Wednesday, June 10, 2026
Homeតារាខ្មែរពេជ្រ សោភា យំមុខសង្សារ

ពេជ្រ សោភា យំមុខសង្សារ

ភ្នំពេញ ៖ លោក ឆឹម សក្កដា ដែលកំពុងតែមានជំងឺផ្លូវចិត្ត (depression) យ៉ាងធ្ងន់ អត់ថ្នាំមិនបាននោះ នៅថ្ងៃដែលពេជ្រ សោភា ជប់លៀងធំ ឲ្យអ្នកគាំទ្រ (Fan Meeting ) ថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២៦ លោកបានយកផ្កា ១បាច់ ទៅ Surprise សោភា នៅ Oakwood Premier Phnom Penh ដោយលោកអះអាងថា ខ្លួនក្នុងនាមជាអ្នកគាំទ្រនាងដ៏ងប់ងុលម្នាក់ (Big Fan) ហើយទំនាក់ទំនងរវាងលោកនិងនាង គឺជាមិត្តភាពយូរអង្វែង ។

លោក សក្កដា មិននិយាយពីរឿងស្នេហាជាមួយសោភា ទៀតទេ ហើយនៅថៃ្ងពិសេសនោះ លោកក៏មិនបង្ហាញភាពផ្អែមល្ហែមស្នេហ៍ ដូចជាឱបថើប ដើម្បីឲ្យ Fan ធ្វើជាសាក្សីដែរ ។ នេះជាការបង្ហាញការយកចិត្តទុកដាក់ផង បែបសោះកក្រោះផង របស់លោកសក្កដា ចំពោះសោភា ហើយចប់កម្មវិធី ពួកគេទៅផ្ទះ រៀងខ្លួន ។

តាមរយៈសកម្មភាពរបស់ពេជ្រ សោភា-ឆឹម សក្កដា នោះពួកគេដូចជាកំពុងតែរាប់អានគ្នាជាមិត្តធម្មតា ក្រោយភ្ជាប់ពាក្យបានជាង ៣ឆ្នាំ អត់ដំណឹងរៀបការ ។ ទោះជាយ៉ាងណា គ្មានភ័ស្ដុតាងណាមួយ បញ្ជាក់ថា សោភា និងលោកសក្កដា បានផ្ដាច់ពាក្យជាមួយគ្នាទេ ហើយអ្នកទាំងពីរ ក៏មិនយកគ្នាជាសត្រូវឡើយ ប៉ុន្ដែប្រែភ្លាយពីសង្សារ ទៅជាគូណ្ដឹង និងចុងក្រោយ ទៅជា «មិត្តភាព» ទៅវិញ ហេតុនេះភាគរយខ្ពស់ តារា១គូនេះ មិនអាចក្លាយជាប្ដីប្រពន្ធស្របច្បាប់បានទេ ដែលកន្លងមក ឧកញ៉ា ហេង ឡុង ប្ដីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបច្ចុ ប្បន្នកំពុងដោះស្រាយបំណុលរាប់សែនដុល្លារនោះ ធ្លាប់ប្រកាសថា បើពេជ្រ សោភា -ឆឹម សក្កដា  រៀបការមែន លោកនឹងចងដៃពួកគេ ៥០០០ដុល្លារ ។

ពេជ្រ សោភា បានប្រើជីវិតជាស្រី្ដមេម៉ាយ អស់រយៈពេល ១០ឆ្នាំ ក្រោយពីចែកផ្លូវអតីតប្ដីអាណិកជនខ្មែរនៅអា មេរិក ឆ្នាំ២០១៦ ។ នាងត្រូវបានគេចាត់ទុកថា ជោគជ័យតែអាជីពសិល្បៈ  ប៉ុន្ដែបរាជ័យរឿងស្នេហា តែការលើក ឡើងបែបនេះ នាំឲ្យសោភា មិនសប្បាយចិត្ត និងទាត់ចោល ព្រោះតាំងពីដើមមក តារាដែលកាន់សាសនាគ្រិស្ត (គ្រិស្ទាន) ជាង២០ឆ្នាំរូបនេះបានយកគ្រួសារ ជាជម្រើសទី១  ស្នេហាជាជម្រើសទី២ ហើយសព្វថ្ងៃ នាងនៅតែរក្សាគោលការណ៍នេះដដែល ។

សម្រាប់លោក សក្កដា ទោះជាទៅជា Fan របស់សោភា នៅថ្ងៃ Fan Meeting ប៉ុន្ដែលើកនេះ លោកមិនបានជូននំខេក ទៅនាង ដូចឆ្នាំមុនៗទេ ទោះជាលោកបានចាំថ្ងៃខួបកំណើតនាងច្បាស់ក៏ដោយ ។

គួរបញ្ជាក់ថា ពេជ្រ សោភា បានបង្ហូរទឹកភ្នែក នៅចំពោះមុខសង្សារ លោកឆឹម សក្កដា នៅពេលដែលនាងឈរនៅលើឆាក កំពុងតែនិយាយទៅកាន់ Fan ពីដំណើរអាជីពចម្រៀងរបស់នាង ស្រាប់តែមានអ្នកគាំទ្រ លើកនំខេក Surprise ខួបគម្រប់៤២ឆ្នាំ របស់នាង ដល់លើឆាក ទើបធ្វើឲ្យនាងរំភើប រហូតហូរទឹកនេត្រាជោកថ្ពាល់ ។ នៅចំពោះមុខអ្នកគាំទ្រ សោភា បានសន្យាធ្វើរឿងធំ២ ដើម្បីឲ្យ Fan សប្បាយចិត្ត ប៉ុន្ដែអត់កំណត់ពេលវេលាច្បាស់លាស់ទេ នោះគឺទី១ នាងនឹងរៀបចំធ្វើដំណើរកម្សាន្ដជាមួយ Fan និងទី២ នឹងច្រៀង Solo Concert នៅពេលវេលាសមស្របមួយ ។ Fan ចេះតែជំរុញឲ្យសោភា នាំពួកគេទៅដើរលេងរួមគ្នា នៅតំបន់ទេសចរណ៍ណាមួយ និងឲ្យការប្រគំតន្រ្ដី Solo Concert នោះ ចេញជារូបរាងឆាប់ៗ ប៉ុន្ដែសោភា បានប្រកាសពន្យារពេល ហើយមិនអាចកំណត់ពេលណាបានទេ ។ ចំពោះបញ្ហាដែលសោភា មិនអាចដាក់ថ្ងៃកម្មវិធីទាំងពីរខាងលើបាននោះ មកពីនាងជាប់ច្រៀងកម្មវិធីមួយចំនួន ដែលគេបានកក់រួចហើយ មិនអាចលុបចោលបាន និងម្យ៉ាងទៀត ការធ្វើកម្មវិធី Fan Meeting នាងចាយលុយសុទ្ធផ្ទាល់ខ្លួន មិនច្រៀងលក់សំបុត្រ ដូចតារាខ្លះ ហេតុនេះបើធ្វើកម្មវិធីធំ ២ទៀតនាងត្រូវការពេលវេលា ក៏ដូចជាត្រៀមលុយកាក់ ឲ្យបានល្អសិនផងដែរ។          

មានការកត់សម្គាល់ថា ក្នុងអាជីពចម្រៀង ២១ឆ្នាំ ពេជ្រ សោភា ដែលជាតារាស្រីលំដាប់ជូរមុខ ជាង២ទសវត្សមកនេះ នាងនាងទើបតែធ្វើកម្មវិធី Fan Meeting លើកដំបូង ហើយនាងជាតារាដែលបង្ហាញឲ្យគ្រប់គ្នាមើលឃើញថា ការព្យាយាមនិងតស៊ូ ធ្វើឲ្យយើងជោគជ័យនូវអាជីពដែលខ្លួនស្រលាញ់ ។ សោភា ក៏ត្រូវបានគេចាត់ ទុកជាតារាមានទ្រព្យច្រើនដែរ ព្រោះមានផ្ទះប្រណិត ជិះរថយន្ដទំនើប ២គ្រឿង ឆ្លាស់គ្នា ម៉ាក Mercedes ខណៈដែលលោក សក្កដា ១ថ្ងៃកាត់ ១ថ្ងៃកោរ ពោលគឺពេលខ្លះ ចង់តែធ្វើអត្តឃាត បញ្ចប់ជីវិត តែជូនកាល បែរជាស្អិតល្មូតជាមួយគូដណ្ដឹងទៅវិញ ៕

RELATED ARTICLES