Friday, April 10, 2026
Homeទេសចរណ៍ស្ពានឈើថ្មើរជើង ប្រាសាទបេងមាលា បញ្ចប់ការជួសជុល

ស្ពានឈើថ្មើរជើង ប្រាសាទបេងមាលា បញ្ចប់ការជួសជុល

ខេត្តសៀមរាប ៖ រូបភាពនៃប្រាសាទបុរាណ ដែលហ៊ុមព័ទ្ធដោយដើមឈើធំៗ និងសម្រស់ធម្មជាតិដ៏អាថ៌កំបាំង នៃប្រាសាទបេងមាលា ពេលនេះកាន់តែបង្កើនភាពទាក់ទាញទ្វេដង ក្នុងពេលដែលអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុល “ស្ពានឈើថ្មើរជើង” ជាស្ថាពរ ដើម្បី រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ នាពេលចូលឆ្នាំថ្មីនេះ។

បទពិសោធន៍ថ្មី លើដងស្ពាន ដែលមានទំហំធំទូលាយជាងមុន សុវត្ថិភាពជាងមុន គឺស្ពានឈើថ្មីដែលមានប្រ វែងសរុបដល់ទៅ ១៨៩ ម៉ែត្រនេះ មិនត្រឹមតែជាច្រកសម្រាប់ដើរទស្សនាប៉ុណ្ណោះទេ ប៉ុន្តែគឺជាមគ្គុទ្ទេសក៍ឈើ ដែលនឹងនាំលោកអ្នកលម្ហែកាយចេញពីទិសខាងត្បូង ឆ្ពោះទៅកាន់បេះដូងនៃប្រាសាទ។ ជាមួយនិងការរចនា បង្គុំតាមបទដ្ឋានបច្ចេកទេស យ៉ាងសម្រិតសម្រាំង ស្ពាននេះ ត្រូវបានពង្រីកទទឹងឱ្យកាន់តែធំទូលាយ (ចាប់ពី ១,៣០ម៉ែត្រ ដល់១,៧០ម៉ែត្រ) ដែលផ្តល់ភាពងាយស្រួលក្នុងការដើរទស្សនា និងថតរូបកម្សាន្ត ដោយមិនមានភាពរអាក់រអួល។ នេះគឺជាការលះបង់ដើម្បីកេរដំណែលដូនតា អស់រយៈពេលជិត៧ខែ។

លោកពុទ្ធ សុទ្ធ ប្រធានគ្រប់គ្រងគម្រោងនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ស្ពានថ្មីនេះ បានជំនួសឱ្យស្ពានចាស់ដែលធ្លាប់ទ្រុឌទ្រោមដោយអាយុកាល និងអាកាសធាតុ។ ការជួសជុល ត្រូវបានបញ្ចប់ជាស្ថាពរ នៅដើមខែមេសា ឆ្នាំ២០២៦ នេះ ដើម្បីធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់បំផុត សម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ ការបង្កើតភាពសុខដុមរមនារវាង “ស្ថាបត្យកម្ម និងធម្មជាតិ” ដែលជាតម្លៃទេសភាពប្រាសាទបេងមាលា ត្រូវបានគេស្គាល់ថាជាប្រាសាទក្នុងព្រៃ ដែលមានសោភណភាពប្លែកពីគេ។ ស្ពានឈើថ្មីនេះ ត្រូវបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ ដើម្បីឱ្យភ្ញៀវទេសចរអាចផ្តិតយកទិដ្ឋភាពពីលើអាកាស មើលឃើញក្បូរក្បាច់ចម្លាក់ដ៏វិចិត្រ និងគំនរថ្មដែលប្រកបដោយមន្តស្នេហ៍ ពីលើស្ពាន។ បង្ហាញជូនភ្ញៀវនូវអារម្មណ៍ស្រស់ស្រាយក្នុងដំណើរកម្សាន្តក្រោមម្លប់ឈើត្រឈឹងត្រឈៃ ប្រៀបដូចជាការ ដើរក្នុងឋានសួគ៌បុរាណ។ យើងបង្កើតភាពងាយស្រួលលើដងស្ពាន ដោយបំពាក់ជណ្តើរ និងផ្លូវដើរថ្មី ជួយឱ្យការទស្សនាប្រាសាទ មហិមានេះ កាន់តែមានភាពងាយស្រួល និងអារម្មណ៍រំភើប៕

RELATED ARTICLES