Wednesday, June 17, 2026
Homeព័ត៌មានជាតិអ្នកនយោបាយខ្មែរ មិនគួរលាងខួរក្បាលយុវជន ឲ្យជេរ-ស្អប់-ប្រមាថគ្នា

អ្នកនយោបាយខ្មែរ មិនគួរលាងខួរក្បាលយុវជន ឲ្យជេរ-ស្អប់-ប្រមាថគ្នា

ភ្នំពេញ ៖ អ្នកវិភាគនិងអ្នកស្រាវជ្រាវនយោបាយ-សង្គម បានលើកឡើងថា អ្នកនយោបាយ ខ្មែរ មិនគួរលាងខួរក្បាលយុវជន ឲ្យជេរ ស្អប់ និងប្រមាថខ្មែរគ្នាឯងនោះទេ តែត្រូវជំនួសមកវិញនូវការបណ្តុះស្មារតីបង្រួបបង្រួមជាតិ ផ្តល់តម្លៃគ្នាទៅវិញទៅមក ឈរលើឧត្តមគតិស្រឡាញ់ជាតិ ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ-សង្គម និងជាអ្នកស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “យុវជនគណបក្សនយោបាយ ទាំងគ្រប់និន្នាការ គួរតែត្រូវបានពង្រឹងសមត្ថភាពលើចំណេះដឹង នៃការធ្វើនយោបាយដឹកនាំ តាមបែបនីតិរដ្ឋ បណ្តុះស្មារតីលើការបង្រួបបង្រួមជាតិ ផ្តល់តម្លៃគ្នាទៅវិញទៅមក និងលើឧត្តមគតិស្រឡាញ់ជាតិ ជាជាងការយកយុវជនទៅលាងខួរក្បាល រួចបង្វិលឲ្យចេះតែជេរគ្នា ស្អប់គ្នា ឬប្រមាថតែខ្មែគ្នាឯង!“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត មាស នី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថា កាលណាគណបក្សខ្លះ នៅតែបន្តយកយុវជនមកផ្លុំត្រចៀក បញ្ឆេះឲ្យស្អប់យុវជនគណបក្សដទៃ ជាជាងការបង្រៀន ឬផ្ដល់ការពង្រឹងសមត្ថភាពដល់យុវជន នៅក្នុងការធ្វើនយោបាយ ប្រកបដោយសុចរិតភាព វានឹងធ្វើឲ្យជាតិយើងបែកបាក់ មិនត្រឹមតែបែកបាក់ក្នុងជំនាន់នេះទេ បែកបាក់តជំនាន់ទៅក្រោយៗទៀត ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍ថា “បាទ! អ្វីដែលខ្ញុំចង់លើក ដោយសារតែឃើញគណបក្សនយោបាយខ្លះ ខ្ញុំមិននិយាយទាំងអស់ទេ តែងតែនាំគ្នាប្រមូលកម្លាំងយុវជន ដើម្បីឲ្យមកចូលរួមក្នុងគណបក្សរបស់ខ្លួន ហើយយើងដឹងហើយថា យុវជនទាំងអស់ហ្នឹង វានឹងក្លាយទៅជាអ្នកស្នងការងារ កាតព្វកិច្ចធ្វើនយោបាយ សម្រាប់ដឹកនាំប្រទេសជាតិ នាពេលខាងមុខ ។ អ៊ីចឹងយើងឃើញគណបក្សខ្លះ យកយុវជនទៅ គឺផ្លុំត្រចៀក បានន័យថា បញ្ឆេះយុវជនហ្នឹង ឲ្យស្អប់យុវជនពីគណបក្សដទៃទៀត ឲ្យតាមដានយុវជនពីគណបក្សដទៃទៀត ជាជាងការបង្រៀន ឬមួយក៏ផ្ដល់ការពង្រឹងសមត្ថភាពដល់យុវជន នៅក្នុងការធ្វើនយោបាយប្រកបដោយសុចរិតភាព ។ ខ្ញុំឃើញនៅក្នុងករណីហ្នឹង ឃើញមានញឹកញាប់ហ្នឹង គឺវាកើតឡើងបែបហ្នឹង មិនថាគណបក្សណា ជាខាងណាទេ គឺហាក់ដូចជាមានទំនោរដូចគ្នា គឺធ្វើម៉េចឲ្យឃើញតែបក្សខ្លួនឯងហ្នឹងល្អ ប៉ុន្តែគណបក្សគេហ្នឹងអាក្រក់ យុវជនក្នុងក្រុមដទៃទៀតហ្នឹង ក្នុងបក្សដទៃទៀតហ្នឹង សត្រូវរបស់ខ្លួនអ៊ីចឹង ហើយកាលណាយើងនៅបន្តធ្វើបែបហ្នឹង វានឹងធ្វើឲ្យជាតិយើងបែកបាក់ មិនត្រឹមតែបែកបាក់ក្នុងជំនាន់នេះទេ បែកបាក់តជំនាន់ទៅក្រោយៗទៀត“ ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍បន្តថា “យើងដឹងហើយថា ប្រទេសយើងសព្វថ្ងៃហ្នឹង វាបែកបាក់គ្នារួចទៅហើយ យើងផ្សារវាអត់ជាប់ទេ ដែលមកដល់ពេលនេះ គឺមិនទាន់មានការព្យាយាមដើម្បីផ្សារភ្ជាប់គ្នាឡើងវិញទេ ។ អ៊ីចឹងបើសិនជាយើងបង្វឹកយុវជនហ្នឹងឲ្យមើលឃើញគ្នា ផ្ដល់តម្លៃឲ្យគ្នា ជាសត្រូវគ្នា នាពេលខាងមុខទៀត បានន័យថា ភាពសត្រូវរវាងខ្មែរគ្នាឯង វាបន្តទៅក្រោយៗទៀត ។ រឿងតួនាទីសំខាន់ៗរបស់គណបក្សនីមួយៗ គឺពង្រឹងសមត្ថភាពយុវជនហ្នឹង ឲ្យយល់ដឹងអំពីរបៀប ឬក៏មធ្យោបាយ ឬសមត្ថភាពទាំងឡាយណាដែលការធ្វើនយោបាយប្រកបដោយសុចរិតភាព នាំមកនូវការបង្រួបបង្រួមជាតិ ហើយនិងមួយទៀត គឺថាពង្រឹងសមត្ថភាពឲ្យបានយល់ដឹងឲ្យបានទូលំទូលាយ ពីមុខវិជ្ជានានាដែលទាក់ទងជាមួយនឹងការធ្វើនយោបាយហ្នឹង អានេះជារឿងសំខាន់ ជាជាងការយកយុវជនមកហើយ យកមកផ្លុំត្រចៀក ឬលាងខួរក្បាល ឲ្យទៅសត្រូវជាមួយយុវជនគ្នាឯង ក្នុងនាមខ្មែរដូចគ្នា“ ។

ទោះបីជាយ៉ាងណា ជាការកត់សម្គាល់ នៅក្នុងកិច្ចមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្ដីអំពី “ការឆ្លុះបញ្ចាំងសង្គមកម្ពុជា ទៅនឹងការបណ្តុះស្មារតី ក្នុងបំណងបដិវត្តន៍ផ្នត់គំនិតមួយ នៅពេលដែលសង្គមបាត់បង់នូវការគោរពច្បាប់ សង្គមបាត់បង់គុណធម៌ និងសីលធម៌ តើកម្ពុជា ត្រូវគិតយ៉ាងណាដើម្បីចៀសវាងការបង្កើតនូវវប្បធម៌ស្អប់ខ្ពើម?” នោះ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលជាគណបក្សក្រៅរដ្ឋាភិបាល ត្រៀមខ្លួនប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៨ ដោយបានដាក់ចេញនូវគោលនយោបាយជាច្រើនចំណុចនោះ តែង ចង្អុលបង្ហាញចំណុចនៃការជំនួសមកវិញនូវបដិវត្តន៍ផ្នត់គំនិត បណ្ដុះស្មារតីបង្រួបបង្រួមជាតិ ឲ្យតម្លៃគ្នា ឈរលើឧត្ដមគតិស្រឡាញ់ជាតិ ដែលជាគោលការណ៍របស់គណបក្សនយោបាយ ។
ជាការលើកឡើងពីជំហរនេះឡើងវិញ លោក​ មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថា លោកគាំទ្រការលើកឡើងខាងលើ របស់លោកបណ្ឌិត មាស នី ព្រោះគណបក្សជំនាន់ថ្មី តែងតែប្រកាន់គោលការណ៍មិនយកខ្មែរណាជាសត្រូវ ប្រកួតប្រជែងតែគោលនយោបាយ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា សម្ដីលោកបណ្ឌិត មាស នី គឺជារឿងត្រឹមត្រូវ បដិវត្តន៍ផ្នត់គំនិតមួយ ដែលផ្នត់គំនិតរបស់យុវជនជំនាន់ក្រោយៗមក យើងឃើញថា វាបន្តលំអានតាំងពីមួយជំនាន់ មកមួយជំនាន់ ពិសេស ក្រោយពីសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ក្នុងចុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយសំខាន់សង្គ្រាមនៅឥណ្ឌូចិន សង្គ្រាមវៀតណាម ក៏ដូចជាបញ្ហាការបែកបាក់ផ្ទៃក្នុងជាតិ នៃអតីតរបបសាធារណរដ្ឋ មកមានអតីតរបបខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យ បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ហើយកម្ពុជា ធ្លាក់មកក្នុងអតីតរបបកុម្មុយនីស្ត ដែលមានការឈ្លានពានពីកងទ័ពយួន ដែលអ្នកខ្លះថា មករំដោះ ក្រោយប្រាំពីរមករា ១៩៧៩ មក គឺថាភាគីនៃនិន្នាការនយោបាយ ក៏ដូចជាអតីតអ្នកដឹកនាំនៃប្រទេសកម្ពុជា គឺតែងតែវាយប្រហារ តែងតែលាបពណ៌ ញុះញង់ វាយប្រហារ ឲ្យមានការបែកបាក់ផ្ទៃក្នុងជាតិ គ្មានពេលវេលាណាដើម្បីសម្អាតនូវខួរក្បាល សម្អាតនូវគំនិតបញ្ញាញ្ញាណ ចំណេះដឹង ដើម្បីរុំផ្ដុំគ្នាជាពហុគំនិត ក្នុងការគោរពគ្នា ឲ្យតម្លៃគ្នាដោយបញ្ញា ដោយចំណេះដឹង និងឆ្ពោះទៅរកការសាមគ្គីភាពជាតិ ដែលហ្នឹងហើយជារឿងចាំបាច់ក្នុងការកសាងអនាគតកម្ពុជា ដ៏រឹងមាំជាថ្មីឡើងវិញ ។ អ៊ីចឹងអ្វីដែលខ្ញុំមើលឃើញ គឺថា កម្ពុជា ត្រូវតែចាប់ផ្តើមនូវឆន្ទៈស្មារតីជាតិ ពីអ្នកមានអំណាច មានន័យថា បក្សកាន់អំណាចហ្នឹង គឺត្រូវតែឈរនៅលើជំហរការពិត ដើរលើផ្លូវត្រឹមត្រូវ ហើយមានភាពស្មោះត្រង់ នាំនូវអ្វីជាចំណេះដឹងពិត គុណធម៌ និងសីលធម៌ ចាប់ផ្តើមបដិវត្តន៍ផ្នត់គំនិត កែទម្រង់អភិបាលកិច្ចល្អណាដែលមិនធ្លាក់ទៅក្នុងអគតិទាំងបួន មានន័យថា យើងបង្កើតនូវព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា ហើយយើងចោលនូវអគតិទាំងបួន គឺលម្អៀងព្រោះស្រឡាញ់ លម្អៀងព្រោះស្អប់ខ្ពើម លម្អៀងព្រោះល្ងង់ខ្លៅ វង្វេង ខ្វះការពិចារណ និងលម្អៀងព្រោះភ័យខ្លាច ។ អ៊ីចឹងសរុបមកវិញ អ្វីៗវានៅលើឆន្ទៈ ស្មារតីរបស់អ្នកដឹកនាំ ហើយបើយើងជាអ្នកដឹកនាំ យើងនៅប្រកាន់បក្ស ប្រកាន់ពួក ចង់ឈ្នះ ចង់ចាញ់ មានឯង អត់អញ មានអញ អត់ឯង ក្រុមឯងខ្លាំង ក្រុមឯងខ្សោយ ក្រុមឯងមិនទៅមុខទេ ក្រុមអញបានទៅមុខ បើចង់ទៅមុខ ទាល់តែក្រុមឯងមកចូលក្រុមអញ ហើយត្រូវតែរណប ត្រូវតែស្ដាប់តាមអញ អាហ្នឹងជាពាក្យ “អញនិយម” ជំងឺតួឯក ជំងឺសង្គមហ្នឹង គឺវាកើតរីករាលដាលដូចមហារីក អ៊ីចឹង ។ អ៊ីចឹងខ្ញុំឃើញសភាពជាក់ស្តែង រហូតដល់យើងមានតឹកតាងទៅទៀត គឺថា អ្នកដែលមានអំណាច បក្សកាន់អំណាចហ្នឹង គឺគាត់តែងតែយកអំណាចហ្នឹង ទៅប្រើប្រាស់ផ្ទុយទៅនឹងការគោរពនីតិរដ្ឋ ក្រៅតែពីការគោរពនូវបទបញ្ជានីតិមាត់“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងហើយ អាហ្នឹងជាចំណុចដែលយើងមើលថា ត្រូវតែអ្វើយ៉ាងម៉េច បដិវត្តន៍ផ្នត់គំនិត ការលាងខួរក្បាលយុវជន ឲ្យបញ្ចប់នូវវប្បធម៌ជេរបញ្ចោរ ស្អប់ ប្រមាថកាតទានគ្នា បង្កើតរហូតដល់ជាបងធំបងតូច នៃសត្រូវហិង្សា មិនបានគិតអំពីហេតុផល ជាប្រយោជន៍ជាតិ ប្រយោជន៍សង្គម ភាពអនាធិបតេយ្យបែបណាៗ វារងគ្រោះ វាធ្វើឲ្យសង្គមហ្នឹង ជួបនូវវិបត្តិឥតឈប់ឈរ គ្រប់ដង្ហើមចេញចូល ដែលក្មេងជំនាន់ថ្មី ជំនាន់ក្រោយកើតមក ឃើញតែភាពហិង្សាពាក្យសម្ដី ប្រមាថកាតទានគ្នា បាត់នូវគុណធម៌ សីលធម៌ អ្វីទៅជាសង្គមមួយប្រកបទៅដោយសុភមង្គល មានសណ្ដាប់ធ្នាប់ មានវិន័យ ចេះគោរពគ្នា ឲ្យតម្លៃគ្នា ដោយបញ្ចប់នូវវប្បធម៌អញនិយម វប្បធម៌មានឯង អត់អញ មានអញ អត់ឯង ហើយយើងបង្កើតនូវវប្បធម៌ថ្មី ដែលគណបក្សជំនាន់ថ្មី គោលនយោបាយ យន្តការ គោលការណ៍គណបក្ស មិនយកខ្មែរណាជាសត្រូវ គឺយើងបញ្ចប់វប្បធម៌មានអញ អត់ឯង ទទួលយកនូវវប្បធម៌មានខ្ញុំ ក៏មានអ្នកដែរ មានអ្នក ក៏មានខ្ញុំដែរ ខ្មែរតែមួយ ដោយមិនយកខ្មែរណាជាសត្រូវ ។ អ៊ីចឹងហើយអាការបណ្ដុះស្មារតីជាតិនិយម បណ្ដុះស្មារតីរួបរួម ឲ្យខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរការពារខ្មែរ គឺថាជាគោលនយោបាយ ជាយន្តការ ដែលគណបក្សជំនាន់ថ្មី មានរបត់ឈាមថ្មី ជំនាន់ថ្មី គំនិតថ្មី ធ្វើថ្មីហ្នឹង យកមកជំនួសនូវការបណ្តុះបណ្តាលស្មារតីបង្រួបបង្រួមជាតិ ការផ្តល់តម្លៃឲ្យគ្នា ដោយមិនយកអំណាចបុណ្យស័ក្តិអ្នកធំគាបសង្កត់អ្នកតូច ហើយអ្នកមាន ត្រូវតែជាន់ឈ្លីដល់អ្នកក្រ ។ អាហ្នឹងហើយដែលជាការប្រកាន់វណ្ណៈ ពណ៌សម្បុរ បង្កើតនូវការមាននិន្នាការមិនចុះសម្រុងគ្នា វាងាយនឹងរងគ្រោះសម្រាប់សង្គមជាតិបែកបាក់ សម្រាប់ប្រទេសជិតខាងគេមើលងាយ មើលថោក ហើយគេឆ្លៀតឱកាសក្នុងការបំផ្លាញជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃសេចក្ដីថ្លៃថ្នូរ សណ្ដាប់ធ្នាប់ កិត្យានុភាពរបស់កម្ពុជា ដោយសារតែគេឆក់ឱកាសនៅពេលដែលឃើញយើងមានការបែកបាក់ផ្ទៃក្នុងជាតិ ។ អ៊ីចឹងជំហរនៅលើឧត្ដមគតិនៃការស្រឡាញ់ជាតិ គណបក្សជំនាន់ថ្មី តែងតែលើកបង្ហាញ មិនថាខ្ញុំជាក្នុងប្រធានគណបក្ស សូម្បីតែនៅក្នុងបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ ទៅនឹងយន្តការ គោលការណ៍ទាំងដប់អី គឺថាយើងបានបង្ហាញអំពីការឯកភាពជាតិ ការគោរពនូវរដ្ឋធម្មនុញ្ញ គោរពនូវច្បាប់ជាតិ គឺយើងអត់មានយកអំណាច បក្ខពួក គ្រួសារនិយម បង្កើតនូវអរិភាពខ្មែរនិងខ្មែរ ហើយបង្កើតនូវការស្អប់គ្នា បង្ខំដោយការគំរាមកំហែង បំភិតបំភ័យ ឲ្យបាត់ភាគីម្ខាង ឲ្យគេឈឺចាប់ អយុត្តិធម៌ អាហ្នឹងមិនមែនជាគោលនយោបាយ ការចង់ឃើញនៃការបដិវត្តន៍ផ្នត់គំនិតរបស់គណបក្សជំនាន់ថ្មី ហ្នឹងជារឿងចំណុចមួយ ហើយគន្លឹះចំណុចមួយទៀត នៃដំណោះស្រាយ គឺថា បរិស្ថាននៃសង្គម ជុំវិញនៃជីវភាព ជីវិតរស់នៅ ពីមួយថ្ងៃ ទៅមួយថ្ងៃ បើកភ្នែក ក្រោយពីទទួលដំណេក ព្រឹកឡើង ភ្ញាក់ឡើង បើកភ្នែក នៅក្នុងបរិស្ថានជុំវិញខ្លួនយើង គឺវាចេញពីគ្រួសារ ចេញពីសង្គមសាធារណៈ វាមានសមត្ថកិច្ច មានអាជ្ញាធរ មានសាលារៀន មានទីវត្តអារាម ។ អ៊ីចឹងការសហការគ្នារវាងអាណាព្យាបាល ឪពុកម្ដាយ ទៅនឹងសមត្ថកិច្ច អាជ្ញាធរ ក៏ដូចជាគ្រូបង្រៀន ដែលជាឪពុកម្តាយ អាណាព្យាបាលទីពីរ ហើយនិងទីវត្តអារាម ដែលជាការអប់រំនូវផ្លូវចិត្ត អប់រំនូវសីលធម៌ គុណធម៌ ទាក់ទងទៅនឹងអំពើល្អ អំពើអាក្រក់ បុណ្យបាប យើងយកអាហ្នឹង មករួមជាសហគមន៍មួយ សហការគ្នា ដើម្បីទប់ស្កាត់ និងជួយបណ្ដុះបណ្ដាល ជួយណែនាំព្រានប្រដៅទូន្មានទៅតាមចំណេះជំនាញ នៃស្ថាប័នទាំងប្រាំ ដែលខ្ញុំបានលើកហ្នឹង គឺថាឪពុកម្ដាយ ក៏កុំបណ្ដោយកូន ឃើញល្អ ថាល្អ ឃើញអាក្រក់ ឃើញខុស យើងត្រូវអប់រំណែនាំឲ្យគាត់ដើរទៅរកផ្លូវល្អ ផ្លូវដែលមិនបៀតបៀនគេ ផ្លូវដែលមិនធ្វើឲ្យគេឈឺចាប់ ផ្លូវត្រឹមត្រូវ ផ្លូវល្អ គឺជាផ្លូវនៃសុភមង្គល ចេញពីមេត្តា ករុណា មុទិតា ឧបេក្ខា នៃព្រហ្មវិហារធម៌ ទាំងបួន វាមិនធ្លាក់ទៅក្នុងអ្វីដែលយើងធ្វើឲ្យទៅជាអំពើអាក្រក់ អំពើបាប លោភៈ ទោសៈ មោហៈ ដើរឲ្យមានបី សម្ដីឲ្យមានបួនហ្នឹង វាអត់មានធ្លាក់ទៅក្នុងអន្លង់ទាំងបី ហើយនិងក្នុងអន្លង់អគតិទាំងបួន»។

លោក មាជ សុវណ្ណារ៉ា បន្តទៀតថា «អ៊ីចឹងអាទាំងអស់ហ្នឹងហើយជាកិច្ចសហការ តែមិនអាចអត់ខ្វះនូវភាគីណាបាន តែត្រូវមានស្មារតីជាតិ ស្មារតីមួយដែលមិនមានការរងសម្ពាធ គាបសង្កត់ ការបង្ខំឲ្យដើរលើផ្លូវខុស ផ្លូវអាក្រក់ ផ្លូវដែលមិនអាចទទួលយកបាន ដោយសារតែជាន់ឈ្លីច្បាប់ ហើយច្បាប់ប្រទេសកម្ពុជា គឺជាច្បាប់ប្រជាធិបតេយ្យ សេរីពហុបក្ស សេរីភាពក្នុងការធ្វើសិទ្ធិនយោបាយ សិទ្ធិនិយាយស្តី បញ្ចេញមតិ គឺត្រូវចែកឲ្យដាច់រវាងពាក្យញុះញង់ ពាក្យវិទ្ធង្សនា បង្កឲ្យសង្គមវឹកវរបែបណា ក៏យើងត្រូវមានស្មារតីនៃចំណេះដឹង នៃបញ្ញា និងការដឹងយល់ពីផ្លូវច្បាប់ ដើម្បីកុំឲ្យយើងមានសេរីភាពហួសហេតុ ប៉ះពាល់ទៅដល់សេរីភាពគេ ហើយកុំឲ្យភាពអនាធិបតេយ្យ នៃការមិនគោរពច្បាប់ទម្លាប់ ។ អាហ្នឹងហើយគឺថា ត្រូវឲ្យគ្នាទៅវិញទៅមក ហើយបំពេញឲ្យគ្នា ក្នុងនាមប្រទេសប្រជាធិបតេយ្យ ប្រទេសដែលយកប្រជាពលរដ្ឋ យកម្ចាស់ឆ្នោត ជាម្ចាស់ប្រទេស ហើយអ្នកដឹកនាំ ដែលជាមន្ត្រីរាជការ គឺជាអ្នកបម្រើរាស្ត្រ បម្រើរដ្ឋ ។ អ៊ីចឹងហើយ យើងកុំដាក់សម្ពាធនៃការចាប់បង្ខំ ដោយសារតែនិន្នាការនយោបាយ ឬក៏បក្ខពួក គ្រួសារនិយម គឺវាចាំបាច់បំផុតចេញពីគំរូក្នុងភាពជាអ្នកដឹកនាំ ដឹកហើយនិងនាំពលរដ្ឋ និងប្រទេសជាតិ ទៅរកសុភមង្គល វិបុលសុខ ក៏ដូចជាសុខដុមរមនា ដល់ជាតិ ដល់ប្រជារាស្ត្រ តាមបែបផែននៃការគោរពច្បាប់ អនុវត្តច្បាប់ ហើយអត់ឱន អធ្យាស្រ័យ សន្ដោស អភ័យទាន ការយោគយល់បែបណា ដែលមិនបំពានច្បាប់ មិនបំពាននៃសីលធម៌ និងគុណធម៌ឲ្យគ្នា ខ្ញុំថាជាការចាប់ផ្តើមរបស់ថ្នាក់ដឹកនាំ ហើយបើថ្នាក់ដឹកនាំ បើខាងបក្សកាន់អំណាច នាំតែផ្លូវគាបសង្កត់ អាក្រក់ ផ្លូវខូច ផ្លូវអី គឺថា ហ្នឹងហើយការបែកបាក់សាមគ្គីភាព ការមិនឲ្យមានការបណ្ដុះឆ្លុះបញ្ចាំងពីបញ្ហាសង្គម ទៅនឹងស្មារតីបណ្ដុះយុវជន ឲ្យមានស្មារតីជាតិ យល់ដឹងពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ ទៅនឹងសន្តិសុខ ស្ថិរភាព គុណធម៌ សីលធម៌ នៃសង្គមរស់នៅ ក្នុងនាមជាសន្ដាននៃមនុស្សជាតិ មិនមែនជាសន្ដាននៃសត្វធាតុ តិរច្ឆាន“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “ អ៊ីចឹងហើយគឺថា ជាការចាំបាច់ ការដឹកនាំ ដោយឆ្លុះបញ្ចាំងនូវអ្វីជាភាពត្រឹមត្រូវ ជាការពិតនៃសេចក្ដីស្មោះត្រង់ អាហ្នឹងគឺថា កុំឲ្យមានការវៀចវេរក្នុងការដឹកនាំបែបផ្ដាច់ការ បែបប្រកាន់បក្ស ប្រកាន់ពួក បែបចាប់បង្ខំឲ្យគេត្រូវតែគោរព ត្រូវតែទទួលយកនូវភាគីរបស់ខ្លួនម្ខាង បាត់នូវភាពអយុត្តិធម៌ ហើយឈឺចាប់ អយុត្តិធម៌ ដោយសារតែអំណាចនៃភាគីម្ខាង វាមិនមែនជាផ្លូវមួយនាំឲ្យអ្នកជំនាន់ក្រោយ ក៏ដូចជាយុវជនដែលកំពុងតែ យើងឃើញហើយ ភាពអនាធិបតេយ្យ បងធំបងតូច ក្មេងទំនើង ការមិនគោរព ការស្ដី ជេរបញ្ចោរ ដោយសារតែការលាបពណ៌ សម្ភារនិយម ការស៊ីឈ្នួល ការរុញច្រានក្នុងចំណេះដឹង មិនទាន់មានការគិតពិចារណាវែងឆ្ងាយ អ៊ីចឹងហើយវាងាយនឹងធ្លាក់ទៅក្នុងអន្លង់នៃទុក្ខលំបាក ការវេទនារបស់ប្រជាពលរដ្ឋ ទៅនឹងចំណេះដឹងមានកម្រិត ទៅនឹងការអប់រំខ្សោយ ភាពភ្លើតភ្លើននៃអំពើអបាយមុខ ល្បែងពាលាអាវាសែ គ្រឿងស្រវឹង គ្រឿងញៀនអីជាដើមហ្នឹង ការគ្រប់គ្រងបែបអនាធិបតេយ្យ អាហ្នឹងជាការគ្រោះថ្នាក់ ដែលបក្សកាន់អំណាច រដ្ឋាភិបាល ជាពិសេសអ្នកដឹកនាំ ត្រូវតែធ្វើឲ្យរដ្ឋជារដ្ឋរបស់រាស្រ្ត មែនរដ្ឋទៅជាច្បាប់គ្រប់គ្រងរាស្រ្ត ត្រួតត្រារាស្ត្រ ហើយតាមរយៈការបញ្ជាដោយអំណាចបុគ្គល ជាជាងការបញ្ជាដោយអំណាចច្បាប់ ។ អ៊ីចឹងសរុបមកវិញ យើងកុំយកអំណាចបុគ្គលជាធំ ត្រូវយកធម៌ជាអំណាច កុំយកអំណាចជាធម៌ ។ អាហ្នឹងហើយជានីតិរដ្ឋ ការគោរព ដើរតាមរដ្ឋធម្មនុញ្ញ ខ្ញុំថា វាអត់មានអីដែលត្រូវពិបាកក្នុងការកែទម្រង់ អភិបាលកិច្ចល្អ និងរដ្ឋបាលសាធារណៈ សំខាន់ទីមួយ ឆន្ទៈស្មារតីជាតិរបស់មេដឹកនាំ ហើយបន្ទាប់មកការគោរពច្បាប់ ការមិនអត់ឱន មិនយោគយល់អ្នកណាដែលដើរផ្ទុយនឹងច្បាប់ បង្កើតនូវបទឧក្រិដ្ឋកម្មផ្សេងៗ ឬក៏បង្កើតនូវភាពវឹកវរ អស្ថិរភាព ការញុះញង់ លាបពណ៌ គឺត្រូវតែមានទោសទៅតាមច្បាប់ មិនអាចអត់ឱន អនុវត្តស្តង់ដារពីរ បានទេ អានេះជាការមើលឃើញរបស់ខ្ញុំ“ ។ 

ដោយឡែក លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាគណបក្សសម្ព័ន្ធភាពបក្សកាន់អំណាច និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថា ការបណ្ដុះថ្នាលមនសិការជាតិ ដល់យុវជនជំនាន់ក្រោយ គឺជារឿងមួយដ៏សំខាន់សម្រាប់អ្នកធ្វើនយោបាយ ពិសេសសម្រាប់គណបក្សនយោបាយទាំងអស់ ដោយសារតែយុវជន ដូចក្រដាសមួយសន្លឹក បើពាល់ជាមួយនឹងថ្នាំដែលល្អ នឹងក្លាយទៅជាក្រដាសមានតម្លៃ ប៉ុន្តែបើសិនជាពាល់លើថ្នាំអាក្រក់ នឹងក្លាយជាក្រដាសដែលគ្មានតម្លៃ ហើយបង្កហានិភ័យដល់បរិស្ថានទៀត ។ ដូច្នេះគណបក្សនយោបាយ ត្រូវមានមនសិការជាតិ សុចរិតភាព ជាមួយនឹងមនុស្សជំនាន់ក្រោយ និងមានមាគ៌ាឆ្ពោះទៅការអភិវឌ្ឍន៍ជាតិពិតប្រាកដ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍ថា “បាទ! ចំពោះការបណ្ដុះថ្នាលមនសិការជាតិ ដល់យុវជនជំនាន់ក្រោយ គឺជារឿងមួយដ៏សំខាន់សម្រាប់អ្នកធ្វើនយោបាយ ពិសេសសម្រាប់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីចូលរួមប្រកួតប្រជែង ដោយសារតែយុវជន គាត់គឺដូចជាការក្រដាសមួយសន្លឹក បើគាត់ពាល់ជាមួយនឹងថ្នាំដែលល្អ អាហ្នឹងក្រដាសសហ្នឹង នឹងក្លាយទៅជាក្រដាសមានតម្លៃ ប៉ុន្តែបើសិនជាយុវជននោះពាល់លើថ្នាំអាក្រក់ លាបពណ៌ទៅអាក្រក់ ក្រដាសសនោះ នឹងក្លាយជាក្រដាសដែលគ្មានតម្លៃ ហើយបង្កហានិភ័យដល់បរិស្ថានទៀត ។ ដូច្នេះក្នុងនាមគណបក្សនយោបាយ ត្រូវមានមនសិការជាតិ សុចរិតភាពជាមួយនឹងមនុស្សជំនាន់ក្រោយ និងមានមាគ៌ាឆ្ពោះទៅការអភិវឌ្ឍន៍ជាតិ ពិតប្រាកដ ។ ចំពោះគណបក្សយុវជនកម្ពុជា យើងបានដាក់ទិសដៅនិងគោលការណ៍ដ៏សំខាន់មួយ គឺបណ្ដុះបណ្ដាលយុវជន ឲ្យក្លាយជាអ្នកនយោបាយ ដោយខ្លួនឯង មិនចង់ឃើញយុវជនក្លាយជាឈ្នាន់របស់គណបក្សនយោបាយណាមួយទេ ប៉ុន្តែយើងចង់ឲ្យយុវជន ក្លាយជាអ្នកនយោបាយ ក្លាយជាអ្នកតាមដាននយោបាយ និងក្លាយជាអ្នកដែលធ្វើឲ្យអ្នកនយោបាយ មានសម្ពាធ មានន័យថា កម្លាំងយុវជន គឺជាកម្លាំងចលករមួយសំខាន់ណាស់ សម្រាប់ការចូលរួមអភិវឌ្ឍជាតិ» ។

លោកបណ្ឌិត ពេជ្រ ស្រស់ បន្តថា «អ៊ីចឹងកាលណាតែយុវជនចូលទៅក្នុងកណ្ដាប់ដៃអ្នកនយោបាយ ប្រើប្រាស់ដោយអវិជ្ជមានហើយ ជាតិក៏មិនរុងរឿងដែរ ហើយគណបក្សយុវជនកម្ពុជា លើកទឹកចិត្តឲ្យយុវជន ធ្វើនយោបាយដោយមិនរើសអើង និងមិនមានអំពើពុករលួយក្នុងគណបក្សទេ គឺអ្នកណាមានសមត្ថភាព គឺអ្នកនោះមានលទ្ធភាពកាន់តំណែង តួនាទីសំខាន់ៗនៅក្នុងបក្ស ឆ្ពោះទៅការត្រៀមខ្លួនកាន់តំណែងក្នុងរដ្ឋាភិបាល ហើយគណបក្សយុវជនកម្ពុជា លើកទឹកចិត្តឲ្យយុវជនទាំងអស់ ​ចូលធ្វើនយោបាយដោយខ្លួនឯង កុំទៅគាំទ្រ ឬក៏ធ្វើជាឈ្នាន់ឲ្យអ្នកនយោបាយ ពីព្រោះអ្នកនយោបាយមួយចំនួន ទុច្ចរិត សាបព្រោះ លាបពណ៌ មួលបង្កាច់យុវជនឲ្យមានការស្អប់ខ្ពើម រើសអើងគ្នា ដូចសម័យប៉ុល ពត ដូច្នោះដែរ ។ អ៊ីចឹងកាលណាតែយុវជនធ្លាក់ទៅក្នុងកណ្ដាប់ដៃជនទុច្ចរិត យុវជននឹងក្លាយទៅជាចលកររបស់អ្នកទុច្ចរិត ហើយសម្លាប់ខ្មែរដូចគ្នា ។ ដូច្នេះក្នុងនាមខ្ញុំជាគណបក្សយុវជន ហើយក្នុងនាមគណបក្សនយោបាយមួយដែរ យើងមានឆន្ទៈបណ្ដុះថ្នាលយុវជន ឲ្យក្លាយជាយុវជនមានគុណភាពក្នុងឆាកនយោបាយ និងយុវជនមានសមត្ថភាពក្នុងការដឹកនាំខ្លួនឯង ដឹកនាំសហគមន៍ ដឹកនាំគ្រួសារ និងដឹកនាំប្រទេសជាតិ តាមរយៈគោលនយោបាយគណបក្សយុវជនកម្ពុជា សុចរិតភាព ពង្រឹងឲ្យយុវជនមានភាពជាថ្នាក់ដឹកនាំ ទៅថ្ងៃអនាគត“ ៕ កុលបុត្រ

RELATED ARTICLES