Wednesday, June 18, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា មានអ្នកនាំពាក្យពិសេស

តន់ ច័ន្ទសីម៉ា មានអ្នកនាំពាក្យពិសេស

ភ្នំពេញ ៖ តន់ ច័ន្ទសីម៉ា មិនដែលលើកទូរស័ព្ទ ឬសម្ភាសន៍ជាមួយអ្នកកាសែតឡើយ តាំងពីនាងឡើងកូដ ជិត៦ឆ្នាំមកនេះ ពោលគឺខុសពីតារាល្បីៗផ្សេងទៀត ។ នេះជាការប្រែប្រួលធំបំផុតរបស់សីម៉ា ខណៈដែលតាមព័ត មានថា ស្រីស្រស់រូបនេះ ប្រគល់កិច្ចការឆ្លងឆ្លើយទាក់ទងការងារផ្សេងៗ ទៅអ្នកនាំពាក្យរបស់នាងម្នាក់ ដែលម្នាក់នោះបានដើរតួនាទីប្រៀបដូចជាជំនួយការផង ទីប្រឹក្សាផង ។ ប្រភពបានឲ្យដឹងថា មិនមែនតែសីម៉ា ម្នាក់នោះទេ ដែលរៀបចំខ្លួនឲ្យដូចតារាល្បីៗនៅប្រទេសជិតខាង តាមរយៈការមានជំនួយការផ្ទាល់ខ្លួនបែបនេះ តែសឹងទាំងអស់ទៅហើយ ដែលតារាជូរមុខរបស់ Galaxy ធ្វើបែបនេះ ។

អ្នកស្រី យឹម សុជាតា អ្នកចាត់ការទូទៅរបស់ Galaxy មិនចង់ឆ្លើយសំណួរទាក់ទងតារាណាមួយ ពីបញ្ហារបស់ពួកគេ ដែលអ្នកសារព័តមានចង់ដឹងនោះទេ បើទោះជាតួនាទីរបស់អ្នកស្រី ក្ដោបលើតារាផលិតកម្មនេះទាំងមូល ក្ដី ដោយអះអាងថា តារាល្បីៗទាំងនោះ ពិតជាមានអ្នកចាំឆ្លើយសំណួរទាំងឡាយ រៀងៗខ្លួនមែន ។ ប៉ុន្ដែអ្នកស្រីសុជាតា នឹងឆ្លើយសំណួរខ្លះដែលទាក់ទងផលិតកម្ម ជាជាងសំដៅដល់តារា។

 ប្រភពបានឲ្យដឹងថា ការមានជំនួយការរបស់តារាល្បីៗទាំងនេះ មិនមែនជារឿងចម្លែកទេ ព្រោះតួនាទីនេះ ក្រៅពីអាចធ្វើការជំនួសសាមីខ្លួន ពួកគេក៏ជាអ្នកកំណត់តម្លៃខ្លួនតារា ទាក់ទងការងារសិល្បៈផ្សេងៗ ចៀសវាងតារានិយាយថ្លៃផ្ទាល់ជាមួយអតិថិជន ពិបាកជាងទីប្រឹក្សាណែនាំ ។ យ៉ាងណា សម្រាប់ច័ន្ទសីម៉ា ពេលខ្លះនៅពេលជួបប្រថុចញ៉ុចជាមួយអ្នកកាសែត រូបនាងក៏មិនរត់គេចចេញពីសំណួរបែបស្រាលៗនោះទេ បើទោះជាមានអ្នកហែហមទាំងចុះនិងឡើងរថយន្ដក៏ដោយ ។

 តន់ ច័ន្ទសីម៉ា នៅតែជាតួឯកនៅ Galaxy តទៅទៀត នៅឆ្នាំទី៦ នេះបើទោះជាមាននាងហ៊ិន លីដា និងសុខុម រចនា ចូលមកនៅក្បែរក្លៀកដែរក្ដី តែថៅកែទុកចិត្តលើតែនាងម្នាក់ពោលគឺមិនឲ្យតារាស្រីផ្សេង ចាប់ដៃជាមួយតារាប្រុសជូរមុខរបស់ផលិតកម្មនេះ ក្រៅពីសីម៉ា ឡើយ ។ ប៉ុន្ដែភាពល្បីល្បាញរបស់សីម៉ា ហាក់ចុះខ្សោយជាងមុនបន្ដិច នារយៈពេលចុងក្រោយនេះ ព្រោះអត់សូវមានបទផ្ទុះ ទោះជាអតីតអ្នកចាត់ការទូទៅ Galaxy លោកយឹម តាស្រង់ ធ្លាប់អះអាងថា សីម៉ា បានទៅដល់ចំណុចកំពូលទៅហើយក្ដី ។ ដើម្បីឲ្យគេចាត់ទុក សីម៉ា ជាតារាស្រីលំដាប់ជើងខ្លាំងម្នាក់ ឬឈរក្នុងចំណាត់ថ្នាក់ Grade A នោះ Galaxy ថែមទាំងកំណត់តម្លៃខ្លួននាង ច្រៀង ១កម្មវិធី ស៊ីថ្លៃ ៥ពាន់ដុល្លារទៀតផង ទើបធ្វើឲ្យអ្នករៀបចំប្រគំតន្រ្ដី នៅក្រុមហ៊ុនផ្សេង ក្រៅពីផលិតកម្មនាងច្រៀង គ្មានលទ្ធភាពហៅនាងច្រៀង ថ្ងូរដូចព្រាប ខណៈអ្នកដឹកនាំតាមកម្មវិធីប្រគំតន្ត្រី តាមទូរទស្សន៍ មិនហ៊ានហៅនាងច្រៀង ជាង៥ឆ្នាំមកហើយ និងសំណូមពរឲ្យថៅកែផលិតកម្ម បញ្ចុះតម្លៃខ្លួន តន់ ច័ន្ទសីម៉ា ទៀតផង ។ ប៉ុន្តែបញ្ហានេះ ធ្លាប់ត្រូវបានអ្នកស្រីសុជាតា អះអាងថា មិនមែនមកពីតម្លៃខ្លួនមិនត្រូវគ្នា ធ្វើឲ្យសីម៉ា លែងឡើងប៉ុស្ដិ៍ទូរទស្សន៍នោះទេ តែមកពីនាងមមាញឹកការងារផលិតកម្ម ទើបមិនទាន់មានពេលគ្រប់គ្រាន់ ហើយនៅពេលនាងស្បើយពីការងារផលិតកម្ម នឹងចេញច្រៀងតាមប៉ុស្ដិ៍ធម្មតា ។

 សូមបញ្ជាក់ថា តន់ ច័ន្ទសីម៉ា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អំឡុងច្រៀងនៅហាងវីហ្វេ្រន នាងច្រៀង ១ខែ បានតម្លៃខ្លនត្រឹមតែ ៤៥០ដុល្លារ ឬច្រៀងមួយរាត្រីតម្លៃជាង ១០ដុល្លារប៉ុណ្ណោះ ។ ប៉ុន្ដែពេលឡើងកូដខ្លាំង នាងច្រៀង Concerts ធំម្ដង ស៊ីថ្លៃលើស ១០ដង ពីការច្រៀង ដល់ទៅ១ខែ កាលនាងមិន ទាន់ល្បី។ សីម៉ា បានផ្លាស់ប្ដូរពីការរស់នៅផ្ទះជួល តម្លៃ១ខែ ៦០ដុល្លារ មកមានផ្ទះប្រណិត តម្លៃរាប់ម៉ឺនដុល្លារ និងលែងជិះម៉ូតូកញ្ចាស់ ទៅច្រៀង មកជិះរថយន្ដទំនើប មានអ្នកបើកបរជូន ។ ការវិវឌ្ឍក្នុងអាជីពចម្រៀង របស់នាង ៦ឆ្នាំ ធ្វើឲ្យសីម៉ា ស្ថិតក្នុងចំណោមតារាមានចំណូលខ្ពស់ម្នាក់ នាពេលបច្ចុប្បន្ន តែស្រីស្រស់តូចតន់ អាយុ២៧ឆ្នាំ រូបនេះ នៅតែអះអាងថា អ្វីដែលនាងគ្មានដូចគេនោះគឺ «សង្សារ»។ ពេលខ្លះ សីម៉ា ថានាងត្រូវម្ដាយបង្ខំឲ្យយកប្ដី ប៉ុន្ដែនាងមិនដឹងថា កូនកំលោះ នៅឯណាឡើយ បើទោះជាកាលពីចុងឆ្នាំ២០២៤ មានឯក ឧត្តមហ្វេសបុកម្នាក់ ប្រកាសសារភាពស្នេហានាងជាសាធារណៈក៏ដោយ ៕

RELATED ARTICLES