Saturday, January 24, 2026
Homeព័ត៌មានជាតិក្រសួងធម្មការនិងសាសនា ណែនាំរៀបចំពិធីបុណ្យមាឃបូជា

ក្រសួងធម្មការនិងសាសនា ណែនាំរៀបចំពិធីបុណ្យមាឃបូជា

ភ្នំពេញៈ ក្រសួងធម្មការនិងសាសនា ចេញសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យមាឃបូជា នៅថ្ងៃទី២-៣ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ និងបានណែនាំឱ្យមន្ទីរធម្មការនិងសាសនា គ្រប់រាជធានី-ខេត្ត ត្រូវបំផុសឱ្យគ្រប់វត្តអារាម រៀបចំពិធីបុណ្យមាឃបូជា ឱ្យបាន មហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងជ្រើស រើសវត្តណាមួយដែលមានលក្ខណៈសមស្រប ប្រារព្ធពិធីបុណ្យមាឃបូជា ជាផ្លូវការ។

សេចក្តីណែនាំ របស់ក្រសួងធម្មការនិងសាសនា ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ចែងរៀបចំពិធីបុណ្យមាឃបូជា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួមបំពេញកុសលតាមប្រពៃណីព្រះ ពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ។ ឆ្នាំនេះពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃចន្ទ ១៥កើត និងថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ប្រារព្ធឡើងដើម្បីរំលឹកដល់ហេតុការណ៍ សំខាន់ៗ ៣យ៉ាងគឺ ៖

១. ជាថ្ងៃចតុរង្គសន្និបាត ជាការជួបប្រជុំប្រកបដោយអង្គ៤ គឺ ៖

– ព្រះភិក្ខុសង្ឃ ១២៥០អង្គ និមន្តមកជួបជុំគ្នាដោយមិនបានណាត់គ្នាជាមុន

– ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ (ឯហិភិក្ខុឧបសម្បទា)

– ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្ត បានអភិញ្ញា៦

– ជាថ្ងៃព្រះចន្ទ សោយមាយឫក្ស ពោលគឺព្រះចន្ទគោចរមកដល់ផ្កាយឫក្ស ឈ្មោះមាឃ ត្រូវនឹងថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ។

២. ជាថ្ងៃទ្រង់សម្តែងនូវឱវាទព្រះបាតិមោក្ខ។

៣. ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសកំណត់ដាក់ព្រះជន្មាយុសង្ខារ។

ដើម្បីឱ្យពិធីបុណ្យមាឃបូជា ឆ្នាំនេះ មានភាពអធិកអធម ក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំដល់មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី-ខេត្ត ដូចខាងក្រោម ៖

ទី១- ត្រូវបំផុសឱ្យគ្រប់វត្តអារាម រៀបចំពិធីបុណ្យមាឃបូជា ឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្រប ប្រារព្ធពិធីបុណ្យមាឃបូជា ជាផ្លូវការ។

ទី២- ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត រៀបចំបោស សម្អាត តុបតែងលម្អ វត្តអារាម ដោយមានរូបភាពព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង ចតុរង្គសន្និបាត ទ្រង់សម្តែងឱវាទព្រះបាតិមោក្ខ ទ្រង់កំណត់ដាក់ព្រះជន្មាយុសង្ខារ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល ពុទ្ធភាសិត បដាពាក្យស្លោកផ្សេងៗ ព្រមទាំងរៀបចំពិធីចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ដឹកនាំពុទ្ធបរិស័ទធ្វើសមាធិវិបស្សនាកម្មដ្ឋានជាដើម ដើម្បីសម្អាតកាយ វាចាចិត្ត ឱ្យបានបរិសុទ្ធផូរផង់។

ទី៣- ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងបានអំពាវនាវសប្បុរសជនពុទ្ធបរិស័ទ ឱ្យអញ្ជើញចូលរួមបំពេញកុសល តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម…៕

RELATED ARTICLES