ខេត្តកំពង់ឆ្នាំង ៖ ភ្លៀងនិងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យដើមឈើ ខ្លោងទ្វារសង្ក្រាន្ត ផ្ទះប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង បានដួលរលំ របើកដំបូល និងដាច់ចរន្តអគ្គិសនី កាលពីវេលាម៉ោង០៤និង១០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

លោកហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានស្រង់របាយការណ៍បឋមថា នៅពេលវេលាខាងលើមានភ្លៀង និងខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងផ្ទះប្រជាពលរដ្ឋ ដូចជានៅសួនសម្តេចចៅហ្វ៊ាវាំង គង់ សំអុល ក្នុងសង្កាត់ប្អេរ រលំដើមឈើ ១ដើម និងទ្រេត៤ដើម។ នៅមុខមន្ទីរគណបក្សខេត្ត រលំដើមឈើ ១ដើម។ នៅមុខមន្ទីរសាធារណការខេត្ត រលំដើមឈើ ១ដើម សង្កត់បង្គោលភ្លើង ២ដើម និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងខូចខាតតូបលក់បាយ ១ខ្នង។ នៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បាក់ រលំខ្លោងទ្វារសង្ក្រាន្តឆ្នាំថ្មី និងគ្រោងដែកលម្អតំបន់ត្រជាក់ សង្កត់លើរថយន្ត ១គ្រឿង បណ្តាលឱ្យខូចខាតស្រា ល។ របើកដំបូលផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ផ្សារឆ្នាំង ចំនួន៦ខ្នង ក្នុងនោះ ៣ខ្នង ប្រក់ដំបូលស៊ីប្រូ និងក្បឿង ៣ខ្នង រលំដើមស្វាយ ៣ដើម និងខូចខាតសម្ភារៈនៅមុខផ្ទះមួយចំនួន របើកដំបូលសំយាបស័ង្កសីផ្ទះ មួយខ្នង ទំហំ ២ម៉ែត្រ គុណនឹង ៤ម៉ែត្រ និងរបើករបងស័ង្កសី ប្រវែង៦ម៉ែត្រ។

ក្នុងករណីខាងលើ មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ។ ក្រោយកើតហេតុ អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការ កងកម្លាំង ចុះសម្រួលចរាចរណ៍ ដោយទាញដើមឈើ និងខ្លោងទ្វារសង្ក្រាន្ត ដាក់ឱ្យទៅម្ខាងផ្លូវ ដើម្បីបើកដំណើរការឡើងវិញ។ ចំណែកផ្នែកអគ្គិសនី ក៏បានទាញដើមឈើចេញ តភ្ជាប់ចរន្តឡើងវិញ។សូមបញ្ជាក់ថា នៅរសៀលដដែលនេះ នៅខាងស្រុករលាប្អៀរ ក៏មានការខូចខាតច្រើនណាស់ដែរ ប៉ុន្តែមិនទាន់ទទួលរបាយការណ៍នៅឡើយ៕




