Thursday, April 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូលក់ ចែកគ្នាជក់ថ្នាំញៀន ជាប់ខ្នោះ២

លួចម៉ូតូលក់ ចែកគ្នាជក់ថ្នាំញៀន ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចយកទៅឱ្យបក្ខពួកលក់ បានចំនួន ២០០ដុល្លារ យកមកចែកគ្នា ៤នាក់ រួចនាំគ្នាដើរស៊ីចាយ ជក់ថ្នាំញៀនអស់ លុះ១ថ្ងៃក្រោយមក ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ខណៈបក្ខពួក ២នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង២២នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះលេខ១៧១ ផ្លូវលេខ១១ បុរីពិភពថ្មី១ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លុះមកដល់វេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន២នាក់។

ជនសង្ស័យ ២នាក់ ដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះចែម លីហួរ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងទី២-ឈ្មោះទូច វាសនា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំពោះវត្ថុតាងដកហូតបាន ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JY-4812 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ចំណែកម៉ូតូដែលជនសង្ស័យ លួចយកទៅ ម៉ាក SUZUKI Next II ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1R-9427 ជារបស់ជនរងគ្រោះ ឈ្មោះសារី លីនដា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកហាងលក់បបរតុការ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នារីរងគ្រោះ បានជិះម៉ូតូរបស់ខ្លួន ចេញពីបន្ទប់ជួល ទៅកន្លែងធ្វើការ នៅហាងលក់បបរតុការ ចំណុចកើតហេតុខាងលើ។ លុះពេលទៅដល់ នាងបានទុកម៉ូតូ នៅខាងមុខកន្លែងធ្វើការនោះ រួចបានចូលទៅធ្វើការនៅខាងក្នុងហាង ដោយភ្លេចដកកូនសោចេញពីម៉ូតូ។ រហូតវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃដដែល ទើបសម្រាកហូបបាយថ្ងៃ ត្រង់ ហើយពេលនាងដើរចេញទៅយកម៉ូតូ ស្រាប់តែបាត់ បង្កការភ្ញាក់ផ្អើលឆោឡោតែម្តង។

ពេលនោះ នារីរងគ្រោះ បានឆែកមើលកាមេរ៉ាសុវត្ថិភាព នៅកន្លែងធ្វើការ បានឃើញជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់នាង នៅវេលាម៉ោង ១០និង២២នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ បន្ទាប់មក នារីរងគ្រោះ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់នគរបាល និងដាក់ពាក្យបណ្តឹង ដើម្បីឱ្យនគរបាលជួយស្រាវ ជ្រាវរកជនសង្ស័យខាងលើ ដោយភ្ជាប់មកជាមួយឃ្លីបវីដេអូសកម្មភាពរបស់ជនសង្ស័យ តាមរយៈកាមេរ៉ាសុវត្ថិ ភាពផង។

លុះដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានម្នាក់ ឈ្មោះចែម លីហួរ នៅត្រង់ចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងដកហូតបានម៉ូតូ ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JY-4812 លេខតួ និងលេខម៉ាស៊ីន 5348607 ដែលជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព រួចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះចែម លីហួរ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកចំនួន២នាក់ទៀត ទី១-ឈ្មោះហ្សា ភេទប្រុស អាយុប្រហែល២០ឆ្នាំ និងទី២-ឈ្មោះនិត ភេទប្រុស អាយុ១៩ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង របស់ជនរងគ្រោះខាងលើ ប្រាកដមែន។ បន្ទាប់ពីលួចម៉ូតូបានហើយ ពួកគេបានយកម៉ូតូនោះ ទៅឱ្យបក្ខពួកម្នាក់ទៀត ឈ្មោះទូច វាសនា ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកយកទៅលក់ ចែកលុយគ្នា ហើយខ្លួនបានលុយ ចំនួន៦០ដុល្លារ  រួចបានយកមកចាយ និងទិញថ្នាំញៀនជក់ អស់ហើយ។

រហូតមកដល់វេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះទូច វាសនា នៅត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅតាមផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំ ពេញ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

ជនសង្ស័យ ឈ្មោះ ទូច វាសនា បានឆ្លើយសារភាពថា ខ្លួនពិតជាបានសមគំនិតជាមួយឈ្មោះចែម លីហួរ មែន ដោយយកម៉ូតូដែលលួចបានពីនារីរងគ្រោះ ទៅលក់ឱ្យបុរសម្នាក់ទៀតឈ្មោះម៉ាប់ អាយុប្រមាណ៣២ឆ្នាំ បានលុយ ចំនួន២០០ដុល្លារ។ បន្ទាប់មក ខ្លួនបានឱ្យលុយទៅឈ្មោះចែម លីហួរ ឈ្មោះហ្សា និងឈ្មោះនិត ក្នុងម្នាក់ៗ ចំនួន៦០ដុល្លារ ចំណែកខ្លួន បានតែ ២០ដុល្លារប៉ុណ្ណោះ រួចយកមកស៊ីចាយ និងទិញថ្នាំញៀនជក់អស់ហើយ។

ជនសង្ស័យទាំង២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ដោយឡែកបក្ខពួកជនសង្ស័យផ្សេងទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES