Thursday, April 30, 2026
Homeសន្ដិសុខសង្គមកម្ចាត់អំពើពុករលួយ ចិន បោសម្អាតទាំងខ្លា និងរុយ កម្ពុជា ទាំងមេមាន់ និងកូនមាន់

កម្ចាត់អំពើពុករលួយ ចិន បោសម្អាតទាំងខ្លា និងរុយ កម្ពុជា ទាំងមេមាន់ និងកូនមាន់

ភ្នំពេញ ៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកនយោបាយក្រៅរដ្ឋាភិបាល បានលើកឡើងពីទស្សនៈកម្ចាត់អំពើពុករលួយ របស់ចិន «ត្រូវបោសសម្អាតទាំងខ្លា និងរុយ» ចំណែកកម្ពុជា «បោសម្អាតមេមាន់ និងកូនមាន់» ។ ក្នុងនោះ អ្នកជំនាញមើលឃើញថា “មេមាន់ និងកូនមាន់” ត្រូវបានចាក់ជា្របចូលនៅក្នុងស្ថាប័ន ។ ចំណែកអ្នកនយោបាយ យល់ថា អំពើពុករលួយនៅកម្ពុជា អាចប្រើពាក្យមួយទៀត គឺ “មូស និងរុយ” ដែលមូស ទោះបើដឹងថា គេដេកចងមុង ឬមិនចងមុង ក៏នៅតែរកវិធីទៅខាំបឺតឈាមគេ រីឯរុយ ទោះដឹងថា កន្លែងនោះ ស្អុយគម្រក់ហើយ ក៏នៅតែទៅរោម ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ថា “ទស្សនៈកម្ចាត់អំពើពុករលួយ របស់លោក ស៊ី ជីនពីង គឺ «ត្រូវបោសសម្អាតទាំងខ្លា និងទាំងរុយ» រីឯនៅកម្ពុជាយើង ហៅថា «មេមាន់ និងកូនមាន់»? “ ។

លោកបណ្ឌិត យង់ ពៅ សុំមិនធ្វើការបកស្រាយពន្យល់បន្ថែមលើអ្វីដែលលោកបានលើកឡើងតាមបណ្ដាញសង្គម ខាងលើនេះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា មិនអាចបកស្រាយបានទេ រឿង “មេមាន់ និងកូនមាន់” នេះ ។

ដោយឡែក លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប៉ “នគរធំ” នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ថា  នៅក្នុងការប្រៀបធៀបអត្ថប្បដិរូប ក្រៅពីពាក្យ “ខ្លា និងរុយ” និង “មេមាន់ និងកូនមាន់” អាចប្រើពាក្យមួយទៀត គឺ “មូស និងរុយ” ដែលមូស ទោះបើដឹងថា គេដេកចងមុង ឬមិនចងមុង ក៏នៅតែរកវិធីទៅខាំបឺតឈាមគេ។ រីឯរុយ ទោះដឹងថា កន្លែងនោះ ស្អុយគម្រក់ហើយក៏ដោយ ក៏នៅតែទៅរោម ។ ជារួម ដើម្បីបំបាត់អំពើពុករលួយ ត្រូវអនុវត្តជាក់ស្ដែង ទី១ ច្បាប់ ទី២ អត់មានការអត់ឱន ស្ដង់ដារពីរ ក្រុមអញ ក្រុមឯង ដើម្បីបំបាក់នូវនិន្នាការ ឬក៏ភាគីណាដែលផ្ទុយទៅនឹងគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។ ជាពិសេសត្រូវបោស សម្អាតពីលើ ចុះមកក្រោម ហើយអ្នកតូច ត្រូវមើលអ្នកធំ បើអ្នកធំ របៀបពុករលួយ ទុច្ចរិត ទន្សោង គោព្រៃ តូចស៊ីតាមអាតូច ធំស៊ីតាមអាធំ ប្រទេសជាតិ នឹងរលត់រលាយមិនខាន ។

 លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា វិធីបំបាត់អំពើពុករលួយ ទាំងពីរហ្នឹង អត្ថន័យពីរ ប៉ុន្តែថែមអត្ថន័យមួយទៀត គឺ “មូស ហើយនិងរុយ” ។ មូស និងរុយ យើងឃើញហើយ មូស បើដឹងថា គេដេកចងមុង ឬមិនចងមុងអី ដឹងថាកាលណាទៅខាំបឺតញើសឈាមគេ ដឹងតែគេទះ គេវ៉ៃឲ្យវាងាប់ ហើយរុយ ដឹងថា អាកន្លែងហ្នឹងវាស្អុយគម្រក់ ហើយនៅតែទៅរោម ទៅអី ។ គម្រក់ សម្អុយ សំរាម ក្លិនឆ្អេះឆ្អាបហ្នឹង គឺរុយរោមហើយ ។ អ៊ីចឹងបើយើងប្រៀបធៀបជាបដិរូប អំពើពុករលួយហ្នឹង គឺថា មនុស្សកេងប្រវ័ញ្ច បឺតញើសឈាមគេ គាបសង្កត់គេ ដោយល្បិចទុច្ចរិត ខូចខិល អាត្មានិយម សួនតួ អត្តទត្ថបុគ្គល ចង់អ្នកណាងាប់ម៉េច ងាប់ទៅ ក្នុងសង្គមជាតិ មិនខ្វល់ មានន័យថា បំផ្លាញជាតិផង បំផ្លាញគេឯងផង ជិះជាន់គេ ដើម្បីតែអាត្មានិយមនៃបុគ្គលខ្លួនឯង ក្រុមគ្រួសារ បក្ខពួក មិនមែនជាប្រយោជន៍នៃសង្គមជាតិ និងប្រយោជន៍នៃប្រជារាស្រ្ត សមូហភាពទេ វាទៅជាកេងប្រវ័ញជាតិ និងប្រយោជន៍សុចរិត ទៅជាទុច្ចរិត ដើម្បីរស់ ដើម្បីមានបាន ។ អ៊ីចឹងហើយ ការបែកបាក់សង្គម ការស្អប់គ្នា ការបែងចែកវណ្ណៈ ពណ៌សម្បុរ អ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ វាចេញពីអំពើពុករលួយហ្នឹង ។ អ៊ីចឹងដូចជាអ្នកខ្លះគាត់លើកថា ត្រូវបោសសម្អាតទាំងខ្លា ទាំងរុយ យើងដឹងហើយ ចុះពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម បក្ខពួកអីហ្នឹង គាប កេងប្រវ័ញ្ចអីអ៊ីចឹង អាហ្នឹងទី១ ហើយមេមាន់ និងកូនមាន់ គឺវាមិនខុសគ្នាទេ គឺថា មេមាន់ តែងតែការពារក្រុងកូនមាន់ ប៉ុន្តែយើងប្រៀបធៀប គឺថា បើនិយាយអំពីជីវិតជាគុណធម៌នៃសត្វ វាខុសអំពីជីវិតជាមេដឹកនាំ ជីវិតជាអ្នកកាង ជីវិតដែលរួមដៃគ្នា នៅក្នុងទង្វើខូច ទង្វើទុច្ចរិត ទង្វើអបាយមុខ បាបកម្ម ប្រទេសលិចលង់ រីកចម្រើន ហិនហោចទ្រព្យសម្បត្តិ ធនធានជាតិយ៉ាងម៉េចក៏ដោយ ក៏អត់ខ្វល់ គឺក្រៅតែពីក្រុមអញ បក្ខពួកអញ អញជួយឯង ឯងជួយអញ ។ បើអ៊ីចឹងយើងទៅប្រៀបមេមាន់ និងកូនមាន់ វាខុសគ្នារវាងអត្ថប្បដិរូបនៃសង្គមមនុស្សទុច្ចរិត ហើយទៅនឹងមាន់ គ្នាគ្រាន់តែជាសត្វគ្មានសតិសម្បជញ្ញៈ វិចារណញ្ញាណ ក្រៅតែពីក្រុងកូន ខ្លាចលោឥន្រ្ទី ខ្លាចលោក្អែក ឬក៏សត្វផ្សេងៗ ទីទុយ មកចឹកកូន ចេះក្រុងការពារបែបធម្មជាតិទេ អ៊ីចឹងប្រៀបធៀបមិនចំទេ បើជាមូស ជារុយ ជាខ្លាអីហ្នឹង គឺវាអាចត្រឹមត្រូវ“ ។

 លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ ខ្ញុំថា ដើម្បីបំបាត់អំពើពុករលួយ គឺត្រូវអនុវត្តជាក់ស្ដែង ទី១ ច្បាប់ ទី២ អត់មានការអត់ឱន ស្ដង់ដារពីរ ក្រុមអញ ទៅធ្វើទៅ ឯងជួយអញ អញជួយឯង ដើម្បីបក្ខ ដើម្បីពួក ដើម្បីបំបាក់នូវនិន្នាការ ឬក៏ភាគីណាដែលផ្ទុយទៅនឹងគោលការណ៍ប្រជាធិបតេយ្យ និងការគោរ ពសិទ្ធិមនុស្ស ។ អាហ្នឹងហើយ ជាអំពើបាប ជាបាបកម្ម ទោះយូរ ទោះឆាប់ វាគង់តែអន្តរាយ ព្រោះជាទង្វើអត់សុចរិត អត់តម្លាភាព អត់មានគណនេយ្យភាព ។ អ៊ីចឹងហើយខ្ញុំមើលឃើញថា យើងត្រូវបោសសម្អាតពីលើ ចុះមកក្រោម ដូចយើងបោសផ្ទះអ៊ីចឹង ចង់រៀបចំផ្ទះ គឺថាយើងបោសសម្បុកពីងពាង នៅតាមជញ្ជាំង តាមដំបូល ពិតានអីហ្នឹង ទម្លាក់មក រួចហើយចាំយើងសម្អាតពីក្រោមអ៊ីចឹងទៅ។ ហើយការអនុវត្តច្បាប់ គឺអ្នកតូច មើលអ្នកធំ បើអ្នកធំ របៀបពុករលួយ ទុច្ចរិត ទន្សោង គោព្រៃ អាតូចស៊ីតាមអាតូច អាធំស៊ីតាមអាធំ គឺប្រទេសជាតិ នឹងរលត់រលាយ កិត្តិយស កេរ្តិ៍ឈ្មោះនឹងអាប់ឱន វិបត្តិសេដ្ឋកិច្ច និងចំណូលថវិកាជាតិ ហើយមនុស្សគឺថា អត់គោរពច្បាប់ យកអំណាច យកលុយ ដើម្បីទិញច្បាប់ អង្គុយពីលើ អាហ្នឹងគឺអត់បានទេ គឺច្បាប់នៅពីលើអ្នកណាទាំងអស់ ដើម្បីអនុវត្ត គឺគ្មានការលើកលែង អត់ឱន អនុវត្តច្បាប់គ្មានស្ដង់ដារពីរ បំបាត់អំពើពុករលួយ ហើយមនុស្សដែលធ្វើការជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរ ក៏ដូចប្រជាពលរដ្ឋ ត្រូវយល់ដឹងពីច្បាប់ ពីអំពើពុករលួយ មានស្មារតីជាតិ ហើយនិងបង្កើតនូវវប្បធម៌មិនជិះជាន់ មិនកេងប្រវ័ញ្ច មិនបំភិតបំភ័យដើម្បីតែម្ខាង នៃសមូហភាព គឺថាយើងយកបុណ្យ យកបាប កាន់សាសនាព្រះពុទ្ធ ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានលុយក៏ដោយ ប៉ុន្តែវានៅអន្តរាយ ដោយសារអបាយមុខ ទុច្ចរិត លោភៈ ទោសៈ មោហៈ វាបែកបាក់ជាតិ វាខ្ទេចខ្ទីនៃសេដ្ឋកិច្ចជាតិ និងការដឹកនាំបែបអនាធិបតេយ្យ ការិយាធិបតេយ្យ អាហ្នឹងហើយដែលធ្វើឲ្យជាតិមិនរីកចម្រើន មិនទៅមុខ ហើយប្រទេសនឹងទន់ខ្សោយ អាហ្នឹងវាប៉ះពាល់ទៅដល់នយោបាយការទូត ប៉ះពាល់ទៅដល់ជំនឿជឿជាក់ ទំនុកចិត្តនៃច្បាប់ អ្នកវិនិយោគទុន និងភ្ញៀវទេសចរណ៍បរទេស គេមកឃើញយើងពុករ លួយ ឃើញយើងមិនអនុវត្តច្បាប់ មិនយកច្បាប់ជាធំ យកអំណាចធំជាងច្បាប់ បង្កើតបក្ខ បង្កើតពួក បង្កើតនូវអស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ គ្មានការធានាសុវត្ថិភាពដល់ការវិនិយោគទុន ទេសចរណ៍អីៗហ្នឹង គឺថា សហគមន៍អន្តរជាតិ គេមើលឃើញពីប្រទេសជាតិយើង បាត់បង់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ មិនអនុវត្តច្បាប់ ។ អ៊ីចឹងអាហ្នឹងហើយ ដែលយើងអន់ថយផ្នែកសេដ្ឋកិច្ច ផ្នែកដឹកនាំប្រទេស គ្មានសណ្ដាប់ធ្នាប់ របៀបរៀបរយ នូវអភិបាលកិច្ចល្អ និងកំណែទម្រង់រដ្ឋបាលសាធារណៈ អាហ្នឹងគឺថាយើងអត់អាចទទួលយកបានទេ“ ៕ កុលបុត្រ

RELATED ARTICLES