ភ្នំពេញ ៖ អាជ្ញាធរអប្សរា បានចេញសេចក្តីជូនដំណឹងស្តីពីករណីនារីទេសចរបរទេសម្នាក់ និង ក្រុមការងារ ដែលថតវីដេអូនៅប្រាសាទអង្គរវត្ត អមដោយភ្លេង និងរូបភាពកាត់តបញ្ចូលផ្សេងៗ ក្នុងគោលបំណងមិនល្អ ដែលនាំឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។

សេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែល មានបំណងថតសម្លៀកបំពាក់ច្នៃប្រឌិតជាមួយនឹងសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមក ភ្នាក់ងារទេសចរណ៍ ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យ លុបចោលរូបភាពមួយចំនួនផ្សេងៗទៀត ដែលមានលក្ខណៈ មិនសមស្រប។ ជាយថាហេតុសមាជិកនៅក្នុង ក្រុមនោះ ដែលបានប្រើប្រាស់ទូរស័ព្ទដៃ ជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំង ហើយប្រើប្រាស់រូបភាព មួយចំនួន ទាំងក្នុងនិងក្រៅប្រាសាទ យកមកកាត់តបញ្ចូលគ្នាទាំងសំឡេងនិងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយ ក្នុងគោលបំណងមិនល្អ។
សេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា មានខ្លឹមសារទាំងស្រុងថា «អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូម ជម្រាបសាធារណជន មេត្តាជ្រាបថា ថ្មីៗនេះមានការចែករំលែកក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនូវវី ដេអូខ្លី ថតនៅប្រាសាទអង្គរវត្ត អមដោយភ្លេងនិងរូបភាពកាត់តបញ្ចូលផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌ ដ៏ផូរផង់របស់កម្ពុជា។ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូននូវករណីនេះ ដូចខាងក្រោម ៖

១- កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានហាមឃាត់ អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ច្នៃប្រឌិត ជាមួយនឹងសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឲ្យប្រើប្រាស់សម្ភារៈមួយចំនួនមក ភ្នាក់ងារ ទេសចរណ៍ ក៏បានតាមពិនិត្យនិងបាន ស្នើសុំឱ្យ លុបចោលរូបភាពមួយចំនួនផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្រប។ ជាយថាហេតុ សមាជិកនៅក្នុង ក្រុមនោះដែលបានប្រើប្រាស់ទូរស័ព្ទដៃ ជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំង ហើយប្រើប្រាស់ រូបភាព មួយចំនួន ទាំងក្នុងនិងក្រៅប្រាសាទ យកមកកាត់តបញ្ចូលគ្នា ទាំងសំឡេងនិងរូបភាពផ្សេងៗ ដើម្បីផ្សព្វ ផ្សាយក្នុងគោលបំណងមិនល្អ។
២- ដោយសកម្មភាពជាវីដេអូឃ្លីប មានលក្ខណៈញុះញង់ក្នុងសង្គម អាជ្ញាធរជាតិអប្សរា បានស្នើសុំក្រុម ហ៊ុនបណ្តាញសង្គម TikTok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់ សាធារណជនទាំងអស់ សូមមេត្តាកុំចូលរួមចែករំលែកបន្ត ពីព្រោះជាការគាំទ្រនូវការញុះញង់ ដល់សកម្មភាពអវិជ្ជមានទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមអភ័យទោស ចំពោះការខ្វះខាតមួយចំនួនដែល កើតមានឡើងជាយ ថាហេតុ ហើយប្តេជ្ញានឹងពង្រឹងកិច្ច ការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីយដ្ឋានអង្គរ បន្ថែមទៀត។

៣- អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះស្មារតីចូលរួមរបស់សាធារណមតិទាំងអស់ ដែលបានរួមចំណែកជួយទប់ស្កាត់នូវករណីអវិជ្ជមាននានា ដែលកើតមានឡើងក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបអំពីបញ្ហាដែលបានកើតឡើងខាងលើ»៕