ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចចម្រុះ ប្រចាំការត្រួតពិនិត្យតាមដងផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានឃាត់រថយន្តដឹកជញ្ជូនសត្វគោ ក្របី រាប់សិបក្បាល ចំនួន៥ករណី ក្នុងរយៈពេល២ថ្ងៃ ជាប់ៗគ្នា សង្ស័យមានភាពមិនប្រក្រតី។

ប្រតិបត្តិការត្រួតពិនិត្យនិងឃាត់រថយន្តដឹកជញ្ជូនសត្វគោ ក្របីឆ្លងដែននេះ បានធ្វើឡើងនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា សត្វពាហនៈទាំងនោះ ត្រូវគេសង្ស័យថា ជាទំនិញលួចនាំចូលឆ្លងដែនខុសច្បាប់ ពីប្រទេសជិតខាង ចូលមកទឹកដីកម្ពុជា តាមច្រកព្រំដែន នៃខេត្តស្ទឹងត្រែង។ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺដោយសារតែមន្ត្រីពិនិត្យឃើញថា លិខិតស្នាមមួយចំនួន បានហួសសុពលភាព (ហួស កំណត់ថ្ងៃប្រើប្រាស់)។ លិខិតបញ្ជាក់ការទិញ-លក់សត្វ ធ្វើឡើងខុសទម្រង់រដ្ឋបាល និងខ្វះភាពត្រឹមត្រូវទាំង ស្រុង។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានថា ការដឹកជញ្ជូនសត្វពាហនៈទាំងនេះ គឺមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រភពដើមមិនច្បាស់លាស់។

វត្ថុតាង សត្វគោ ក្របីទាំងអស់ ត្រូវបានប្រគល់ជូនការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕
