ខេត្តកំពង់ឆ្នាំង ៖ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែននៅក្នុងមន្ទីរឃុំឃាំង ជនជាប់ឃុំ ចំនួន៤៨នាក់ ត្រូវបានធ្វើការផ្ទេរចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

យោងតាមប្រភពអគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ថា ទណ្ឌិត ចំនួន៤៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកំពង់ឆ្នាំង ទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ដើម្បីរំដោះភាពចង្អៀតណែន ។

អគ្គនាយកដ្ឋានពន្ធនាគារ បានបន្តថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំ ចំនួន ៤៨នាក់ ពីពន្ធនាគារខេត្តកំ ពង់ឆ្នាំង ទៅឃុំបន្តនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដើម្បីរំដោះភាពចង្អៀតណែន។

ការផ្ទេរនេះ ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កែវ វិចិត្រ ប្រធានការិយាល័យការពារ តំណាងលោកប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីជំនាញ ប្រកបដោយសុវត្ថិភាព៕

