ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងក្រើនរំលឹកជាលើកទី២ ដល់ម្ចាស់យានយន្តទាំងអស់ ពីការពន្ធលើមធ្យោបាយដឹកជញ្ជូន ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះហើយ។អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា រហូតមកទល់ពេលនេះ ម្ចាស់យានយន្តមួយចំនួន បានប្រកាសបង់ពន្ធរួច រាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកបង់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ម្ចាស់យានយន្ត ក៏អាចបង់តាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។ ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបាន លតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទណ្ឌ កម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធ ត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នឹងចេញលិខិតជូនដល់លំនៅឋានម្ចាស់យានយន្ត ឬសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា ឬចាត់វិធានការផ្សេងៗតាមការចាំបាច់ បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥៕