Friday, June 27, 2025
Homeព័ត៌មានជាតិរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តសិស្ស ជាប់បាក់ឌុប ចាប់ជំនាញ បច្ចេកវិទ្យាឌីជីថល

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តសិស្ស ជាប់បាក់ឌុប ចាប់ជំនាញ បច្ចេកវិទ្យាឌីជីថល

ភ្នំពេញ ៖ លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញលិខិតមួយ ដោយលើក ទឹកចិត្តដល់ សិស្សានុសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចាប់យកជំនាញបច្ចេក វិទ្យាឌីជីថល។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការលើកទឹកចិត្តដល់សិស្សានុសិស្ស ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល បានបញ្ជាក់ថា លោករដ្ឋមន្ត្រី ជា វ៉ាន់ដែត បានលើកឡើងថា តាងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកសូមជូនពរដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលប្រពឹត្ត្រទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យា បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្តល់សេវាសាធារណៈ និងសេវា ផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ត្រី បញ្ជាក់ថា «ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗ សិស្សានុ សិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូម ពិចារណាចាប់យកការសិក្សាលើ ជំនាញ បច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អ ដែលមានប្រាក់ចំណូលខ្ពស់ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាលសេដ្ឋកិច្ច និងសង្គមឌីជីថល។ បន្ថែមពីលើនេះ ក្មួយៗអាចទទួលបានឱកាស សិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រ លើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូប ករណ៍ និងកម្ចីថវិកាសិក្សាជាដើម»។

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី សូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ទទួលបានជោគជ័យ និងសង្ឃឹម ជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ ក្មួយៗនឹងចូលរួមចំណែក អភិវឌ្ឍព្រះរា ជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យ ឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES