ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដោយខ្ចីម៉ូតូមិត្តភក្តិ ជិះទៅទិញបារី បែរជាយកទៅបញ្ចាំ យកលុយចែកគ្នាចាយ។

ករណីខ្ចីម៉ូតូមិត្តភក្តិជិះ រួចយកទៅបញ្ចាំនេះ បានកើតឡើង កាលពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់មហាលាភ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តា ល។ រហូតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ជាបន្តបន្ទាប់ ចំនួន៣នាក់។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ទី១-ឈ្មោះប៉ង់ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២-ឈ្មោះតាក់ ប៊ុនថង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបររថយន្ត មានលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងទី៣-ឈ្មោះធី ធា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
ចំពោះវត្ថុតាងដកហូត ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KH-5680 ។ ចំណែកម៉ូតូដែលជនសង្ស័យកទៅដាក់បញ្ចាំ ម៉ាកស៊ុយស៊ូគី និច ពណ៌លឿងស ពាក់ស្លាកលេខ កណ្តាល 1AM-2482 ជារបស់ជនរងគ្រោះ ឈ្មោះទួន រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិកណ្តា លកោះតូច ឃុំតាលន់ ស្រុកស្អាង។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ ដឹកសង្សារ មកពីដើរលេងនៅរាជធានីភ្នំពេញ លុះមកដល់សួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ បានជួបជនសង្ស័យឈ្មោះប៉ង់ ពេជ្រ ដែលត្រូវជាមិត្តភក្តិរបស់ សង្សារខ្លួន។ បន្ទាប់មក ពួកគេបានបបួលគ្នាទៅដេកនៅក្នុងផ្ទះសំណាក់ មហាលាភ ហើយក្រោយមក សង្សាររបស់ជនរងគ្រោះ ចង់ជក់បារី ក៏បានយកកូនសោម៉ូតូ ពីជនរងគ្រោះ ហុចទៅឱ្យជនសង្ស័យ ឈ្មោះប៉ង់ ពេជ្រ ជិះទៅទិញបារី ស្រាប់តែជនសង្ស័យ ជិះយកទៅបាត់រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ មិនឃើញជិះមកវិញ ទើបជនរងគ្រោះ សម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ដើម្បីឱ្យជួយស្រាវជ្រាវ។
លោកអធិការ បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍បានចេញប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន៣នាក់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាជិះម៉ូតូរបស់ជនរងគ្រោះយកទៅបាត់ មែន ដោយមិនបានទៅទិញបារីទេ គឺបានពឹងបក្ខពួក ឈ្មោះតាក់ ប៊ុនថង និងឈ្មោះធី ធា ឱ្យជូនខ្លួន យកម៉ូតូទៅដាក់បញ្ចាំ នៅផ្សារឃ្លាំងរំសេវ បានប្រាក់ ៤៥០ដុល្លារ ចែកគ្នាចាយអស់ទៅហើយ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ត តាមនីតិវិធី៕