Thursday, June 18, 2026
Homeតារាខ្មែរសួស វីសា ប្រកាសវិលវិញ

សួស វីសា ប្រកាសវិលវិញ

ភ្នំពេញ ៖ សួស វីសា បានប្រកាសនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ថា នាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលមករកអាជីពចម្រៀងម្ដងទៀត ព្រោះថ្មីៗនេះ នាងទើបសម្រកទម្ងន់បានជោគជ័យ ប៉ុន្ដែស្រកគីឡូពេលនេះ ខុ សពេលវេលា ដោយសារចូលដល់ខែធ្លាក់ភ្លៀង មិនអាចចេញច្រៀងសម្ដែងបានឡើយ ។ យ៉ាងណា តាមរយៈការអះអាងរបស់វីសា បញ្ជាក់ថា នាងមិនទៅណាឆ្ងាយពីអាជីពចម្រៀងឡើយ ពោលគឺនឹងវិលវិញ នារដូវក្ដៅខាងមុខ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ ។ នេះជាការផ្លាស់ប្ដូរដ៏ធំជំហរបស់វីសា ព្រោះកាលពីខែកុម្ភៈ ឆ្នាំ២០២៦ នាងធ្លាប់ពិចារណាបញ្ចប់អាជីពចម្រៀង ម្ដងរួចទៅហើយ ដោយហេតុផល ៣យ៉ាង គឺ ៖ ទី១-លែងស្អាត ២-ចាស់ ៣-អស់កម្លាំងចិត្ត។ ប៉ុន្ដែក្រោយសម្រកទម្ងន់បានសម្រេច ស្រាប់តែវីសា ដូរចិត្តភ្លាម គឺនាងសម្រេចចិត្តបន្ដអាជីពចម្រៀង និងបានត្រៀមខ្លួនរួចជាស្រេចអស់ទៅហើយ រង់ចាំតែពេលវេលាសមស្របប៉ុណ្ណោះ ។

 សូមបញ្ជាក់ថា សួស វីសា បានផ្អាកច្រៀងរាំ ជាច្រើនខែមកហើយ តាំងពីមុនសម្រាលកូនប្រុសទីពីរ ព្រោះនាងឡើងគីឡូខ្លាំងពេក ប៉ុន្ដែមុនេះ នាងបានចេញមកប្រាប់ Fan ថា ខ្លួននៅតែជាតារាហង្សមាស ដដែល មិនទាន់ចេញទៅណាទេ ។ វីសា អាយុ៣៣ឆ្នាំ ដែលមានសមត្ថភាពមិនចាញ់ឱក សុគន្ធកញ្ញា នោះ អាចនឹងពិបាកប្រជែងទីផ្សារចម្រៀង ឡើងវិញ ព្រោះនាងគ្មានបទថ្មី យូរខែពេក ហេតុនេះប្រសិនបើវិលវិញ ច្រៀងបទល្បីៗរបស់នាងចាស់ៗទាំងស្រុង គឺមិនងាយស្ដារមុខមាត់បានដូចមុនទេ ដោយសារតែបច្ចុប្បន្ន តារាវ័យក្មេង លេងសម្រស់មិនធម្មតា មានកាន់តែច្រើន ទើបធ្វើឲ្យចំនួនអ្នកគាំទ្រ ត្រូវបែកខ្ញែក ។

មានការកត់សម្គាល់ថា អំឡុងពេលដែលសួស វីសា មិនទាន់ឡើងឆាកតន្រ្ដីបាននេះនាងក៏មិននៅស្ងៀមដែរ គឺបានងាកទៅរកស៊ីធំ ចាប់ដៃជាមួយអ្នកកាសែត លោក K01 បើកហ្គារ៉ាស់ទិញ-លក់ឡាន នៅម្ដុំផ្សារទំនើបអ៊ីអន២ ។ វីសា ថាអំឡុងពេលដែលសេដ្ឋកិច្ចមិនល្អនេះ នាងមិនប្រកាន់មុខរបរទេ រកស៊ីអីក៏នាងធ្វើដែរ កុំឲ្យតែអាជីវកម្មនោះក្ដៅក្រហាយដល់អ្នកដទៃ ពោលគឺធ្វើម៉េចឲ្យតែបានលេខបូក (លុយចូល) ។ ប៉ុន្តែនាងមិនប្រាប់ថា ជះលុយបង្កើតមុខរបរថ្មី នៅខែធ្លាក់ភ្លៀងនេះ អស់ប៉ុន្មានឡើយ ខណៈ K01 ថាអស់ជិត ១លានដុល្លារ ។

សូមបញ្ជាក់ថា សួស វីសា ស្ទើរតែមិនអាចរក្សារចំណងស្នេហាជាមួយលោកប៊ុនថុល ប៊ុនថង ហៅថមមី ព្រោះ តែកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នាងបានចេញសារគួរឲ្យភ្ញាក់ផ្អើលថា ខ្លួនកំពុងតែត្រៀមខ្លួនក្លាយជាមេម៉ាយ ខណៈប្ដីនាង ស្វែងរកផ្លូវទៅផ្ញើខ្លួនជាមួយព្រះធម៌។ ប៉ុន្ដែភ្លាមៗនោះ វីសា-ថមមី មានការផ្សះផ្សាស្នេហ៍ឡើងវិញ ក្រោយមានការសម្របសម្រួលពីក្រុមគ្រួសារទាំងសងខាង ។ ប្ដីប្រពន្ធមួយគូនេះ ក៏បានបង្ហាញរថយន្ដម៉ាក Rolls Royce ពណ៌ស ផងដែរ ប៉ុន្ដែមិនដឹងទិញពេលណាទេ ស្រាប់តែជិះយកមកដាក់លក់នៅឃ្លាំងខ្លួនឯង នៅថ្ងៃបើកសម្ពោធមុខរបរថ្មីនេះ ។

 តាមប្រភពថា សួស វីសា មានរថយន្ដទំនើបៗ ជិះផ្ទាល់ខ្លួន ជាច្រើនគ្រឿង ដូចជា Lexus LX570, Alphard, BMW និង Mazda ជាដើម ហើយពេលនេះ នាងមានឃ្លាំងទិញ-លក់ ឡាន ដោយខ្លួនឯងទៀត អ៊ីចឹងចង់ជិះឡានប្ដូរម៉ូដរៀងរាល់ថ្ងៃ ក៏អត់បញ្ហាឡើយ ។ ប៉ុន្តែនាងនិងស្វាមី ធ្លាប់តែច្រៀង សម្ដែង និងរកស៊ីលក់អីវ៉ាន់ Online ហេតុនេះ ការមករកស៊ីទិញ-លក់រថយន្ដ មិនដឹងថាតើអាចជោគជ័យដូចបំណងឬយ៉ាងណា?           សួស វីសា បានក្លាយជាប្រពន្ធលោក ថមមី ជិត៧ឆ្នាំហើយ ដោយទទួលបានចំណងដៃ កូនពីរនាក់ កូនស្រីទី១ ឈ្មោះថង សាម៉ូលីណា ហៅ Jenny អាយុជាង៥ឆ្នាំ និងកូនប្រុសទីពីរ ឈ្មោះថង សាតារាពិសិដ្ឋ ហៅ Johnny អាយុជាង១ឆ្នាំ ។ វីសា នឹងពន្យារពេលយកកូនទី៣ ព្រោះនាងចង់ពង្រឹងអាជីពចម្រៀងរបស់ខ្លួន ក្រោយតស៊ូលើវិថីសិល្បៈ អស់រយៈពេលជាង ១ទសវត្ស ៕

RELATED ARTICLES