Sunday, August 10, 2025
Homeព័ត៌មានជាតិព្រះសង្ឃ និងពុទ្ធបរិស័ទ រៀបចំពិធីបុណ្យ បង្សុកូលជូនវីរកងទ័ពពលី

ព្រះសង្ឃ និងពុទ្ធបរិស័ទ រៀបចំពិធីបុណ្យ បង្សុកូលជូនវីរកងទ័ពពលី

ភ្នំពេញ ៖ សាលាគណរាជធានីភ្នំពេញ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត វត្តបទុមវតីរាជវរារាម នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទ ជាង ១០០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងប្រគេនចង្ហាន់ព្រះសង្ឃ សមណសិស្ស ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហានថៃ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងមានការចូលរួមពីលោកស្រី កែ សួនសុភី សសុខា រួមទាំងមានព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទជាង ១០០០អង្គ/នាក់ ដែលបានប្រារព្ធនៅវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងពិធីនេះ ក៏មានការធ្វើនមស្ការព្រះរតនត្រ័យ និងសមាធិ ៣០នាទី, សមាទានសីល និងវេរភត្តាហារប្រគេនព្រះសង្ឃ សមណសិស្ស, ព្រះសង្ឃ បានធ្វើភត្តានុមោទនា បង្សុកូលប្រមូលបុណ្យកុសលឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ដើម្បីសេចក្តីសុខសន្តិភាព ស្ថិរ ភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរជាយូរអង្វែងតរៀងទៅ។

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រា សាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

ទាហានឈ្លានពានថៃ បានបើកការវាយប្រហារមកលើកម្ពុជា ជាច្រើនទីតាំង ដោយមានការប្រើប្រាស់អាវុធធន់ ធ្ងរ និងយន្តហោះចម្បាំង F-16 ទម្លាកគ្រាប់បែក គ្រាប់បែកចង្កោម និងបាញ់ផ្សែងពុលផងដែរ។ ទីតាំងទាំង នោះ រួមមាន ៖ តំបន់ភ្នំទ្រព្យ, តាថាវ, ភ្នំខ្មោច, អូរផ្កាស្នេហ៍, មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី, វត្តអារាម, មណ្ឌលសុខភាព, ភូមិឋានប្រជាពលរដ្ឋ និងប្រាសាទព្រះវិហារ ជាដើម។ ជាមួយគ្នានោះ ក្រោយការប្រយុទ្ធគ្នារយៈពេល ៥ថ្ងៃ សោកនាដកម្មបានកើតឡើង ដោយបានធ្វើឱ្យវីរកងទ័ពកម្ពុជា បានពលីជាច្រើននាក់ផងដែរ។

ជាមួយគ្នានោះ ក្រោយកិច្ចប្រជុំលើបទឈប់បាញ់ រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង ២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕

RELATED ARTICLES