក្រោមមូលហេតុថា ខុសលក្ខខណ្ឌ គឺខ្វះកម្ពស់ លើសអាយុ និងមិនមានភាពនៅលីវ (រៀបការរួចហើយ) ។

 ក្រោយទទួលការលុបឈ្មោះ ជាមួយនឹងមូលហេតុបែបនេះ ទើបខ្លួនកើតទុក្ខមិនសុខចិត្ត ក៏បានព្យាយាមស្វែង រកអន្តរាគមន៍ពីក្រសួងអប់រំ យុវជននិងកីឡា ដើម្បីឲ្យបានចូលរៀនវិញ ក្នុងរយៈពេល២ឆ្នាំ គិតចាប់ពីថ្ងៃលុប ឈ្មោះ (ឆ្នាំ២០២១) រហូតមកដល់ឆ្នាំ២០២៣ នេះ។

ប៉ុន្តែករណីនេះ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្ដីបំភ្លឺ ដោយនៅតែលើកហេតុផលដដែលថា មូលហេតុដែលសម្រេចលុបឈ្មោះគរុនិស្សិតរូបនេះ មិនឲ្យចូលរៀននៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដើម្បីបានក្លាយជាគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ នៅវិទ្យាល័យហ៊ុន សែន ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយសារតែមិនគ្រប់កម្ពស់ ១,៦៥ម៉ែត្រ (សម្រាប់បុរស) ហើយថែមទាំងសង្ស័យថា យុវជនរូបនេះ មានការក្លែងបន្លំឯកសារពីរឿងកម្ពស់នេះ ព្រោះនៅក្នុងពាក្យស្នើសុំប្រលង គឺ១,៦៥ម៉ែត្រ តែវាស់ជាក់ស្ដែង បានតែ១,៦២ម៉ែត្រ ។ 

 ឆ្លើយតបនឹងសេចក្ដីបំភ្លឺរបស់ក្រសួងអប់រំ យុវជននិងកីឡា ខាងលើនេះ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យុវជនកែវ សុវណ្ណឫទ្ធិ បានបញ្ជាក់ថា វាពិតជាត្រឹមត្រូវ ប្រសិនបើក្រសួងអនុវត្តតាមលិខិតលេខ៥៥ អយក.សជណ ដោយកំហិតនិងស្មើភាពគ្នាពិតប្រាកដមែន ពួកខ្លួនមិនចាំបាច់ធ្វើការតវ៉ាមកទល់ពេលនេះទេ តែក្រសួង មិនបានអនុវត្តពេញលេញតាមលិខិតប្រកាសលេខ ៥៥ អយក.សជណ នេះឡើយ ដោយ ១. ការអនុវត្តលុបឈ្មោះ ដោយផ្អែកលើសេចក្ដីជូនដំណឹងលេខ ៥៥ អយក.សជណ គឺពុំមានភាពប្រក្រតី ។ ២. ករណីគរុនិស្សិតម្នាក់ ត្រូវបានក្រសួងសម្រេចលុបឈ្មោះ បន្ទាប់ពីគរុសិស្សនិងគរុនិស្សិត ចំនួន១២នាក់ គឺជាការអនុវត្តមិនស្មើភាព និង៣. ការបំភ្លឺរបស់ក្រសួងអប់រំ ជូនមាតាបិតា អាណាព្យាបាលរបស់លោក តាមរយៈការប្រជុំផ្ទាល់នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នា២០២២ គឺមិនអាចទទួលយកបានទេ ។ ដូច្នេះសេចក្ដីបំភ្លឺរបស់ក្រសួងអប់រំ យុវជននិងកីឡា គឺពុំទាន់បានឆ្លុះបញ្ចាំងនូវចម្ងល់ ក៏ដូចជាទិដ្ឋភាព មិនប្រក្រតីជាច្រើនទៀតនៅឡើយ ។

 ជាមួយនេះ នៅថ្ងៃដដែលនោះ ដើម្បីយល់ច្បាស់ជុំវិញរឿងរ៉ាវចំពោះការស្វែងរកយុត្តិធម៌ពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យកាន់តែលម្អិត យុវជនកែវ សុវណ្ណឫទ្ធិ បានធ្វើកិច្ចសម្ភាសផ្សាយផ្ទាល់ តាមបណ្ដាញសង្គម ហ្វេស ប៊ុក នៅមុខក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលាតត្រដាងបង្ហាញឲ្យកាន់តែច្បាស់ តាមរយៈសារព័ត៌មាន កុំឲ្យមានមន្ទិលបន្តទៀត ក៏ដូចជាដើម្បីចង់បានដំណោះស្រាយពីក្រសួងផងដែរ ។ ប៉ុន្តែសកម្មភាពតវ៉ារបស់អតីតគរុនិស្សិតរូបនេះ មិនទទួលលទ្ធផលជាវិជ្ជមាន តាមការចង់បានរបស់ខ្លួនទេ ។

 បន្ទាប់មកទៀត ដោយយល់ថា ខ្លួននៅពុំទាន់ទទួលបានភាពយុត្តិធម៌ យុវជនកែវ សុវណ្ណឫទ្ធិ ក៏បានប្រកាស យកថ្ងៃចន្ទ ជារៀងរាល់សប្ដាហ៍ មកឈរលើកបដាក្នុងខ្លឹមសារទាមទារយុត្តិធម៌ដែលរង់ចាំអស់រយៈពេលជិត ២ឆ្នាំហើយ នៅមុខក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងនោះ ក្រោយពីថ្ងៃប្រកាស កាលពីថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ យុវជនរូបនេះ ធ្វើបានម្ដង និងនៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ធ្វើបានម្ដងទៀត ។ ប៉ុន្តែការលើកបដាក្នុងសប្ដាហ៍ទី២នេះ យុវជនកែវ សុវណ្ណឫទ្ធិ ស្វែងរកយុត្តិធម៌ ត្រូវបានសមត្ថកិច្ចអាជ្ញាធរ ខណ្ឌដូនពេញ ចុះមករារាំង ហាមឃាត់ និងចាប់ខ្លួន ទៅធ្វើកិច្ចសន្យានៅសាលាខណ្ឌ ដោយយុវជន ខាងលើ បានអះអាងថា អាជ្ញាធរខណ្ឌ បានប្រើអំពើហិង្សាលើរូបខ្លួន ធ្វើឲ្យមានរបួសទៀតផង ។

 ចំពោះកិច្ចសន្យាដែលខាងសាលាខណ្ឌដូនពេញ ដាក់កំហិតឲ្យធ្វើឲ្យបាននោះ គឺកុំទៅឈរលើកបដានៅមុខ ក្រសួងអប់រំ យុវជននិងកីឡានិងកុំធ្វើសកម្មភាពអ្វីដែលនាំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ។ ប៉ុន្តែយុវជនរូបនេះ បញ្ជាក់ថា រូបគេមិនទទួលយល់ព្រមធ្វើតាមកិច្ចសន្យានេះទេ គឺគេនៅតែបន្តធ្វើយុទ្ធនាការ ឈរលើកបដា នៅមុខក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃចន្ទ រៀងរាល់សប្ដាហ៍ ព្រោះគេយល់ថា គ្រាន់តែទៅ ឈរស្ងៀម គ្មានខុសអ្វីទេ ហើយនៅក្នុងរដ្ឋធម្មនុញ្ញ ក៏មិនបានហាមឃាត់ មិនឲ្យធ្វើការតស៊ូមតិ តវ៉ាក្នុងរូប ភាព អហិង្សាបែបនេះដែរ ។

 យុវជនកែវ សុវណ្ណឫទ្ធិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ថា “សម្រាប់រឿងនេះ មិន ទាន់មានដំណោះស្រាយណាមួយមកលើពួកខ្ញុំទេ ហើយដូចឃើញនៅក្នុងវីដេអូ មានការចាប់ខ្ញុំទាំងកំរោល មិន បានសុំអញ្ជើញត្រឹមត្រូវ ឬសុំសិទ្ធិខ្ញុំទេ គាត់មកដល់ ចាប់ខ្ញុំយកតែម្ដង ដោយគាត់លើកហេតុផលថា ការលើ កបដាហ្នឹង គឺខុសច្បាប់ ហើយខ្ញុំគិតថា ដូចជាមិនខុសទេ ព្រោះសិទ្ធិបុគ្គល សិទ្ធិមនុស្ស ដែលប្រជាជននៅកម្ពុជា មានសិទ្ធិសេរីភាពស្មើៗគ្នា ហើយយោងតាមរដ្ឋធម្មនុញ្ញដែលបានចែង គឺខ្ញុំបាននិយាយប្រាប់គាត់អ៊ីចឹង ពេលទៅ ដល់សាលាខណ្ឌ ហើយខាងខណ្ឌ ខាងអាជ្ញាធរហ្នឹង បានឲ្យខ្ញុំធ្វើកិច្ចសន្យា ប៉ុន្តែខ្ញុំមិនបានធ្វើកិច្ចសន្យាជាមួយ គាត់ទេ ព្រោះដោយសារគាត់ធ្វើកិច្ចសន្យាហ្នឹង គឺបិទសិទ្ធិរបស់ខ្ញុំ មិនឲ្យខ្ញុំតវ៉ានៅមុខក្រសួងអប់រំ យុវជន និង កីឡា ។ អ៊ីចឹងខ្ញុំមិនធ្វើកិច្ចសន្យាជាមួយគាត់ទេ ខ្ញុំប្រកាន់គោលជំហរខ្ញុំដដែល គឺខ្ញុំនៅតែធ្វើរៀងរាល់ថ្ងៃចន្ទនៅ មុខក្រសួងអប់រំ លុះត្រាតែមានដំណោះសា្រយ ផ្ដល់យុត្តិធម៌ដល់ខ្ញុំ ទើបខ្ញុំឈប់ធ្វើ ព្រោះកាលខ្ញុំប្រលងហ្នឹង គឺគោលបំណងខ្ញុំចង់ក្លាយជាគ្រូបង្រៀនអប់រំកាយម្នាក់ តែមកដល់ពេលនេះ ខ្ញុំមិនទាន់បានសម្រេច ក្ដីបំណង នេះនៅឡើយ ហើយអាចនឹងរលាយសូន្យ ដូច្នេះខ្ញុំត្រូវតែតវ៉ារកយុត្តិធម៌“ ។

 យុវជនកែវ សុវណ្ណឫទ្ធិ បន្តថា “ជាចុងក្រោយ ខ្ញុំសូមសំណូមពរទៅដល់ឯកឧត្ដមហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្រ្តីថ្មីហ្នឹង សូមឲ្យគាត់ជួយមើលកូនចៅផង ជួយផ្ដល់ក្ដីសង្ឃឹមដល់ពួកខ្ញុំផង និងឯកឧត្ដម ហង់ជួន ណារ៉ុន ជួយមើលដល់ពួកខ្ញុំផងថា មូលហេតុជុំវិញរឿងហ្នឹង តើមានអ្វីកើតឡើង? តើអាចប៉ះពាល់ទៅដល់ក្រសួងអប់រំ ឬទេ? គោលបំណងខ្ញុំ គឺមិនចង់ធ្វើឲ្យប៉ះពាល់ដល់ក្រសួងអប់រំទេ តាំងពីដំបូងឡើយ គឺខ្ញុំដាក់ពាក្យទៅក្រសួង អប់រំ រហូត ប៉ុន្តែគ្មានការឆ្លើយតប ខ្ញុំសម្រេចចិត្តថានឹងធ្វើបង្ហាញទៅបណ្ដាញសង្គម ឲ្យសង្គមជួយស្ថាបនា“ ។ទោះបីយ៉ាងណា ជុំវិញការចោទប្រកាន់របស់យុវជនខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការអធិប្បាយ បំភ្លឺពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងពីខាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌដូនពេញ បានទេ កាលពីម្សិលមិញ ៕ កុលបុត្រ  

RELATED ARTICLES