Thursday, September 11, 2025
Homeព័ត៌មានជាតិកូន​ប្រុស​ទាញ​កាំ​ភ្លើង​ច្នៃ បាញ់​ឪ​ចុង​ធ្លាយ​ក្បាល

កូន​ប្រុស​ទាញ​កាំ​ភ្លើង​ច្នៃ បាញ់​ឪ​ចុង​ធ្លាយ​ក្បាល

ខេត្តឧត្តរមានជ័យ ៖ យុវជនម្នាក់ មិនដឹងជាមានគំនុំអ្វីជាមួយឪពុកចុងរបស់ខ្លួន ក៏ស្រាប់តែនៅសុខៗ ទាញកាំភ្លើងច្នៃមកបាញ់ប្រហារ ឪពុកចុង បណ្តាលឱ្យធ្លាយក្បាលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបន្ទាយវៀតណាម ស្ថិតក្នុងភូមិទំនប់ថ្មី ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលបាញ់ ឪចុងធ្លាយក្បាល មានឈ្មោះជឿន អាយុ២៤ ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាឪពុកចុងមានឈ្មោះតង សឿន អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិជាមួយ គ្នា រងរបួសចំត្រចៀកខាងឆ្វេង ធ្លាយទៅក្រោម ភ្នែកខាងស្តាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា កន្លងមកជនសង្ស័យជាកូនចុង និងបុរស រងគ្រោះជាឪពុកចុងមិនធ្លាប់មានទំនាស់អ្វីនឹង គ្នានោះទេ ពោលគឺរស់នៅចុះសម្រុងនឹងគ្នាល្អ ណាស់ ដោយប្រកបរឡើងភ្នំអូសឈើគ្រញូង ប៉ុន្តែកន្លងមក ជនសង្ស័យរូបនេះត្រូវគេដឹងថា បានប្រើប្រាស់ថ្នាំញៀនយ៉ាងជោក។

ប្រភពដដែលបន្តថា កន្លងមកគ្រួសារ ជនរងគ្រោះតែងនាំគ្នា៣នាក់ ប្តីប្រពន្ធ និងកូន ប្រុស (ជនសង្ស័យ) ឡើងភ្នំដើម្បីអូសឈើគ្រញូងឱ្យគេ គ្រាន់បានប្រាក់ចិញ្ចឹមជីវិត។ លុះ មកដល់យប់កើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បាននាំគ្នាក្រោកតាំងពីកណ្តាលអធ្រាត្រ ឡើង ភ្នំអូសឈើគ្រញូងពីទឹកដីថៃតែ២នាក់ប៉ុណ្ណោះ ចំណែកស្ត្រីជាប្រពន្ធមិនបានទៅជាមួយនោះ ទេ។ បន្ទាប់មក មិនដឹងជាមានបញ្ហាអ្វី ស្រាប់ តែជនសង្ស័យ ជាកូនប្រុសបានទាញកាំភ្លើងច្នៃ ប្រភេទកាំភ្លើងឆ្នុកដូងបាញ់ឪពុកចុងរបស់ខ្លួន ចំត្រចៀកខាងឆ្វេង ធ្លាយទៅក្រោមភ្នែកខាង ស្តាំ រងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម នៅ ចំណុចបន្ទាយយួនតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯខេត្ត សៀមរាប ដើម្បីសង្គ្រោះជីវិត។ ចំណែកយុវជន ជាកូនប្រុសបានរត់គេចខ្លួនបាត់ស្រមោល។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបញ្ជាក់ ថា គេនៅមិនទាន់ដឹងមូលហេតុដែលឈាន ដល់ការបាញ់ប្រហារបុរសជាឪពុកចុងនេះនៅ ឡើយទេ ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យជា ខ្មាន់កាំភ្លើង ដើម្បីនាំមកសាកសួរ និងចាត់ការ តាមនីតិវិធី៕

RELATED ARTICLES