Wednesday, October 15, 2025
Homeព័ត៌មានជាតិមនុស្សមានអត្តាខ្ពស់ អ្នកវិភាគថា តម្រូវឱ្យគេហៅគោរមងារខ្លួនគ្រប់ពេល

មនុស្សមានអត្តាខ្ពស់ អ្នកវិភាគថា តម្រូវឱ្យគេហៅគោរមងារខ្លួនគ្រប់ពេល

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា មនុស្សដែលតម្រូវឲ្យគេហៅគោរមងារ ឬងាររបស់ខ្លួនគ្រប់ពេល គឺជាបុគ្គលមានអត្តាខ្ពស់ ។ ដូច្នេះដើម្បីកាត់បន្ថយអត្តា (មានតែអញ) តាមរយៈងារ ឬក៏គោរមងារនេះ អ្នកវិភាគថា បុគ្គលនោះ គួរតែកុំប្រកាន់ច្រើន ទាក់ទងនឹងរឿងគេប្រើងារ ឬគេមិនហៅតាមងារ ត្រូវផ្ដោតទៅលើតួនាទីរដ្ឋបាល ឲ្យបានច្រើន ជាជាងផ្ដោតតែទៅលើងារ ហើយបែងចែករវាងងារកិត្តិយស និងតួនាទីជាផ្លូវការបែបរដ្ឋបាល ឲ្យមានការដាច់ដោយឡែកពីគ្នា ជាពិសេស កុំឲ្យប្រើប្រាស់ងារជាតឹកតាង ឬជាគ្រឿងសម្រាប់សម្ញែង បង្អួត ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “មនុស្សដែលតម្រូវឱ្យគេហៅ ឬដាក់ងារ/គោរមងាររបស់ខ្លួន ស្ទើរគ្រប់ពេល គឺជាបុគ្គលដែលមានអត្តា (ego) ខ្ពស់“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ថា តាមពិតទៅ ភាពអស្ចារ្យនៃការផ្ដល់គោរមងារ ឬក៏ងារ វាតែងតែមាននៅក្នុងសង្គមនីមួយៗ នៅក្នុងពិភពលោក ។ ការផ្ដល់ងារ ឬគោរមងារ ដល់បុគ្គលណាម្នាក់ មិនថាមន្រ្តីរាជការ ឬប្រជាពលរដ្ឋស៊ីវិល ជាការឲ្យតម្លៃ ក៏ដូចជាការទទួលស្គាល់និងលើកទឹកចិត្តចំពោះការចូលរួមប្រឹងប្រែងរបស់បុគ្គលនោះ នៅក្នុងការធ្វើឲ្យប្រសើរដល់សង្គម ដល់ប្រយោជន៍សាធារណៈ។ ប៉ុន្តែនៅក្នុងការងាររដ្ឋបាលសម័យទំនើប គេបែងចែករវាងគោរមងារ ដែលជាងារ ឬយស និងតួនាទីជាផ្លូវការបែបរដ្ឋបាល ដាច់ពីគ្នា ។ ការប្រើប្រាស់ងារ និងគោរមងារនេះ មិនមែនជាគ្រឿងសម្រាប់សម្ញែង បង្អួតឲ្យគេគោរពកោតក្រែងទេ ប៉ុន្តែជាគ្រឿងដែលបង្ហាញថា គឺជាបុគ្គលដែលបានធ្វើកិច្ចការងារ ឬមានលក្ខណសម្បត្តិសមនឹងទទួលបានងារ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! តាមពិតទៅ ភាពអស្ចារ្យផ្ដល់គោរមងារ ឬក៏ងារហ្នឹង វាតែងតែមាននៅក្នុងសង្គមនីមួយៗ នៅក្នុងពិភពលោក ។ ការផ្ដល់ងារ ឬក៏គោរមងារ ដល់បុគ្គលណាម្នាក់ មិនថាមន្រ្តីរាជការ ឬក៏ប្រជាពលរដ្ឋស៊ីវិលហ្នឹង ជាការឲ្យតម្លៃ ក៏ដូចជាការទទួលស្គាល់និងលើកទឹកចិត្តចំពោះការចូលរួមប្រឹងប្រែងរបស់បុគ្គលនោះ នៅក្នុងការធ្វើឲ្យប្រសើរដល់សង្គម ដល់ប្រយោជន៍សាធារណៈ ប៉ុន្តែនៅក្នុងការងាររដ្ឋបាលសម័យទំនើប គេបែងចែករវាងគោរមងារ ដែលជាងារ ឬក៏ជាយសហ្នឹង ហើយនិងតួនាទីជាផ្លូវការបែបរដ្ឋបាលហ្នឹង ដាច់ពីគ្នា ។ ជាទូទៅ នៅក្នុងប្រព័ន្ធរដ្ឋបាលទំនើប កាលណាគេនិយាយអំពីអភិបាលកិច្ចល្អហ្នឹង គឺសំដៅទៅលើការអនុវត្តការងាររបស់អភិបាល ឬក៏មន្រ្តីរាជការហ្នឹង ធ្វើម៉េចឲ្យជាអ្នកបម្រើរាស្រ្តពិតប្រាកដ មិនមែនជាចៅហ្វាយទេ ពីព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យសេរី ប្រជាពលរដ្ឋ គឺជាម្ចាស់ គឺជាអធិបតី គឺប្រជាពលរដ្ឋ មានអធិបតេយ្យខ្ពស់ ។ ដូច្នេះមន្រ្តីរាជការ ឬក៏អ្នកដឹកនាំហ្នឹង គឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ដែលនិយាយភាសាសាមញ្ញថា សឹងតែមិនត្រូវនិយាយឲ្យខ្ពស់ ឬក៏ឈរឲ្យខ្ពស់ជាងប្រជាពលរដ្ឋទូទៅផង ។ ហេតុនេះហើយប្រសិនបើយើងសង្កេតមើលនៅក្នុងសង្គមបែបប្រជាធិបតេយ្យជឿនលឿន គឺថ្នាក់ដឹកនាំ ឬក៏មន្រ្តីរាជការគេ គឺគេព្យាយាមធ្វើ រៀបឫករៀបពា សកម្មភាព អាកប្បកិរិយា ឥរិយាបថរបស់ខ្លួនឯងហ្នឹង សុភាពរាបសា រមទម ហើយសង្រួមកាយ និយាយភាសាសាមញ្ញ ថាដាក់ខ្លួនណាស់ មិនបង្ហាញអ្វីជាលក្ខណៈហួងហែង ឬក៏ជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ វាខុសពីប្រព័ន្ធនៃការគ្រប់គ្រងតាមបែបសក្ដិភូមិ ឬក៏បែបមេកន្រ្ទាញ ដែលមេដឹកនាំហ្នឹង គឺជាអ្នកខ្ពស់ផុតលេខ សឹងតែនៅក្នុងសង្គមខ្លះពីសម័យបុរាណហ្នឹង អ្នកដឹកនាំហ្នឹង និយាយសាមញ្ញ គឺជាកូនព្រះ ឬក៏ទេវតាចាប់ជាតិទៅទៀត ។ អ៊ីចឹងត្រលប់មកវិញ នៅក្នុងប្រព័ន្ធរដ្ឋបាល អភិបាលកិច្ច តាមបែបប្រជាធិបតេយ្យសម័យទំនើបនេះ គឺគេមិនយកងារ ឬក៏គោរមងារហ្នឹង មកច្រឡូកច្រឡំជាមួយនឹងតួនាទីជាផ្លូវការនៅក្នុងរដ្ឋបាលទេ ពីព្រោះវាធ្វើឲ្យបង្កើតនូវវិសមភាពនៅក្នុងការធ្វើកិច្ចការងាររវាងអ្នកមានងារ និងអ្នកមិនមានងារ ។ ពេលដែលធ្វើការជាក់ស្ដែង គឺគេយកតួនាទី ការទទួលខុសត្រូវ សមត្ថភាព ចំណេះ ជំនាញ បទពិសោធន៍ មកដាក់លើតុ ដើម្បីជជែកគ្នាអំពីការធ្វើកិច្ចការងារ អំពីការដោះស្រាយបញ្ហា ដោយមិនសំអាងទៅលើអ្នកនេះមានងារនេះ អ្នកនោះមានងារនោះ អ្នកណាមានងារធំជាង អ្នកណាមានងារទាបជាងទេ ហើយការដែលធ្វើបែបនេះ គឺបញ្ចៀសនូវភាពលម្អៀង ដោយសារតែបុគ្គលហ្នឹងមានងារ ហើយផ្ដល់តម្លៃឲ្យអ្នកដែលចេះ អ្នកដែលចង់ អ្នកចាប់អារម្មណ៍ធ្វើកិច្ចការងារពិតហ្នឹងឲ្យមានឱកាសនៅក្នុងការបញ្ចេញសមត្ថភាព ក៏ដូចជាអនុវត្តការងារ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ចំណុចមួយទៀត ដែលជាគុណវិបត្តិនៃការប្រើប្រាស់ងារដែរហ្នឹង គឺកាលណាយើងរវល់តែយកងារហ្នឹងមកប្រើទៅ យើងចំណាយច្រើនទាក់ទងនឹងរឿងពិធីការ ចំណាយពេលវេលាច្រើន ទាក់ទងនឹងធនធាន ទាក់ទងនឹងពិធីការហ្នឹងច្រើនពេក ដែលធ្វើឲ្យយើងមិនសូវមានពេលផ្ដោតទៅលើការធ្វើកិច្ចការងារពិត ។ យើងមើលឧទាហរណ៍ជាក់ស្ដែង នៅប្រទេសសិង្ហបុរី ដែលពិភពលោកទទួលស្គាល់ថាជាប្រទេសដែលមានអភិបាលកិច្ចល្អ លំដាប់អំពើពុករលួយហ្នឹងក៏តិចជាងគេបំផុត ប្រព័ន្ធរដ្ឋបាលគេ ប្រសិទ្ធភាពមន្រ្តីរាជការគេ ដែលរបាយការណ៍សន្ធស្សន៍នៃប្រសិទ្ធភាពមន្រ្តីរាជការដែលទើបចេញប៉ុន្មានថ្ងៃមុននេះ បានរកឃើញថា ប្រទេសសិង្ហបុរី ឈរនៅលំដាប់លេខ១ ហើយប្រសិនបើយើងមើលរបៀបរបបនៃការធ្វើការរបស់គេ គឺគេអត់ចំណាយទៅលើពិធីការហ្នឹងច្រើនពេកទេ ហើយគេក៏មិនមានងារអីវែងអន្លាយដែរ ។ ការផ្ដល់ងារជាការទទួលស្គាល់ពីគុណូបការៈ ឬក៏ស្នាដៃហ្នឹង វាមាន ក៏ប៉ុន្តែគេទុកធ្វើជាងារកិត្តិយស គេមិនយកមកប្រឡូកប្រឡាក់ជាមួយនឹងកិច្ចការងាររដ្ឋបាលទេ សូម្បីតែការស្លៀកពាក់របស់មន្រ្តីគេហ្នឹង ក៏គេមិនទៅចាប់តម្រូវឲ្យត្រូវតែស្លៀកពាក់ក្រវាត់ក ពាក់អាវធំគ្រប់តែពេលដែរ យើងឃើញសូម្បីតែនាយករដ្ឋមន្រ្តី ឬក៏តំណាងរាស្រ្តរបស់សិង្ហបុរី ភាគច្រើនហ្នឹង ចូលប្រជុំនៅរដ្ឋសភា មិនពាក់អាវធំផង ពាក់តែអាវធម្មតា ។ អានេះបង្ហាញពីភាពសាមញ្ញ ហើយនិងការកាត់បន្ថយនូវប្រូត្រកូល ដែលវាចំណាយពេលវេលា និងចំណាយនូវធនធានច្រើន ។ ចំណុចចុងក្រោយ ការដែលគេសើយ ឬក៏មិនលើកតម្កើងឲ្យប្រើងារនេះ ជាប់ជាប្រចាំហ្នឹង គឺបញ្ចៀសកុំឲ្យបុគ្គលហ្នឹងក្លាយទៅជាមនុស្សកើតជំងឹតួឯក តែកើតជំងឺតួឯកទៅ វាបាត់លក្ខណៈប្រជាធិបតេយ្យហើយ វាទៅជាមានតែបុគ្គលហ្នឹងធំជាងគេ អស្ចារ្យជាងគេ ពូកែជាងគេ ចេះជាងគេ ខ្លាំងជាងគេ ដល់ពេលអ៊ីចឹង វាបាត់នូវការចូលរួមពីអ្នកដទៃទៀតនៅក្នុងសង្គម ឬក៏នៅក្នុងស្ថាប័ន ។ យើងមើលជាក់ស្ដែង នៅក្នុងប្រទេសមួយចំនួន គេកាត់បន្ថយការផ្ដល់គោរមងារហ្នឹងច្រើន ហើយជាក់ស្ដែងនៅប្រទេសខ្លះ គេមិនទាំងហៅអ្នកដឹកនាំជាន់ខ្ពស់គេហ្នឹងជាឯកឧត្ដម ឬក៏លោកជំទាវផង គេហៅត្រឹមតែលោក ឬក៏លោកស្រី ប៉ុណ្ណឹងឯង“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “បើនៅសហរដ្ឋអាមេរិក គេមិនដែលហៅប្រធានាធិបតីគេថា Excellency ឯកឧត្ដមទេ គេហៅ Mr. President លោកប្រធានាធិបតី លោករដ្ឋមន្រ្តី លោកប្រធាន អីអ៊ីចឹងទៅ ដើម្បីកាត់បន្ថយនូវគម្លាតរវាងអ្នកដឹកនាំ និងអ្នកដើរតាម ឬក៏អ្នកក្រោមបង្គាប់ ។ កាលណាគម្លាតហ្នឹងវាតិច វាធ្វើឲ្យការប្រាស្រ័យទាក់ទង របៀបរបបនៃការធ្វើការជាមួយគ្នាហ្នឹង វាមិនមែនជាលក្ខណៈគោរពបុគ្គល ប៉ុន្តែជាការគោរពតួនាទី គោរពការទទួលខុសត្រូវរបស់បុគ្គលហ្នឹងច្រើនជាង ។ អ៊ីចឹងសួរថា ទំនាក់ទំនងហ្នឹង វាមានភាពប្រដមប្រសង រលួន ដែលវាខុសប្លែកពីសង្គមខ្លះ ដែលនៅបន្តប្រើវប្បធម៌ តាមពិតសង្គមអាមេរិក សង្គមអូស្រ្តាលី កាណាដា ឬក៏សាំងហ្គាពួរ នៅក្បែរយើងនេះ គឺពីដើមមកហ្នឹង ក៏នៅប្រកាន់ទម្លាប់មេនិយមដូចគ្នាដែរ ។ អាហ្នឹងវាជាវប្បធម៌នៃការគ្រប់គ្រង ការដឹកនាំសម័យបុរាណ គឺមេជាធំ ប៉ុន្តែក្រោយមក គេទទួលស្គាល់ គេសិក្សារកឃើញថា ការប្រកាន់របបបែបបទមេនិយម មេធំជាងគេ មេអស្ចារ្យ មេពូកែជាងគេ ត្រូវតែគោរពឱនលំទោន កោតក្រែងហ្នឹង បុគ្គលហ្នឹងវាអត់សូវផ្ដល់ផលល្អដល់កិច្ចការងាររដ្ឋបាល និងអភិបាលកិច្ចល្អ ទើបគេងាកមកអនុវត្តនូវប្រព័ន្ធនិងវប្បធម៌នៃការដឹកនាំ ការគ្រប់គ្រងការងាររដ្ឋបាលបែបសម័យទំនើប បែបប្រជាធិបតេយ្យវិញ ។ អានេះវាជាមេរៀនមួយសម្រាប់ខ្មែរយើង ដែលយើងគួរតែដកស្រង់ ហើយខ្ញុំមិនបដិសេធទេថា យើងមានវប្បធម៌ងារ ឬក៏គោរមងារនិយម ប៉ុន្តែសុំកុំឲ្យការប្រើប្រាស់ងារ ឬគោរមងារហ្នឹង វាហួសហេតុពេក សូម្បីតែគ្រប់តែពេលហ្នឹង ក៏ត្រូវតែឲ្យគេហៅឈ្មោះហ្នឹង គេហៅងារខុសហ្នឹង ហៅត្រឹមតែឈ្មោះលោកហ្នឹង ក៏អ្នកខ្លះប្រកាន់ខឹង ។ ជាពិសេសខ្ញុំបានឮកាលពីពេលកន្លងមកហ្នឹង សូម្បីតែសម្ដេចហ៊ុន សែន ក៏ធ្លាប់លើកឡើងថា មានមន្រ្តីមួយចំនួន មិនឆ្លើយនឹងសំណួរអ្នកកាសែត ដោយសារតែអ្នកកាសែតហ្នឹង មិនប្រើប្រាស់ងារឲ្យបានត្រឹមត្រូវ ហើយលោកក៏បានប្រកាសថា កុំឲ្យប្រកាន់ខ្លាំងអ៊ីចឹងពេក រឿងការហៅងារ ហៅអីហ្នឹង ។ សូម្បីតែលោកខ្លួនឯងហ្នឹង ក៏មិនជាប្រកាន់អីដែរ នៅពេលដែលអ្នកកាសែត រាយការណ៍ ហៅលោកនាយករដ្ឋមន្រ្តី ឬក៏គាត់សង្ខេបគោរមងារគាត់វែង មកត្រឹមតែសម្ដេច ហើយនិងដាក់ឈ្មោះគាត់ ។ អានេះក៏ជាឧទាហរណ៍ជាក់ស្ដែងមួយ ហើយឧទាហរណ៍ជាក់ស្ដែងមួយទៀត គឺយើងឃើញព្រះករុណា ព្រះមហាក្សត្រយើង លោកក៏មានគោរមងារវែងដែរ គោរមងារពេញរបស់លោកហ្នឹង សុំខមាទោស ប្រហែលជាចង់កន្លះទំព័រ ប៉ុន្តែពេលដែលលោកប្រើព្រះនាម នៅក្នុងលិខិតផ្លូវការ លោកមិនបានប្រើប្រាស់តម្រូវឲ្យសរសេរគោរមងារទាំងអស់នោះ ដាក់ពីក្រោយ ឬក៏ពីក្រោមព្រះនាមរបស់លោកទេ ។ អានេះរឿងនេះក៏ជាចំណែកមួយនៃការបង្ហាញពីគំរូភាពនៅក្នុងការប្រើប្រាស់ងារ ឬក៏គោរមងារនៅក្នុងសង្គមយើង ហើយខ្ញុំប្រឡូកក្នុងកិច្ចការងារសង្គមច្រើន គឺតែងតែឮទាក់ទងនឹងរឿងការប្រើប្រាស់ងារ ឬក៏គោរមងារហ្នឹង ។ អ្នកខ្លះ គ្រាន់តែគេសរសេរដាក់ងារខ្លួនខុសហ្នឹង ក៏ខឹង មិនចូលប្រជុំ ឬក៏មិនអង្គុយ ចូលកន្លែងធ្វើកិច្ចការងារហ្នឹង ឬក៏សូម្បីតែប្រើប្រាស់ឯកសាររដ្ឋបាលខ្លះ សរសេរតែឯកឧត្ដម មិនដាក់ងារពីមុខហ្នឹង ក៏ខាងរដ្ឋបាលហ្នឹង គេអត់ទទួលដែរ ។ ដូច្នេះសម្រាប់ខ្ញុំ គ្រាន់តែចង់ស្នើឲ្យសង្គមយើងហ្នឹង មេត្តាពិនិត្យឡើងវិញអំពីរឿងការប្រើប្រាស់ងារ និងគោរមងារហ្នឹង វាគួរតែមានហើយ ប៉ុន្តែសូមកុំឲ្យប្រកាន់ហួសដូចអ្វីដែលមានអនុវត្តខ្លះកន្លងមក ហើយព្យាយាមកាត់បន្ថយ បែងចែកវា អាណាជាគោរមងារ អាណាជាងារផ្នែករដ្ឋបាល ដើម្បីសម្រួលការធ្វើកិច្ចការងារ និងអភិបាលកិច្ចហ្នឹង ឲ្យវាទៅរលូន កាត់បន្ថយការចំណាយច្រើនទៅលើពេលវេលា ទៅលើពិធីការ និងធនធាននៅក្នុងការធ្វើកិច្ចការងារ ដែលពេលខ្លះ វាចំណាយច្រើនទៅលើពិធីការហ្នឹង ច្រើនជាងសាច់ការជាក់ស្ដែង“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “ដើម្បីកាត់បន្ថយអត្តា តាមរយៈងារ ឬក៏គោរមងារនេះ ខ្ញុំថា ទី១ បុគ្គលហ្នឹង គួរតែកុំប្រកាន់ច្រើន ទាក់ទងនឹងរឿងគេប្រើងារ ឬក៏គេមិនហៅតាមងារហ្នឹង ហើយទី២ ផ្ដោតទៅលើតួនាទីរដ្ឋបាល តួនាទីជាផ្នែក ឲ្យបានច្រើន ជាជាងផ្ដោតតែទៅលើងារ ហើយបែងចែករវាងងារកិត្តិយស ហើយនិងតួនាទីជាផ្លូវការបែបរដ្ឋបាលហ្នឹង ឲ្យមានការដាច់ដោយឡែកពីគ្នា និងទី៣ សុំកុំឲ្យប្រើប្រាស់ងារហ្នឹង ជាតឹកតាង ឬក៏ជាគ្រឿងសម្រាប់សម្ញែង គ្រឿងសម្រាប់បង្អួត ។ ខ្ញុំឃើញអ្នកខ្លះ គាត់ព្យាយាមស្វែងរកងារ ឬក៏គោរមងារហ្នឹង ដាក់ខ្លួន ។ ឧទាហរណ៍យើងឃើញមានពាក្យឧកញ៉ាបណ្ឌិតសាស្រ្តាចារ្យឧត្ដមសេនីយ៍ អីអ៊ីចឹងទៅ អ្នកខ្លះហ្នឹង ងារបួនប្រាំ ពីមុខឈ្មោះគាត់ ហើយនៅក្នុងការអនុវត្តជាក់ស្ដែងនៅក្នុងសង្គមមួយៗ អ្នកអាជីពនៅក្នុងឯកទេសមួយៗហ្នឹង គេមានងាររបស់គេ ។ ដូច្នេះបុគ្គលម្នាក់ មិនគួរណាទៅសង្វាតរកងារបីបួនប្រាំ ប្រាំមួយ មកដាក់ខ្លួនឯង ដើម្បីបង្ហាញពីភាពអស្ចារ្យទេ ។ ឧទាហរណ៍ថា គ្រូពេទ្យ មានតាំងពីគ្រូពេទ្យកម្រិតទាប រហូតដល់វេជ្ជបណ្ឌិត ឬក៏គ្រូពេទ្យជំនាញអីអ៊ីចឹងទៅ អាហ្នឹងវិស័យសុខាភិបាល ។ វិស័យអប់រំ មានពីគ្រូធម្មតា រហូតដល់ទៅសាស្រ្តាចារ្យ ។ វិស័យយោធា មានពីពលទាហានធម្មតា រហូតដល់ឧត្ដមសេនីយ៍ អ៊ីចឹងទៅ ហើយវិស័យផ្សេងៗទៀត គឺគេមានងារជាក់លាក់របស់គេ ។ ប៉ុន្តែស្រុកយើង ដូចជាច្របូកច្របល់ អ្នកខ្លះហ្នឹង ប្រើងារផ្គុំគ្នា ដើម្បីបង្ហាញពីភាពអស្ចារ្យ ប៉ុន្តែបរទេស គេសើចយើងទៅវិញទេ នៅពេលដែលយើងធ្វើអ៊ីចឹង គឺថាយើងហ្នឹង គឺជាមនុស្សដែលមានអត្តា ឬក៏ភាសាសាមញ្ញថា មាន «អញ» ហ្នឹងវាក្រាស់ហួសហេតុ ដែលខ្ញុំឃើញជាក់ស្ដែងកន្លងមក ក៏មានទំនាស់ទាក់ទងនឹងការប្រើប្រាស់ងារហ្នឹង ដែលតាមខ្ញុំចាំ ដូចជាក្រសួងការពារជាតិ បានប្រកាសឲ្យឧត្ដមសេនីយ៍មួយចំនួន ដែលមានទាំងងារជាឧកញ៉ា ហើយនិងជាងារនៅក្នុងកងយោធពលខេមរភូមិន្ទហ្នឹង ឲ្យជ្រើសរើស តើរក្សាងារជាឧកញ៉ា ឬក៏ទុកងារជាកងយោធពលខេមរភូមិន្ទ ឬក៏ទុកងារឧកញ៉ា? អាហ្នឹងជារឿងល្អ ធ្វើអ៊ីចឹងត្រឹមត្រូវ ពីព្រោះបើនៅក្នុងវិស័យឯកជន ឧកញ៉ាហ្នឹង គឺសំដៅទៅលើអ្នកដែលមានធនធាន ដែលបានចូលរួមចំណែកនៅក្នុងការកសាង អភិវឌ្ឍសង្គមជាតិអ៊ីចឹងទៅ នៅក្នុងវិស័យយោធា គេមានងាររបស់គេ គេមានតួនាទីសរបស់គេ តំណែងរបស់គេ ហើយកាលណាយើងប្រើប្រាស់ច្របូកច្របល់គ្នាអ៊ីចឹង មិនដឹងអ្នកណាធ្វើអីឲ្យពិតប្រាកដទេ ហើយវាបង្កើតឲ្យមានភាពច្របូកច្របល់នៅក្នុងសង្គម អត់ដឹងថា តើដៃជើង មាត់ក្រពះ និងខួរក្បាលហ្នឹង ធ្វើកិច្ចការងារខុសៗគ្នា ។ អានេះការដែលយើងយកចិត្តទុកដាក់ប្រើប្រាស់តួនាទី ហើយនិងងារហ្នឹងឲ្យបានច្បាស់លាស់ទៅ វាធ្វើឲ្យមនុស្សម្នាក់ៗនៅក្នុងវិស័យនីមួយៗហ្នឹងដឹងថា ខ្លួនឯងធ្វើអី កុំឲ្យចេះតែទៅធ្វើរឿងគ្រប់តែរឿង ហើយអ្នកដទៃទៀតដែលគេមានជំនាញហ្នឹង បែរទៅជាអត់មានឱកាសនៅក្នុងការធ្វើកិច្ចការងារពិតប្រាកដទៅវិញ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមទៀតថា “ ចំពោះទាក់ទងរឿងក្រមសីលធម៌នេះ គ្រាន់តែប្រកាន់សាមញ្ញថា ការប្រើប្រាស់ងារ និងគោរមងារនេះ គឺមិនមែនជាគ្រឿងសម្រាប់សម្ញែង សម្រាប់បង្អួត សម្រាប់ពាក់ទៅឲ្យវាខ្ពស់ ឲ្យគេគោរពកោតក្រែងទេ ប៉ុន្តែជាគ្រឿងដែលបង្ហាញថា យើងហ្នឹងគឺជាបុគ្គលដែលបានធ្វើកិច្ចការងារ ឬក៏មានលក្ខណសម្បត្តិសមនឹងទទួលបានងារហ្នឹង ដូចគេនិយាយធម្មតាថា និទេ្ទស ឬក៏សញ្ញាបត្រ មិនថាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬរហូតដល់បណ្ឌិតហ្នឹង វាមិនអាចកំណត់ថា យើងហ្នឹងគឺជាមនុស្សអស្ចារ្យទេ សំខាន់គឺចំណេះ ជំនាញ ហើយនិងសីលធម៌ដែលយើងមាន នៅក្នុងការយកអ្វីដែលយើងបានរៀនសូត្រ ក្រោយពីមានការបញ្ជាក់ចេញជា certificate សញ្ញាបត្រហ្នឹងយកទៅប្រើ អាហ្នឹងបានជាការកំណត់ពិតអំពីគុណតម្លៃរបស់បុគ្គលដែលពាក់មេដាយ ឬក៏អ្នកដែលកាន់សញ្ញាបត្រទាំងអស់នោះ ។ ដូចគ្នានេះដែរ ទាក់ទងនឹងងារហ្នឹង គឺងារ ឬគោរមងារហ្នឹង មិនប្រាកដថា បុគ្គលហ្នឹងជាមនុស្សដែលមានគុណតម្លៃគួរឲ្យគោរពទេ ដែលយើងឃើញជាក់ស្ដែងកន្លងមក ក៏មានករណីឧកញ៉ា មួយចំនួន ដែលបន្ទាប់ពីបានទទួលងារជាឧកញ៉ាហើយ ក៏បែរទៅជាយកគោរមងារដែលទទួលបានពីការប្រទានពីព្រះមហាក្សត្រហ្នឹង ទៅធ្វើកិច្ចការងាររកស៊ីបោកប្រាស់បែបទុច្ចរិត រហូតដល់មានករណីការបោកប្រាស់លុយរាប់រយលានដុល្លារ ដូចជាករណីឧកញ៉ាម្នាក់ នៅក្រុមហ៊ុនដីមាស អីជាដើម ដែលប្រជាពលរដ្ឋរាប់ពាន់នាក់ហ្នឹង នៅមិនទាន់ទទួលបានដំណោះស្រាយដោយយុត្តិធម៌ ទាក់ទងនឹងការរកស៊ីរឿងបោកបណ្ដាក់ទុន លក់ដីខ្យល់ហ្នឹងជាដើម ។ ក្រមសីលធម៌ទី២ គឺសុំឲ្យមានការបែកចែងរវាងងារ ឬក៏គោរមងារ បែបជាកិត្តិយសហ្នឹង ឲ្យដាច់ពីតួនាទីជាផ្លូវការបែបរដ្ឋបាល ហើយពេលដែលធ្វើកិច្ចការងារជាក់ស្ដែង សូមកុំឲ្យយកគោរមងារហ្នឹង មកដាក់ជាត្រីមុខ កុំដូចពាក្យគេថា បើអ្នកឯងចង់រិះគន់ខ្ញុំ ទាល់តែអ្នកឯងមានសញ្ញាបត្របណ្ឌិត ដូចខ្ញុំសិន អាហ្នឹងវាអត់ត្រូវទេ ពីព្រោះពេលដែលយើងជជែក ពេលដែលយើងធ្វើកិច្ចការងារជាក់ស្ដែង គេមិនមែនយកសញ្ញាបត្រ មកដាក់ពីមុខនោះទេ គេយកសមត្ថភាព យកចំណេះ យកជំនាញ បើនិយាយតតាំងគ្នា គេផ្ដោតទៅលើហេតុផល ផ្ដោតទៅលើសេចក្ដីសំអាង និងការបកស្រាយរបស់ភាគីនីមួយៗ គេមិនដែលគិតថា អ្នកឯងចង់និយាយជាមួយខ្ញុំ ទាល់តែអ្នកឯងចាស់ជាងខ្ញុំ ឬក៏អ្នកឯងមាឌធំជាងខ្ញុំ ឬក៏មានសញ្ញាបត្រធំជាងខ្ញុំទេ ។ អ៊ីចឹងការធ្វើបែបនេះ វាធ្វើឲ្យសង្គមយើងហ្នឹង វាអត់មានគម្លាតរវាងអ្នកដែលមានងារ ឬក៏ប្រជាពលរដ្ឋធម្មតា ដែលអាចធ្វើឲ្យប្រជាពលរដ្ឋហ្នឹង ធ្វើកិច្ចការជាមួយគ្នា មានលក្ខណៈចុះសម្រុង ស៊ីចង្វាក់គ្នា ។ កាលណាយើងកាត់បន្ថយរឿងគម្លាតគ្នានឹងគោមងារហ្នឹងទៅ ទាំងអ្នកដឹកនាំ ទាំងអ្នកដើរតាមហ្នឹងខិតជិតគ្នា ហើយធ្វើកិច្ចការងារចូលធ្លុងគ្នា ដែលអាចធ្វើឲ្យសាមគ្គីភាពហ្នឹង វាមានភាពស្អិតល្មួត ហើយការងារហ្នឹង ក៏វារលូនទៅមុខដែរ ។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើយើងនាំគ្នាចេះតែដំឡើងងារ ឬក៏យកងារហ្នឹង ជាបល្ល័ង្កសម្រាប់ធ្វើឲ្យបុគ្គលហ្នឹងវាខ្ពស់ផុតលេខ ដាច់ពីគេពេកទៅ វាធ្វើឲ្យមានគម្លាតនៅក្នុងសង្គម ។ អាហ្នឹងវាទៅជាការបែងចែកវណ្ណៈ មិនមែនត្រឹមវណ្ណ់អ្នកមាន និងអ្នកក្រទេ វណ្ណៈរវាងអ្នកដែលមានងារ ហើយនិងអ្នកអត់ងារទៅវិញ ។ អ៊ីចឹងបានជានៅក្នុងប្រទេសជឿនលឿន គឺសូម្បីតែការរៀបចំកៅអីអង្គុយហ្នឹង ក៏គេមិនទៅឲ្យរៀបបុគ្គលដែលជាគណៈអធិបតីហ្នឹង ឲ្យវាខ្ពស់ហួសដាច់គេ ដូចបល្ល័ង្កព្រះដែរ គេគ្រាន់តែដាក់កៅអី ឲ្យវាប្លែកគេបន្តិចទៅ ក្នុងការមើលទៅឲ្យវាឃើញថា វាមានលក្ខណៈ អ្នកនេះជាអធិបតី ប៉ុន្តែគេមិនលើករហូតដល់ផុតលេខទេ ។ បើកាលណាធ្វើអ៊ីចឹងទៅ វាបង្កើតឲ្យមានវិសមភាព ហើយនិងការរើសអើងនៅក្នុងសង្គមទៅវិញ“ ៕ កុលបុត្រ

RELATED ARTICLES