Saturday, January 31, 2026
Homeព័ត៌មានជាតិឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យព្យាបាលជំងឺកុមារ ជាង១លានករណី

ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យព្យាបាលជំងឺកុមារ ជាង១លានករណី

ភ្នំពេញ ៖ រយៈពេលពេញ ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះនិងព្យាបាលជំងឺកុមារ ចំនួន ១ ០៧១ ៦៣៧ករណី កើនឡើង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ កន្លងទៅ។

យោងតាមរបាយការណ៍សង្ខេបស្តីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥ បានបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នក ជំងឺគ្រុនឈាម ដែលសម្រាកក្នុងមន្ទីរពេទ្យ ចំនួន ២២ ៩៨២ករណី ពិនិត្យនិងផ្តល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះ ចំនួន ១០៨ ១៣៤ករណី ផ្តល់សេវាសម្រាលកូន ដល់ស្ត្រី ចំនួន ២៥ ៧៣៦នាក់ ផ្តល់សេវាវះកាត់ទូទៅចំនួន ៣៤ ៨៨៩នាក់ និងវះកាត់ជំងឺបេះដូងពីកំណើត ចំនួន ១ ១៦៣នាក់។

តាមរបាយការណ៍ដដែល ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកា ៤៦ ១៨១ ៥២៣ដុល្លារអាមេរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងគ្មានការរើសអើង។

គួរបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការឡើងវិញ នៅឆ្នាំ១៩៩២ ចំណែកនៅខេត្តសៀមរាប (មន្ទីរពេទ្យជយរវ្ម័នទី៧) ដំណើរការនៅឆ្នាំ១៩៩៩។

មន្ទីរពេទ្យគន្ធបុប្ផា មានបេសកកម្មវេជ្ជសាស្ត្រឯកទេសព្យាបាលរោគកុមារទូទៅ សង្គ្រោះបន្ទាន់ជំងឺកុមារ និងទារក និងទារកវិទ្យា ផ្នែកសម្ភព ឯកទេសជំងឺទឹកនោមផ្អែមកុមារ ឯកទេសជំងឺបំពង់រំលាយអាហារកុមារ ឯក ទេសជំងឺដុំមហារីក និងមហារីកឈាមស សល្យសាស្ត្ររោគកុមារទូទៅ និងសល្យសាស្ត្រប្រព័ន្ធប្រសាទសល្យ សាស្ត្រផ្នែកជំងឺបេះដូងកុមារ ផ្នែកព្យាបាលអន្តរាគមន៍តាមសរសៃឈាម ឯកទេសព្យាបាលជំងឺ Épilepsie ផ្នែកអប់រំសុខភាពបឋម និងចាក់ថ្នាំបង្ការ។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលដណ្តើមជីវិតកុមារកម្ពុជា ជាច្រើន ពីមាត់មច្ចុរាជ ក្រោយមក កុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យ ហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃ សម្រាប់សង្គមកម្ពុជា។

ជានិច្ចកាល លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែអំពាវានាវឱ្យសប្បុរសជនបរិច្ចាគថវិកាចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់ដំណើរ ការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសកកម្មដ៏ថ្លៃថ្លា សង្គ្រោះជីវិតកុមារកម្ពុជា។ លោកបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានា ជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ គឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាសនិងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕

RELATED ARTICLES