ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានជាច្រើន ពាក់ព័ន្ធនឹងការពិចារណារបស់ប្រទេសថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា នៃខ្ពង់រាប បាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០០១ (MOU-2001) ដោយបញ្ជាក់ថា ជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ប្រសិនបើភាគីថៃ សម្រេចដកខ្លួនជាឯកតោភាគី ពីអនុស្សរណៈឆ្នាំ២០០១ ដែលនេះជាជំហានមួយ ងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃឯកសារនេះ។ ចំពោះប្រទេសកម្ពុជា នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំនិងឥតងាករេ ចំពោះខ្លឹមសារនិងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំ ពោះសុច្ឆន្ទៈនិងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លេខ ៖ ថក ១១/២០២៦ កបទ.សអ ចុះថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានជាច្រើន ពាក់ព័ន្ធនឹងការពិចារណារបស់ប្រ ទេសថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា នៃខ្ពង់រាប បាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០០១ (MOU-2001) អ្នកនាំពាក្យក្រ សួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ដូចខាងក្រោម ៖
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ នេះ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការរៀបចំដោយស្មោះត្រង់ នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរ អាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួម ពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រ ស្របតាមច្បាប់អន្តរ ជាតិ ផងដែរ។
អនុស្សរណៈឆ្នាំ២០០១ ក៏បង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែង កំណត់ព្រំដែនសមុទ្រមួយ ប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ តាមសេចក្តីចែងនៃអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ឯកសារនេះ នៅតែមានសុពលភាព រហូតដល់គោលបំណងរបស់អនុស្សរណៈនេះត្រូវបានសម្រេចពេញលេញ។
ដូច្នេះវាជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ប្រសិនបើភាគីថៃ សម្រេចដកខ្លួនជាឯកតោភាគី ពីអនុស្សរណៈឆ្នាំ២០០១ ដែលនេះជាជំហានមួយ ងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃឯកសារនេះ។ ចំពោះប្រទេសកម្ពុជា វិញ នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេ ចំពោះខ្លឹមសារនិងស្មារតីនៃអនុស្ស រណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈនិងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១»៕ ខៀវទុំ