Saturday, January 31, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសាកថ្មទូរស័ព្ទ ផ្ទុះឆេះផ្ទះ របួស៤នាក់

សាកថ្មទូរស័ព្ទ ផ្ទុះឆេះផ្ទះ របួស៤នាក់

ភ្នំពេញ ៖ ផ្ទះឈើលើ ថ្មក្រោម មួយខ្នង នៅចន្លោះអគារផ្ទះជួលខ្ពស់ៗ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោ សន្ធៅ បណ្តាឱ្យរងរបួសធ្ងន់-ស្រាល ចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមូលហេតុផ្តើមចេញពីការសាកថ្មទូរស័ព្ទ ទុកចោល បង្កឱ្យផ្ទុះឆេះ កើតជាអគ្គិភ័យ ឆេះផ្ទះ។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះលេខ17DE ផ្លូវ២២៧ ក្រុម០៣ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ផ្ទះដែលរងការឆាបឆេះ ធ្វើពីឈើលើ ថ្មក្រោម មានទំហំ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះទូច ញ៉ ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរទិញ-លក់អេតចាយ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ភ្លើងបានឆាប់ឆេះចេញពីផ្ទះ ១ល្វែង ធ្វើពីថ្មក្រោម ឈើលើ យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើល ហើយអណ្តាតភ្លើងបានឆេះរាលទៅបន្ទប់ជួល នៃអគារផ្ទះជួលខ្ពស់ៗ ដែលនៅជាប់នោះទៀតផង។ ភ្លាមនោះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១៨គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ ១៤ឡាន ស្មើនឹង ៥៦ម៉ែត្រគូប រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះនរា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។

ចំពោះសំណង់រងគ្រោះ គឺជាប្រភេទថ្មក្រោម ឈើលើ ១ល្វែង ទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ឆេះខូចខាតសម្ភារៈអស់ទាំងស្រុង និងឆេះរោលជញ្ជាំងដល់ផ្ទះអ្នកជិតខាង ចំនួន២ល្វែង ព្រមទាំងម៉ូតូ ចំនួន៦គ្រឿង។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពន្លត់ចប់ នៅម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃដដែល។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (សាកថ្មទូរស័ព្ទ ផ្ទុះឆេះ) បង្កជាអគ្គិភ័យ ដែលបណ្តាលឱ្យមនុស្ស ចំនួន៤នាក់ រងរបួសធ្ងន់-ស្រាល ក្នុងនោះក្មេងស្រីម្នាក់ បានរងរបួសធ្ងន់ ចំណែក ៣នាក់ផ្សេងទៀត រងរបួសស្រាល (ស្រី១)។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ៕

RELATED ARTICLES