កំពង់ឆ្នាំង ៖ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ នៅតែបន្តការ តវ៉ាជាមួយនឹងកងទ័ពឈរជើងការពារព្រលានយន្តហោះ ដែលកំពុងធ្វើសកម្មភាពសាងសង់របង ក្រវាត់ព្រំដីព្រលាន តាមព្រះរាជក្រឹត្យ និងផែន ការរបស់ក្រសួងការពារជាតិ។

លោករស់ ឆោម ហៅក្អាត់ ដែលអះអាងជាតំណាងប្រជាពលរដ្ឋ បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ដីពួក គាត់រស់នៅជាយូរណាស់មកហើយ មានផ្ទះសម្បែង និងដីសម្រាប់បង្កបង្កើនផល គឺធ្វើស្រែជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅពេលថ្មីៗនេះ កងទ័ពការពារព្រលានយន្តហោះ បានចាប់ផ្តើមធ្វើរបងចូលដីដែលគាត់កំពុងរស់នៅ និងដីដែលពួកគាត់កំពុងតែធ្វើស្រែ ជាហេតុធ្វើឱ្យពួកគាត់រងគ្រោះបាត់បង់ដីស្រែ និងដីលំនៅឋានរបស់ពួកគាត់ ពិតជាជួបការលំបាកយ៉ាងខ្លាំង។ ដោយហេតុនេះហើយ ពួកគាត់សូមអង្វរដល់មេបញ្ជាការកងទ័ពអាកាស ក៏ដូចជាអាជ្ញាធរដែនដី មេត្តាអធ្យាអាស្រ័យ កាត់ឆ្វៀលដីរបស់ពួកគាត់ ជូនពួកគាត់វិញផង ព្រោះពួកគាត់ មិនដឹងទៅរស់នៅទីណានោះទេ។

ទាក់ទងនឹងបញ្ហាខាងលើនេះ លោកកែវ វ៉ាន់ដេត មេបញ្ជាការព្រលានយន្តហោះខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ប្រាប់ថា ការធ្វើរបងនេះ គឺតាមការណែនាំរបស់ក្រសួងការពារជាតិ ដែលមានផ្ទៃដីទំហំ ១៤១៥ហិកតារ។ ផ្ទៃដីទំហំនេះ គឺជាដីព្រះរាជក្រឹត្យ ឡាយព្រហស្តលេខាដោយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាទុកជាដីសម្រាប់សាងសង់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង។

លោកមេបញ្ជាការព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង បានបន្តថា ហើយផ្ទៃដីខាងលើនេះដែរ គឺជាដីកាត់ ចេញ ពីដីដែលរាជរដ្ឋាភិបាល បង្កើតតំបន់សហគ្រាសសេរី ដែលមានព្រះរាជក្រឹត្យ លេខ នស/រកត/១២ ៩៦/៩១ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩៦ មានទំហំសរុបរហូតដល់ ១៩៨៨៤ហិកតារឯណោះ។

លោកកែវ វ៉ាន់ដេត ក៏បានបញ្ជាក់ទៀតថា ការធ្វើរបងនេះ បើប៉ះផ្លូវ ឬចំផ្ទះបងប្អូនប្រជាពលរដ្ឋ គឺធ្វើរំលងរបង ឬផ្ទះ ដោយទុកច្រកចេញចូលដែរ តែប្រជាពលរដ្ឋទាំងនោះ មិនមានការតវ៉ាទេ គឺតវ៉ាតែប្រជាពលរដ្ឋអ្នកក្នុង ភូមិទៅវិញទេ ដែលទាមទារកាត់ឆ្វៀលដី មួយភូមិប៉ាតឡាង តែម្តង។ ចំណែកការធ្វើរបងនេះ នៅសល់តែប្រវែង ១៨៨២ម៉ែត្រទៀតគឺរួចរាល់ហើយ។

លោកក៏បានស្នើសុំឱ្យប្រជាពលរដ្ឋឱ្យបញ្ឈប់ការតវ៉ានេះទៅ ដោយសារតែដីដែលធ្វើរបងនេះ គឺធ្វើតាមព្រះរាជ ក្រឹត្យ ដែលបានកាត់ចេញរួចហើយ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យនិងកុំបង្ក ឱ្យមានបញ្ហាណាមួយកើតឡើង៕
