Thursday, June 18, 2026
Homeសន្ដិសុខសង្គមឃាត់ខ្លួន២នាក់ នាំចូលសាច់បង្កកថៃ ខូចគុណភាព

ឃាត់ខ្លួន២នាក់ នាំចូលសាច់បង្កកថៃ ខូចគុណភាព

ខេត្តបាត់ដំបង ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោកផេង សិទ្ធី អភិ បាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោកឡី សិរីរិទ្ធិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ទំនិញ មួយកន្លែង ដែលសង្ស័យស្តុកសាច់បង្កកនិងផលិតផលដែលមានប្រភពមកពីប្រទេសថៃ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីតាំង ហាង មួយកន្លែង យីហោ ហ្វ្រេសហ្សប (FRESH SHOP) តាមបណ្តោយផ្លូវលេខ១ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងចំនួន២នាក់។

មនុស្សទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ ទី១-ឈ្មោះឆាត ច័ន្ទថន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរអ្នកគ្រប់គ្រងទូទៅសាខាខេត្តបាត់ដំបង និងទី២-ឈ្មោះឈឿម នីត ភេទស្រី អាយុ២៦ឆ្នាំ ជំនួយការអ្នក គ្រប់គ្រងទូទៅសាខាខេត្ត។

ចំពោះវត្ថុតាងដកហូត រួមមាន សាច់មាន់ (ខូចគុណភាព) ចំនួន១៥ថង់ ស្មើនឹង ៣៤១គីឡូក្រាម មឹកបំពង់ (ហួសកាលបរិច្ឆេទ) ចំនួន៨កេស ស្មើនឹង ១២០គីឡូក្រាម ត្រីសាបាក់ (ខូចគុណភាព) ចំនួន៣០កេស ស្មើនឹង ៦០គីឡូក្រាម។

បន្ទាប់ពីពិនិត្យចប់ អ្នកគ្រប់គ្រងនិងជំនួយការ ទាំង២នាក់ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅការិយាល័យប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ។ ចំណែកវត្ថុតាងដែលបានដកហូតខាងលើ ត្រូវបានក្រុមការងារចម្រុះ សម្រេចយកទៅដុតកម្ទេចចោល៕   

   

RELATED ARTICLES