
ភ្នំពេញ ៖ សម្ដេចហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាអតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រីពុករលួយ និងឈ្មួញដែលនៅបន្តលួចនាំចូលទំនិញថៃ ក្នុងពេលព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទ ហើយប្រជាពលរដ្ឋខ្មែរ កំពុងធ្វើពហិការទំនិញថៃ ក្រោយពេលទាហានថៃ បង្កសង្គ្រាមឈ្លានពានកម្ពុជា ដោយសម្ដេច បញ្ជាក់ថា ប្រសិនបើសម្ដេច នៅធ្វើនាយករដ្ឋមន្ត្រី ដូចពេលមុន សម្ដេច មិនបាច់និយាយភាសានេះទេ គឺសម្ដេច ចេញបញ្ជាចាប់ខ្លួន ឬដកតំណែងមន្ត្រីនោះតែម្តង ប៉ុន្តែសម្ដេច ព្រមានថា កុំលេងក្បួន «ឆ្មាមិននៅ កណ្តុរឡើងរាជ្យ» ។
សម្ដេច ហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា “ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែន ពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀល តាំងពីខ្ញុំបង្ហោះសារបានប្រមាណ ២ម៉ោង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ វាជារឿងល្អ ដែលប្រជាជនកម្ពុជា ប្រើប្រាស់ប្រាក់រៀល លើទឹកដីរបស់ខ្លួន ដើម្បីចៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួន ដែលធ្វើការនិងរកស៊ីនៅថៃ មិនអាចដកប្រាក់ពីធនាគារនៅថៃ បានទេ“ ។

សម្ដេចហ៊ុន សែន បន្តថា “នេះបានបង្ហាញថា ប្រាក់បាតថៃ កំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការនិងរកស៊ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខ ប្រាក់បាតថៃ នឹងសម្លាប់ប្រជាជនខ្មែរ លើទឹកដីកម្ពុជា ចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយនិងទុកប្រាក់បាតថៃ។ ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវ គឺសូមបងប្អូនដែលរកស៊ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់ តាមតម្លៃទីផ្សារ កុំស្វែងរកប្រាក់ចំណេញហួសហេតុ តាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ ត្រូវខាតបង់“ ។
សម្ដេចហ៊ុន សែន បន្តថា “ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅ ឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អ គឺកំណត់ជាប្រាក់រៀល ដើម្បីពង្រឹងរូបិយវត្ថុជាតិ ។ ប្រសិនស្រឡាញ់ជាតិ ត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខណ៍ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើង ក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះ“ ។
សម្ដេចហ៊ុន សែន បន្តទៀតថា “ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រីនិងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូល ក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រី ដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅ កណ្តុរឡើងរាជ្យឲ្យសោះ)“ ។
ជុំវិញការការលើកឡើងរបស់សម្តេច ហ៊ុន សែន ខាងលើនេះ លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ ដែលជាគណបក្សសម្ព័ន្ធភាពគណបក្សកាន់អំណាច បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ថា ការប្រឆាំងជាមួយនឹងក្រុមមន្រ្តីពុករលួយ និងឈ្មួញទុច្ចរិតដែលនាំចូលទំនិញថៃ ដែលគ្មានមនសិការជាតិទាល់តែសោះនេះ គឺជារឿងមួយដែលត្រឹមត្រូវ ។ ដូច្នេះលោកសូមប្រកាសគាំទ្រទាំងស្រុងចំពោះការស្នើរបស់សម្ដេចហ៊ុន សែន និងគាំទ្រទាំងស្រុងចំពោះចំណាត់ការនានារបស់រដ្ឋាភិបាល ហើយក៏សូមថ្កោលទោសចំពោះជនជាតិសៀមជ្រុលនិយម ដែលនៅបន្តមហិច្ឆតាឈ្លានពានប្រទេសកម្ពុជា ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “សម្រាប់ខ្ញុំ ក្នុងនាមជាគណបក្សសន្តិភាពជាតិ សូមគាំទ្រសម្ដេចតេជោ ដែលបានស្នើរដ្ឋាភិបាល ចាត់ការមន្រ្តីពុករលួយ និងឈ្មួញដែលនាំទំនិញពីថៃ ដែលយើងឃើញថា សង្គមយើងបច្ចុប្បន្ននេះ ប្រទេសថៃ ប្រមាថយើងសព្វបែបយ៉ាងទាំងអស់ ជាពិសេសគឺប្រមាថសម្រាប់ប្រជាជាតិរបស់យើងទាំងមូល ថ្នាក់ដឹកនាំជាតិរបស់យើងទាំងមូល សម្ដេចតេជោ ក្ដី សម្ដេចធិបតី ក្ដី សុទ្ធតែអាំងទែរប៉ូលចាប់សម្ដេចធិបតី យករូបសំណាករបស់សម្ដេច ទៅធ្វើសកម្មភាពប្រមាថអាយុជីវិតសព្វបែបយ៉ាងទាំងអស់ វាជារឿងមួយដែលឈឺចាប់ ក្នុងនាមជាតិសាសន៍ខ្មែរ ។ អ៊ីចឹងការប្រឆាំងជាមួយនឹងក្រុមមន្រ្តីពុករលួយ ហើយនិងឈ្មួញទុច្ចរិតដែលនាំចូលទំនិញ ដែលគ្មានមនសិការជាតិទាល់តែសោះនេះ គឺជារឿងមួយដែលត្រឹមត្រូវ ហើយខ្ញុំក៏សូមប្រកាសគាំទ្រទាំងស្រុង ហើយសូមថ្កោលទោសចំពោះជនជាតិសៀមជ្រុលនិយម ដែលនៅបន្តមហិច្ឆតាឈ្លានពានប្រទេសកម្ពុជា ។ អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំគាំទ្រទាំងស្រុងចំពោះចំណាត់ការនានារបស់រដ្ឋាភិបាល ។ យើងឃើញហើយថា មានការឃាត់ខ្លួនមេបញ្ជាការរងវរៈព្រំដែន ហើយមួយវិញទៀត ឃើញចុះចាប់នៅខាងស្ទឹងមានជ័យ នេះ ខាងគយ ចុះចាប់ ទំនិញសព្វសារពើទាំងអស់មកពីថៃ មក អត់មានសលាកបត្រពន្ធនាំចូល សួរថា មកតាមណា? ហ្នឹងហើយមន្រ្តីពុករលួយ កិបកេងចំណេញញើសឈាមប្រជារាស្រ្ត ប្រមាថជាតិសាសន៍ឯងនោះ ។ អ៊ីចឹងវាដល់ពេលហើយដែលគួរតែចាត់ការ” ។
ដោយឡែក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ក្នុងនាមបក្សក្រៅរដ្ឋាភិបាល លោកមិនដឹងថា សម្ដេចហ៊ុន សែន ប្រើតួនាទីជាប្រមុខរដ្ឋស្ដីទី ឬជាប្រធានបក្សកាន់អំណាចទេ ក្នុងការស្រែកនេះ ប៉ុន្តែតាមការយល់ឃើញរបស់លោក នេះជាវិធានការច្បាប់ ហើយមន្រ្តីរាជការ ត្រូវតែទទួលទោសកំហុសទៅនឹងការប្រព្រឹត្តិនៃបទល្មើស ដែលនៅក្នុងករណីនេះ វាចូលទៅក្នុងបទឧក្រិដ្ឋ ក៏ថាបាន ពីព្រោះវាជារឿងបម្រាម ជារឿងដែលលួចលុយជាតិ តាមរយៈជំនាញស្ថាប័នរបស់ខ្លួន ពុករលួយ គប់គិតទៅនឹងឈ្មួញ មិនថាឈ្មូញថៃ ឬក៏ឈ្មួញខ្មែរ ក្នុងស្រុក ។ ដូច្នេះលោកសុំឲ្យច្បាប់អនុវត្តឲ្យមានប្រសិទ្ធភាព កុំមានស្ដង់ដារពីរ គប់គិតបក្ខពួក ក្រៅតែពីតម្លាភាព បើកចំហ ដោយគ្មានអាថ៌កំបាំង ឬក៏អាងខ្នងអ្នកធំ ហើយចេះតែបង្កើតនូវអំពើពុករលួយ ក្នុងផ្លូវងងឹត នៅពេលដែលប្រទេសជាតិកំពុងតែជួបភាពវឹកវរ អរិភាពជាមួយនឹងប្រទេសថៃ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “សម្រាប់ខ្ញុំ ខ្ញុំមិនដឹងថា លោកហ៊ុន សែន គាត់ប្រើតួនាទីក្នុងនាមជាប្រមុខរដ្ឋស្ដីទី ក្នុងនាមជាប្រធានគណបក្សកាន់អំណាច នូវអ្វីដែលលោកប្រតិកម្មជាមួយនឹងទំនិញគេចពន្ធ ដែលយើងបិទមិនឲ្យចូលពីប្រទេសថៃ មកកម្ពុជា ហើយវាមានការលួចចូលដោយការគប់គិតនៅតាមស្ថាប័ន អង្គភាព ហើយយើងឃើញថា ទី១ ស្ថាប័នគយ បន្ទាប់មកហ្នឹង គឺវាសមត្ថកិច្ច វាច្រើនជាងអាជ្ញាធរខេត្ត ដែលនាំគ្នាពុករលួយជាប្រព័ន្ធ ឲ្យទំនិញដែលថៃបានបិទច្រកមក ហើយយើងទប់ស្កាត់មិនឲ្យមានទំនិញថៃ ហ្នឹងចូលតាមច្រករបៀងដែលលួចលាក់ ។ អ៊ីចឹងអ្វីដែលខ្ញុំមើលឃើញ ថាការប្រតិកម្មទៅផ្នែកនៃការទប់ស្កាត់ វាមិនមែនជាការខុស ឬជាការជ្រៀតជ្រែកបែបណា អាហ្នឹងវាជាតួនាទីនៃបក្សកាន់អំណាច ។ ពិសេសគឺចំណាត់ការរបស់នាយករដ្ឋមន្រ្តី ដែលត្រូវចាត់វិធានការទៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយត្រូវដាក់ទោសវិន័យ ឬក៏បណ្ដេញចោលនៅក្នុងក្របខ័ណ្ឌបែបណា ព្រោះវាផ្ទុយទៅនឹងច្បាប់របស់រដ្ឋាភិបាល គឺថាជាការល្មើសច្បាប់ ក្នុងនាមជាមន្រ្តីរដ្ឋ ដែលត្រូវតែបង្ហាញនូវអ្វីជាប្រសិទ្ធភាពនៃការងារ នាំគ្នាទប់ស្កាត់ ដែលធ្វើឲ្យបាត់នូវចំណូល ឬក៏ធ្វើឲ្យផ្ទុយទៅនឹងច្បាប់ប្រទេស ហើយធ្វើឲ្យយើងហ្នឹងបាត់បង់នូវចំណូលថវិកាជាតិ ពន្ធដា ពន្ធគយ អីជាដើមហ្នឹង ។ អាហ្នឹងជាការគិតឃើញរបស់ខ្ញុំ ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល ខ្ញុំថា វិធានការច្បាប់ ហើយមន្រ្តីរាជការ ត្រូវតែទទួលទោសកំហុសទៅនឹងការប្រព្រឹត្តិនៃបទ អាហ្នឹងវាចូលទៅក្នុងបទឧក្រិដ្ឋ ក៏ថាបាន ពីព្រោះវាជារឿងបម្រាម ជារឿងដែលលួចលុយជាតិ តាមរយៈជំនាញស្ថាប័នរបស់ខ្លួនហ្នឹង ពុករលួយ គប់គិតទៅនឹងឈ្មួញ មិនថាឈ្មូញថៃ ឬក៏ឈ្មួញខ្មែរ ក្នុងស្រុក“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងខ្ញុំមើលឃើញការបញ្ជារបស់អតីតនាយករដ្ឋមន្រ្តី យើងមិនដឹងថា អាចនិយាយបានជាសម្ងាត់ណាមួយ ទៅកូនដែលជានាយករដ្ឋមន្រ្តី តាមរបៀបបែបណា ជាសម្ងាត់ ឬក៏ក្នុងនាមជាឪពុកនិងកូន ឬក៏ក្នុងនាមជាប្រមុខរដ្ឋស្ដីទី ខ្ញុំថា ប្រមុខរដ្ឋស្ដីទី មិនអាចទៅលូកក្នុងកិច្ចការនយោបាយ ក្រៅពីតំណាងឲ្យព្រះមហាក្សត្រ ប្រមុខរដ្ឋ ដើម្បីចុះព្រះរាជក្រឹត្យ ឬក៏ចាត់តាំងផ្នែកសារតាំងទូតណា មិនអាចទៅគ្រប់គ្រងអំណាចបានទេ ប៉ុន្តែប្រហែលជាលោកអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកប្រើក្នុងនាមជាប្រធានគណបក្ស ។ អ៊ីចឹងលោកស្រែកទៅបក្សកាន់អំណាច ដែលនៅក្រោមអំណាចនៃគណបក្សប្រជាជនកម្ពុជា ហើយកូនរបស់លោក ជានាយករដ្ឋមន្រ្តី ដែលចេញពីបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ។ អ៊ីចឹងខ្ញុំថា អានេះវាហាក់បីដូចជាការធ្វើការបែបណា? យកគណបក្ស ដើម្បីការបញ្ជាទៅនាយករដ្ឋមន្រ្តី វាអាចថាជាការផ្ទុយ ឬក៏ជាការក្រើនរំលឹកក្នុងនាមជាមេដឹកនាំកំពូលនៃបក្សកាន់អំណាចម្នាក់ ឬក៏ក្នុងនាមជាប្រមុខរដ្ឋស្ដីទី ដើម្បីបង្ហាញជាសាធារណៈ ហើយឲ្យរដ្ឋាភិបាលហ្នឹង ចាត់វិធានការបែបណា? ហើយរហូតដល់គាត់ថា បើគាត់ជានាយករដ្ឋមន្រ្តី គាត់ដកចោល ២៤ម៉ោង ។ អ៊ីចឹងសុំឲ្យច្បាប់អនុវត្តឲ្យបានប្រសិទ្ធភាព កុំមានស្ដង់ដារពីរ ពាក់ព័ន្ធទៅនឹងការគប់គិតនឹងបក្ខពួក ក្រៅតែពីតម្លាភាព បើកចំហ ដោយគ្មានអាថ៌កំបាំង ឬក៏អាងខ្នងអ្នកធំ អ្នកតូចណា ហើយចេះតែបង្កើតនូវអំពើពុករលួយក្នុងផ្លូវងងឹត នៅពេលដែលប្រទេសជាតិ កំពុងតែជួបភាពវឹកវរនៃសង្រ្គាមរាំងជល ហើយនិងយើងកំពុងតែមានអរិភាពជាមួយនឹងប្រទេសថៃ ហើយកម្ពុជា ត្រូវការធ្វើពហិការបែបណាៗ វាជាសិទ្ធិរបស់ពលរដ្ឋ នៃការធ្វើពហិការ មិនទិញមិនដូរ ប៉ុន្តែការបិទទីផ្សារ វាមិនមែនចេះតែបិទគ្រប់ទំនិញទេ វាមានទំនិញណាក៏អាចហូរចូល ព្រោះទីផ្សារសេរី ហើយទំនិញណាដែលត្រូវបិទមិនឲ្យចូលអីហ្នឹង គឺថាវាជាចំណាត់វិធានការរបស់រដ្ឋាភិបាល ហើយរដ្ឋាភិបាលហ្នឹងត្រូវប្រកាសពីប្រភេទទំនិញណាដែលបន្តការបិទ ហើយនាំចូលខុសច្បាប់បែបណាៗ ឲ្យដឹងជាចំហ តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬក៏ក្រសួងពាណិជ្ជកម្ម ឬក៏ពន្ធដារ ក្នុងស្រុក និងពន្ធគយ នាំចូលអីជាដើមហ្នឹង“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់សម្ដេចហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្រោយពីការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្រ្តីនគរបាលអធិការដ្ឋានខណ្ឌមានជ័យ និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានធ្វើការត្រួតពិនិត្យ អនុលោមភាពទំនិញដែលរក្សាទុកនៅក្នុងឃ្លាំងលេខ១៦៦៩ ផ្លូវ៣៨ច ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមកំណត់ហេតុត្រួតពិនិត្យជាក់ស្ដែង បានរកឃើញទំនិញដែលបានរក្សាទុកនៅក្នុងឃ្លាំងខាងលើ ដូចខាងក្រោម ៖
១. ប្រហិតសាច់ក្ដាម LUF ផលិតនៅប្រទេសថៃ ចំនួន៥៥២កេស ស្មើ៥៥២០ គីឡូក្រាម EXPៈ 2027-07-27
២. ប្រហិតតង្កៀបក្ដាម LUF ផលិតនៅប្រទេសថៃ ចំនួន២២៤កេស ស្មើ២៤៤០គីឡូក្រាម EXPៈ 2027-07-27
៣. ប្រហិតបង្កង PFP ផលិតនៅប្រទេសថៃ ចំនួន១១២កេស ស្មើ១១២០គីឡូក្រាម EXPៈ 2027-07-27
៤. ប្រហិតបង្គា PFP ផលិតនៅប្រទេសថៃ ចំនួន៦១៨កេស ស្មើ ៦១៨០គីឡូក្រាម EXPៈ 2027-07-27
៥. ប្រហិតម៉ាគី ផលិតនៅប្រទេសថៃ ១០៤កេស ស្មើ ១០៤០គីឡូក្រាម EXPៈ 2027-07-27
៦. ប្រហិតតៅហ៊ូ ផលិតនៅប្រទេសថៃ ចំនួន៦០កេស ស្មើ ៦០០គីឡូក្រាម EXPៈ 2027-07-27
៧. ផ្លែប៉ោម ផលិតនៅប្រទេសចិន ៦៦៦៥កេស ស្មើ ៥៩៩៨៥គីឡូក្រាម
សរុបប្រាំពីរមុខទំនិញ មាន ៨៣៣៥កេស ស្មើនឹង ៧៦៨៨៥គីឡូក្រាម ។
តាមការត្រួតពិនិត្យទំនិញជាក់ស្ដែង និងតាមការឆ្លើយបំភ្លឺរបស់ម្ចាស់ ដល់សមត្ថកិច្ចគយ ឃើញថា ទំនិញដែលបានរៀបរាប់ខាងលើ ពុំមានបង្កាន់ដៃពន្ធនាំចូលនោះទេ ៕ កុលបុត្រ