Friday, June 27, 2025
Homeព័ត៌មានជាតិចម្លាក់តោថ្ម៦ អ្នកស្រុកប្រគល់ជូនមន្ទីរវប្បធម៌

ចម្លាក់តោថ្ម៦ អ្នកស្រុកប្រគល់ជូនមន្ទីរវប្បធម៌

ខេត្តកំពង់ស្ពឺ ៖ លោកស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមពិធីប្រគល់-ទទួលបដិមាតោថ្ម ចំនួន៦ ដែលស្ថិតនៅភូមិចម្ការហ្លួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ។

យោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បដិមាតោថ្ម ទាំង៦នេះ តាមការវាយតម្លៃពីមន្ត្រី ជំនាញ បានសន្និដ្ឋានបឋម លើចំណុចចំនួន២ គឺ ៖ ទី១-សិល្បៈចម្លាក់បដិមាតោនេះ ប្រហែលស្ថិតក្នុងសម័យ ក្រោយអង្គរ (សម័យកណ្តាល អំឡុងសតវត្សរ៍ទី១៦) ជាសម័យកាលដែលជាងចម្លាក់និយមតែចម្លាក់ឈើ មិនសូវនិយមចម្លាក់ថ្ម ហើយចម្លាក់តោថ្មដែលដាក់លម្អតាមខ្លោងទ្វារចូលផ្ទះ វត្ត ចេតិយ ដែលបន្សល់មក តិចតួច គឺជាចម្លាក់បដិមាតោយកតាមគំរូនៃសិល្បៈសម័យមុនអង្គរ។ ទី២- បដិមាតោថ្ម ទាំង៦នេះ ប្រហែល ជាសិល្បៈចម្លាក់ ស្ថិតក្នុងរចនាបថបាយ័ន ប៉ុន្តែបើតាមស្ថានភាពនៃទម្រង់សិល្បៈចម្លាក់ទាំងនេះ ភាគច្រើន អាចជាស្នាដៃនៃសិល្បៈចម្លាក់បែបជនបទ ឬជាសិល្បៈចម្លាក់ដែលមានការវិវឌ្ឍបន្តពេល ក្រោយៗមកទៀត ដែលមើលទៅមិនមានក្បាច់លម្អតាមសិល្បៈចម្លាក់ដើម។

បដិមាតោថ្ម ទាំង៦ ត្រូវលោក ទិត ភុំ និងក្រុមគ្រួសារ បានរក្សាទុកជាច្រើនឆ្នាំមកហើយ។ ដោយសារតែ លោកនិងក្រុមគ្រួសារ មានបំណងប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រក្សាទុកជាបេតិកភណ្ឌវប្បធម៌ជាតិ ទើបក្រុមការងាររបស់មន្ទីរ បានទៅធ្វើពិធី-ប្រគល់ទទួល ដើម្បីយកមករក្សាទុកនៅមន្ទីរវប្ប ធម៌និងវិចិត្រ សិល្បៈខេត្ត។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានថ្លែងកោតសរសើរ និងអរគុណជូន ចំពោះ អាជ្ញាធរដែនដី ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ មន្ទីរ ជាពិសេសប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណ ឬវត្ថុសិល្បៈនានា មកអាជ្ញាធរ មន្ទីរជំនាញ ដើម្បីយកមកថែរក្សា ការពារ និងអភិរក្ស ទុកបន្តឱ្យកូនចៅជំនាន់ ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕

RELATED ARTICLES