
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យជឿនលឿន បានប្រតិកម្មទៅនឹងរដ្ឋបាលខណ្ឌជ្រោយចង្វា ដែលបានបដិសេធការស្នើសុំជួសជុលនិងលើកស្លាក ចំនួន៣ផ្ទាំង ឡើងវិញ បន្ទាប់ពីមានជនមិនស្គាល់មុខ បានលួចផ្ដួលរំលំ កាលពីពេលថ្មីៗនេះ ។ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យជឿនលឿន មិនអាចទទួលយកបាន នូវហេតុផលរបស់រដ្ឋបាលខណ្ឌជ្រោយចង្វា ដែលថាលើកស្លាកតាមផ្លូវ ធើ្វឲ្យខូចសណ្ដាប់ធ្នាប់ របៀបរយរយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែឧសភាឆ្នាំ 2026 លោក យិន លន អនុប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សប្រជាធិបតេយ្យជឿនលឿន បានធ្វើលិខិតគោរពជូនរដ្ឋបាលខណ្ឌជ្រោយចង្វា កម្មវត្ថុ ស្តីពីការជូនដំណឹងជួសជុលនិងលើកស្លាកគណបក្សឡើងវិញតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចគល់ស្ពាន និងចុងស្ពានទី១១ និងទី១២ ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាកខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជាការឆ្លើយតប លោកលឹម សុភា អភិបាលខណ្ឌជ្រោយចង្វា បានធ្វើលិខិតចុះថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ជម្រាបមកលោកយិន លន អនុប្រធានគណៈកម្មាធិការរាជធានីភ្នំពេញគណបក្សប្រជាធិបតេយ្យលឿន ដោយបានបញ្ជាក់បដិសេធថា ចំពោះការជូនដំណឹងការជួសជុលនិងលើកស្លាកគណបក្សប្រជាធិបតេយ្យជឿនលឿន ឡើងវិញ ចំនួន ៣ស្លាក ដែលបានដួលរលំកន្លងមក មានទំហំ ១.២០ម គុណ១.៨០ម នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចគល់ស្ពាន និងចុងស្ពានទី១១ និងទី១២ ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាកខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នោះ រដ្ឋបាលខណ្ឌជ្រោយចង្វា បានពិនិត្យឃើញថា ទីតាំងខាងលើ ជាទីសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ ។ ដូចនេះសូមលោកពិនិត្យនិងរកទីតាំងថ្មី ដូចជាលំនៅឋានឯកជន ឬទីតាំងឯកជន ដែលមានការយល់ព្រមជាមុនពីម្ចាស់លំនៅឋាន ឬម្ចាស់ទីតាំងទាំងនោះ ជាមុនសិន ។

ក្រោយបានឃើញការឆ្លើយតបជាលិខិតខាងលើនេះ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យជឿនលឿន បានសម្ដែងការខកចិត្តិត្ត និងចាត់ទុកហេតុផលដែលថា ការលើកស្លាកនៅទីសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយ ជាចម្លើយមិនសមហេតុផល។
លោក សួន សូរីដា អនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន និងជាប្រធានក្រុមការងារថ្នាក់ជាតិរាជធានីភ្នំពេញ បានលើកឡើងតាមបណ្តាញសង្គម ហ្វេសប៊ុក របស់លោកនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ថា ស្លាកគណបក្សប្រជាធិបតេយ្យជឿនលឿន ៣ស្លាក នៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា (សង្កាត់បាក់ខែង) បានទទួលពាក្យជូនដំដំណឹង និងអនុញ្ញាតឱ្យលើក កាលពីដើមខែមីនា តែនៅក្នុងខែឧសភា ត្រូវបានជនមនស្គាល់អត្តសញ្ញាណ កាច់បំបាក់ រាបដល់ដី ។ គណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ បានធ្វើលិខិតទៅសង្កាត់បាក់ខែង ជាថ្មីម្ដងទៀត ដើម្បីសុំជុសជួលឡើងវិញ តែសង្កាត់ថា ខាងសាលាខណ្ឌ ថាមិនឱ្យលើក។ យើងក៏ធ្វើលិខិតទៅសាលាខណ្ឌជ្រោយចង្វា ដើម្បីជូនដំណឹង និងជួសជុលឡើងវិញ តែសាលាខណ្ឌជ្រោយចង្វា បានឆ្លើយថា «មិនអនុញ្ញាតឱ្យលើកតាមផ្លូវសាធារណៈ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ»។ ពេលស្តាប់និងអានហើយ លោកហួសចិត្ត នៅត្រង់ថា ១.អ្នកអនុវត្តច្បាប់ អត់ដឹងច្បាប់ ២.លោកសុំសួរទៅវិញថា ស្លាកគណបក្សប្រជាជនកម្ពុជា ចម្ងាយតែ ១០ម៉ែត្រ ពីគ្នា ទំហំប៉ុនផ្ទះ តើស្លាកនេះ មិនធ្វើឲ្យខូចសណ្ដាប់ធ្នាប់ទេឬ? នេះបញ្ជាក់ថា ការអនុវត្តច្បាប់ និងសកម្មភាពមិនស្មើភាពរវាងគណបក្សនយោបាយ ។ ៣.លោកក៏សុំសួរថា តើស្លាកស្រាបៀរពេញដងផ្លូវ បានជាសោភណ្ឌនិងសណ្តាប់ធ្នាប់ឬ?
បន្ថែមលើការលើកឡើងតាមបណ្តាញសង្គមខាងលើនេះ លោកសួន សូរីដា បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ថា តាម សជណ របស់ក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរដែនដី ២៥រាជធានី-ខេត្ត បង្កលក្ខណៈងាយស្រួលដល់សកម្មភាពគ្រប់នយោបាយទាំងអស់ដែលមានច្បាប់ត្រឹមត្រូវ តែជាក់ស្តែង ការអនុវត្តច្បាប់ និង សជណ របស់ក្រសួងមហាផ្ទៃ ហាក់កន្លែងខ្លះបានអនុវត្ត ហើយកន្លែងខ្លះទៀតមិនអនុវត្ត ដូចដែលសាលាខណ្ឌជ្រោយចង្វា បានបដិសេធនឹងការជូនដំណឹងរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន ។ ដូច្នេះលោកថា បើរដ្ឋាភិបាល ចង់ឱ្យការដឹកនាំរបស់ខ្លួនបានជោគជ័យ គួរដកមន្ត្រីអសកម្មបែបនេះចេញទៅ ។

លោក សួន សូរីដា បានមានប្រសាសន៍ថា “តាម សជណ របស់ក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរដែនដី ២៥រាជធានី-ខេត្ត បង្កលក្ខណៈងាយស្រួលដល់សកម្មភាពគ្រប់នយោបាយទាំងអស់ដែលមានច្បាប់ត្រឹមត្រូវ តែជាក់ស្តែងការអនុវត្តច្បាប់ និង សជណ របស់ក្រសួងមហាផ្ទៃ ហាក់កន្លែងខ្លះបានអនុវត្ត ហើយកន្លែងខ្លះទៀតមិនអនុវត្ត ដូចសាលាខណ្ឌជ្រោយចង្វា នេះអ៊ីចឹង ។ នេះមានន័យថា ៖ ១. គាត់ជាអ្នកល្មើស ឬមិនគោរពតាម សជណរបស់ក្រសួងមហាផ្ទៃ ដែលជាមេដឹកនាំគាត់។ ២. ពួកគាត់ដឹងច្បាប់ តែមិនអនុវត្តច្បាប់ ៣. ការអនុវត្តមិនស្មើភាពគ្នា រវាងគណបក្សនយោបាយ រឿងហួសចិត្ត ស្លាកស្រាបៀរ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលដ្ឋ អំពើហិង្សាក្នុងសង្គម មូលហេតុនៃគ្រោះថ្នាក់ផ្សេងៗ បែរជាសាលាខណ្ឌ ឬរាជធានីភ្នំពេញ អនុញ្ញាតឱ្យដាក់ពេញតាមដងផ្លូវ នេះបញ្ជាក់ថា សាលាខណ្ឌ ឬរាជធានីភ្នំពេញ «លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរ ផឹកសេពគ្រឿងស្រវឹង ជាងប្រទេសជាតិ»។
លោក សួន សូរីដា បានមានប្រសាសន៍បន្តថា “បើសាលាខណ្ឌជ្រោយចង្វា ថាការលើកស្លាក ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ ដូច្នេះត្រូវទម្លាក់ស្លាកទាំងអស់តាមផ្លូវនេះ កុំឱ្យមាននៃគណបក្សនយោបាយនានា និងស្លាកប៉ាណូផ្សាយពាណិកម្មផ្សេងៗ បើពុំនោះទេ ការលើកឡើងរបស់សាលាខណ្ឌជ្រោយចង្វា ជាលេសដែលបិទបាំង និងរារាំងស្លាកគណបក្សប្រជាធិបតេយ្យជឿនលឿន មិនឱ្យលើកប៉ុណ្ណោះ។ បើមិនស្មើភាពគ្នារវាងគណបក្សនយោបាយ នូវសកម្មភាព និងការលើកស្លាក តើឱ្យការបោះឆ្នោត មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ម្តេចកើត?“ ។

លោក សួន សូរីដា បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំឃើញប្រមុខរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា តែងតែប្រកាសតាមវេទិកាសាធារណៈឱ្យមន្ត្រីនានា អនុវត្តច្បាប់។ ចុះបើមន្ត្រីបែបសាលាខណ្ឌជ្រោយចង្វា មិនអនុវត្តតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នេះបង្ហាញថា មន្ត្រីនេះ មិនស្តាប់ និងមិនគោរពថ្នាក់ដឹកនាំខ្លួននោះទេ។ អ៊ីចឹងតើ បានគោលនយោបាយរដ្ឋាភិបាល យុទ្ធនាការផ្សេងៗរបស់រដ្ឋាភិបាល មិនសូវបានជោគជ័យ បណ្តាលមកពីមន្ត្រីថ្នាក់ក្រោម (ដូចសាលាខណ្ឌជ្រោយចង្វា) មិនអនុវត្ត។ ដូច្នេះបើរដ្ឋាភិបាល ចង់ឱ្យការដឹកនាំរបស់ខ្លួនបានជោគជ័យ គួរដកមន្ត្រីអសកម្មបែបនេះចេញទៅ“ ។
ជាមួយគ្នានោះដែរ លោកប៉ោ មករា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ថា វាជាហេតុផលមួយដែលមិនសមរម្យ ឬជាហេតុផលមួយដែលអាជ្ញាធរយកលេស ព្រោះបើពិនិត្យទិដ្ឋភាពជារួមនៅទីតាំងដែលគណបក្សប្រជាធិបតេយ្យជឿនលឿន លើកស្លាកនោះ ក៏ឃើញមានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច លើកនៅទីនោះដែរ ។ ដូច្នេះសរុបមកវិញ ប្រសិនបើមិនអនុញ្ញាតឲ្យគណបក្សប្រជាធិបតេយ្យជឿនលឿន លើកស្លាក ដាក់ស្លាកនៅទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ ឬក៏ស្លាកដែលដួលជាក់ស្តែង វាគួរណាតែត្រូវបានគោរពទាំងអស់គ្នា មិនមែនគោរពតែគណបក្សប្រជាធិបតេយ្យជឿនលឿន ចំណែកគណបក្សកាន់អំណាច មានសិទ្ធិដាក់នៅទីតាំងនោះដែរ ឬក៏តាមបណ្តោយទីតាំងដែលអាជ្ញាធរគិតថា ខូចសណ្ដាប់ធ្នាប់សាធារណៈ ។

លោកប៉ោ មករា បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធទៅនឹងការដួលរលំស្លាករបស់គណបក្សប្រជាធិបតេយ្យជឿនលឿន នៅតាមបណ្ដោយផ្លូវជាតិ ៦A មានទិដ្ឋភាពពីរ ដែលក្រុមការងារបានត្រួតពិនិត្យនិងអង្កេត ។ ទី១ គឺយើងសង្កេតថា នឹងមានខ្យល់ អាចបាក់ អាចធ្វើឲ្យរលំ ។ ទី២ តាមអ្វីដែលជាការអង្កេតរបស់ក្រុមការងារហ្នឹង វាហាក់បីដូចមិនមែនជាការដួលរលំដោយខ្យល់ ឬក៏រលំដោយសារទឹកភ្លៀង ឬក៏រលំដោយសារខ្យល់កន្រ្តាក់ ព្រោះអ្វីដែលជាការសង្កេតរបស់ក្រុមការងារ យើងឃើញថា ការដួលរបស់ស្លាកហ្នឹង មិនមែនជាការដួលក្នុងកម្រិតមួយជាការដួលដោយសារតែភ្លៀង ឬក៏ខ្យល់ទេ ។ អ៊ីចឹងវាហាក់ដូចជាមានជនមិនស្គាល់មុខ ទៅទាញរំលំ ឬក៏ជាន់រំលំបន្ថែម ឲ្យរាបដល់ដី ពីព្រោះយើងឃើញថា ស្ថានភាពស្លាកដែលដាក់ហ្នឹង រលំហ្នឹង រលំទាំង៣ ហើយដួលហ្នឹង ដួលរាបស្មើនឹងដី កប់នឹងស្មៅ ។ អ៊ីចឹងស្ថានភាពបែបនេះ វាហាក់បីដូចជាមានជនមិនស្គាល់មុខហ្នឹង ទៅរំលំ ទៅជាន់ ទៅទាញរំលំចោល ។ នេះជាអ្វីដែលក្រុមការងារបានសង្កេតទៅលើស្ថានភាពដែលស្លាកទាំង៣ហ្នឹងបានដួលទៅតាមបណ្ដោយផ្លូវជាតិលេខ៦ ។ អ្វីដែលគួរឲ្យសោកស្ដាយជាងហ្នឹងទៅទៀត អាជ្ញាធរខណ្ឌ បានហាមប្រាម មិនឲ្យក្រុមការងារគណបក្សប្រជាធិបតេយ្យជឿនលឿន ប្រចាំរាជធានីភ្នំពេញ លើកស្លាកទាំង៣ ឡើងវិញ ក្រោមហេតុផលថា ជាការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ។ ខ្ញុំគិតថា វាជាមបញ្ហាមួយ ដែលជាហេតុផលមួយដែលមិនសមរម្យ ជាហេតុផលមួយដែលអាជ្ញាធរ យកលេស ។ ពិនិត្យទិដ្ឋភាពជារួមនៅទីតាំងដែលគណបក្សប្រជាធិបតេយ្យជឿនលឿន លើកស្លាកនៅទីនោះ ក៏ឃើញមានគណបក្សប្រជាជនកម្ពុជា ហ្នឹង លើកនៅទីនោះដែរ“ ។

លោកប៉ោ មករា បានមានប្រសាសន៍បន្តថា “ដូច្នេះខ្ញុំគិតថា លេសនៃការខូចសណ្ដាប់ធ្នាប់ ក៏ដូចជាធ្វើឲ្យមានបញ្ហាសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវហ្នឹង វាជាហេតុផលមួយដែលមិនត្រឹមត្រូវ ជាហេតុផលមួយដែលមិនស្មើភាពគ្នា ក្នុងនាមជាគណបក្សនយោបាយដែលឈរក្នុងច្បាប់របស់កម្ពុជា ដូចគ្នា ។ ហើយមួយទៀត កាលណាបើយើងនិយាយអំពីការខូចសណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវក្ដី នៅទីសាធារណៈផ្សេងៗ យើងដាក់ជាសំណួរសួរថា តើសណ្ដាប់ធ្នាប់សាធារណៈហ្នឹង វាខូចដោយសារតែស្លាកគណបក្សប្រឆាំង មួយពីរហ្នឹង ឬក៏វាខូចដោយកត្តាផ្សេងៗ? យើងឃើញទិដ្ឋភាពជារួម បញ្ហាបរិស្ថាន បញ្ហាសណ្ដាប់ធ្នាប់សាធារណៈហ្នឹង យើងឃើញហើយ វាពាក់ព័ន្ធទៅនឹងគេហៅថាការគ្រប់គ្រងរបស់អាជ្ញាធរខណ្ឌ និងភូមិឃុំហ្នឹង វាហាក់ដូចជានៅមានកម្រិតនៅឡើយ ។ អ៊ីចឹងបញ្ហាសំរាម បញ្ហាបង្ហូរទឹកស្អុយទៅកាន់ទីសាធារណៈហ្នឹង ក៏ជាបញ្ហាដែលធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈដែរ ។ អ៊ីចឹងមានកត្តាជាច្រើន ដែលអាជ្ញាធរ គួរដោះស្រាយ មិនគួរណាមកយកលេសពាក់ព័ន្ធនឹងការលើកស្លាកមួយពីរ របស់គណបក្សប្រឆាំង នៅតាមបណ្ដោយផ្លូវសាធារណៈបែបនេះទេ“។

លោកប៉ោ មករា បានមានប្រសាសន៍បន្តទៀតថា “ហើយមួយទៀត ដែលជាបញ្ហាខុសប្រក្រតីដែរ គឺពាក់ព័ន្ធថា តើមូលហេតុអីបានជាអនុញ្ញាតឲ្យក្រុមការងារគណបក្សប្រជាធិបតេយ្យជឿនលឿន លើកស្លាក ចំនួនបីរួចទៅហើយ ប៉ុន្តែបន្ទាប់ពីដួលរលំហើយ ក្រុមការងាររបស់គណបក្សប្រជាធិបតេយ្យជឿនលឿន ស្នើឡើងវិញ បែរជាមានការហាមប្រាម ។ នេះជាសំណួរដែលត្រូវចោទ ព្រោះបើសិនជាក្នុងករណីប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ វាគួរណាតែមានសេចក្ដីជូនដំណឹង មានការណែនាំជាផ្លូវការណាមួយឲ្យត្រឹមត្រូវ ហើយមួយទៀត មិនមែនតែប៉ះតែជាមួយនឹងគណបក្សប្រជាធិបតេយ្យលឿន ស្លាកមួយពីរបីទេ ។ អ៊ីចឹងវាគួរតែប៉ះជាមួយស្លាកគណបក្សផ្សេងៗ ជាពិសេសគឺគណបក្សកាន់អំណាច តែម្ដង ។ សរុបមកវិញ ប្រសិនណាបើមិនអនុញ្ញាតឲ្យគណបក្សប្រជាធិបតេយ្យជឿនលឿន លើកស្លាក ដាក់ស្លាកនៅទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ ឬក៏ស្លាកដែលដួលជាក់ស្តែងហ្នឹង វាគួរណាតែត្រូវបានគោរពទាំងអស់គ្នា មិនមែនគោរពតែគណបក្សប្រជាធិបតេយ្យជឿនលឿន ចំណែកឯគណបក្សកាន់អំណាច គាត់មានសិទ្ធិដាក់នៅទីតាំងហ្នឹងដែរ ឬក៏តាមបណ្តោយទីតាំងដែលអាជ្ញាធរ គិតថាខូចសណ្ដាប់ធ្នាប់សាធារណៈហ្នឹង“ ។
ទោះបីយ៉ាងណា ជុំវិញករណីនៃការចោទរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បំភ្លឺពីរដ្ឋបាលខណ្ឌជ្រោយចង្វា និងអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានទេ នៅថ្ងៃដដែលនោះ ៕ កុលបុត្រ