Monday, February 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនក្មេងទំនើង ៩នាក់ បង្ហោះម៉ូតូ ជក់បារីអេឡិចត្រូនិក

ឃាត់ខ្លួនក្មេងទំនើង ៩នាក់ បង្ហោះម៉ូតូ ជក់បារីអេឡិចត្រូនិក

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើង បង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិក និងអ្នកលក់បារីអេឡិចត្រូនិក ២ទីតាំង ឃាត់ខ្លួនមនុស្ស សរុប៩នាក់ ដកហូតម៉ូតូ ៦គ្រឿង ទៅរក្សាទុក រយៈពេល៣ខែ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយទទួលបានបណ្តឹងផ្ទាល់មាត់ ពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ២និង១០នាទីរសៀល បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ៦នាក់ ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចបុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ០៦ ផ្ទះលេខ៥៤ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយដកហូតបារីអេឡិចត្រូនិក (វេប) ចំនួន១ដើម និងម៉ូតូ ៦គ្រឿង ត្រូវយកទៅរក្សាទុក រយៈពេល៣ខែ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្រោមវិធានជំនាញ នៅថ្ងៃដដែល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌដង្កោ បានបន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ២កន្លែង គឺនៅចំណុចផ្លូវបេតុង កែងផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ និងចំណុចផ្លូវបេតុង ផ្ទះលេខ ៧២៣ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោ យចាប់យកវត្ថុតាង រួមមាន ម៉ាស៊ីនជក់ចម្រុះ ចំនួន ២០៩ម៉ាស៊ីន ក្បាលជក់ចម្រុះ ចំនួន ១០៥ក្បាល ទឹក Vape (វេប) ចំនួន ២ដប  YOOZ ចំនួន២ប្រអប់ ខ្សែពាក់កមួយចំនួន ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំង ទាំង២កន្លែងដើ ម្បី ចាត់ការតាមនីតិវិធីច្បាប់។ រីឯអ្នកប្រើប្រាស់បារីអេឡិចត្រូនិក ១នាក់ ត្រូវបានអប់រំណែនាំ និងធ្វើកិច្ច សន្យា រួចឱ្យឪពុកម្តាយមកធានាត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES