Monday, February 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍កាប់ប្លន់ម៉ូតូស្រី ជាប់ខ្នោះ៤

គូស្នេហ៍កាប់ប្លន់ម៉ូតូស្រី ជាប់ខ្នោះ៤

ខេត្តកណ្តាល ៖ គូស្នេហ៍ ១គូ រួមនិងបក្ខពួក២នាក់ទៀត បានបបួលគ្នាចេញធ្វើសកម្មភាពកាប់ប្លន់ម៉ូតូ ១គ្រឿង ពីនារីជាកម្មការិនីរោងចក្រម្នាក់ បានសម្រេច រួចនាំគ្នារត់គេចខ្លួនបាន ៤ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានទាំង ៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវ៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ រហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ការបង្ក្រាបក្រុមជនសង្ស័យ បានចំនួន៤នាក់។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះសៅ ស៊ីណាត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ ទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះយាន រ៉ាយុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន១ឆ្នាំកន្លះ ក្នុងករណីអំពើលួចម៉ូតូ និងមានសារធាតុញៀន)។ ទី២-ឈ្មោះស៊ឹម ប៊ុនណា ហៅតូច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រា កដ រស់នៅ ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង (ធ្លាប់ជាប់ពន្ធនាគារ ចំនួន១ឆ្នាំ នៅខេត្តតាកែវ ក្នុងករណីទទួលផលចោរកម្ម និងមានសារធាតុញៀន)។ ទី៣-ឈ្មោះថា ជីវ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិន ពិតប្រាកដ រស់នៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង (មានសារធាតុញៀន) និងទី៤-ឈ្មោះវិញ ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង (គ្មានសារធាតុញៀន) ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ផលិតឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1S-9620 មានគ្នាចំនួន៣នាក់ (ប្រុស១ ស្រី២) ចេញពីកម្មវិធីខួប កំណើតមិត្តភក្តិ នៅផ្លូវវេងស្រេង ក្នុងគោលបំណងទៅកាន់បន្ទប់ជួល នៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លុះដល់វេលាម៉ោង ៣និង ២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខណៈពេលជិះមកដល់ចំណុចផ្លូវ៦០ម៉ែត្រ ម៉ូតូបែកកង់ ទើបនាំគ្នាចុះបណ្តើរ ពេលនោះស្រាប់តែលេចមុខក្រុមជនសង្ស័យ មានគ្នាចំនួន៤នាក់ (ស្រី១) ជិះម៉ូតូ ២គ្រឿង ម៉ាកអ៊ិចស៊ីងតឺ និងម៉ាកហុងដា ឌ្រីម សេ១២៥ បានដកកាំបិតកាប់ក្រុមជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះមានការភ័យខ្លាច ក៏ផ្តួលម៉ូតូ នាំគ្នារត់ចោល។ ចំណែកក្រុមជនសង្ស័យ បាននាំគ្នាលើកម៉ូតូ ជិះចេញទៅទាំងបែកកង់។ ក្រោយមក ក្រុមជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរ ដើម្បីឱ្យជួយស្រាវជ្រាវរកក្រុមជនសង្ស័យ។

រហូមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ សហការជាមួយកម្លាំងផ្នែកយុត្តិធម៌ស្រុកកណ្តាលស្ទឹង បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង៤នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ឡើងតែម២០២៥ ពាក់ស្លាកលេខ កំពង់ធំ 1S-9620 ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ)។ ២-ម៉ូតូម៉ាក WINNER ពណ៌ខ្មៅ លាយក្រហម គ្មានស្លាកលេខ ចំនួន១គ្រឿង (ជារបស់ជនសង្ស័យ)។ ៣-ទូរស័ព្ទដៃ ចំនួន៣គ្រឿង (ជារបស់ជនសង្ស័យ)។

៤-កាំបិតចែត ១ដើម ដងឫស្សី ប្រវែង០,៥៧ម៉ែត្រ (ជារបស់ជនសង្ស័យ)។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្ម ភាពកាប់ប្លន់ម៉ូតូនារីរងគ្រោះខាងលើប្រាកដមែន។

ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាកក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES