ខេត្តស្ទឹងត្រែង ៖ ក្រុមអ្នកស្រាវជ្រាវ បានធ្វើកំណាយស្រាវជ្រាវ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹង ត្រែង រកឃើញផូស៊ីលដើមគគីរ ដែលកប់ក្នុងដី ដែលអាយុកាលចន្លោះពី ១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំរហូតក្លាយជាថ្ម មានប្រវែងប្រមាណ ៣០ម៉ែត្រ ឬវែងជាងនេះ ខណៈលទ្ធផលបឋម អ្នកជំនាញកំណាយបានប្រវែង ១៧.៥ម៉ែត្រហើយ។


លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថាដើមឈើនេះ កប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។


លោកប្រធានការិយាល័យ បញ្ជាក់ថា កិច្ចការកំណាយនេះ មានការចូលរួមសហការពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន។


ដោយឡែកតាមប្រភពរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ថា «កំណាយស្រាវ ជ្រាវផូស៊ីលដើមឈើថ្មនេះ ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ លទ្ធផលកំណាយពេលនេះ បានប្រវែង ១៧,៥ម៉ែត្រ ដែលដើមឈើថ្មនេះ អាចមានប្រវែងប្រហែល ២៥ម៉ែត្រ ឬវែងជាងនេះ ដោយការកំណាយមិនទាន់រួចរាល់នៅឡើយ។

តាមការបញ្ជាក់ពីមន្ត្រីជំនាញក្រសួងបរិស្ថាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផូស៊ីលដើមឈើដែលក្លាយជាថ្មនេះ មានអាយុកាលចន្លោះពី ១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ដែលកប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម ៕

