ខេត្តបន្ទាយមានជ័យ ៖ រថយន្តដឹកទឹកកក សេះហោះ១គ្រឿង បានបើកបំបុកបារ៉ាស់កងកម្លាំងដែលកំពុងដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ត្រូវបានកម្លាំងយោធាការពារព្រំដែន ចាប់ឃាត់ ប្រគល់ជូនកម្លាំងសមត្ថកិច្ច កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិបឹងស្នោ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ អ៊ុន កាថន អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ក្នុងភូមិសាស្គ្រភូមិបឹងស្នោ មានករណីគ្រោះ ថ្នាក់ចរាចរណ៍កើតឡើង ដោយម៉ូតូ ២គ្រឿង ប៉ះគ្នាដួល ស្របពេលដែលរថយន្តដឹកទឹកកក យីហោសេះហោះ បានទៅដល់ ធ្វើឱ្យមានការភ័ន្តច្រឡំថា រថយន្តប៉ះម៉ូតូ បណ្តាលឱ្យដួល ទើបមានការស្ទាក់ឃាត់ឱ្យរថយន្តឈប់ តែអ្នកបើកបរមិនព្រមឈប់ បានបើកបំបុកបារ៉ាស់កម្លាំងដែលកំពុងការពារតាមបន្ទាត់ព្រំដែន។
លោកអធិការ បានបញ្ជាក់ថា ក្រោយរថយន្តដឹកទឹកកក បើកបំបុកបារ៉ាស់កងកម្លាំង តាមផ្លូវជាតិលេខ៥៨ កម្លាំ ងយោធាដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន បានតាមឃាត់រថយន្ត និងអ្នកបើកបរ ប្រគល់ជូនកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសួរ។
នៅចំពោះសមត្ថកិច្ច អ្នកបើកបររថយន្តដឹកទឹកកក សេះហោះ ខាងលើ បានឆ្លើយសារភាពថា ខ្លួនមិនបានបុកម៉ូតូទេ ហើយមូលហេតុដែលខ្លួនបើកលឿន ព្រោះថៅកែទឹកកក ហៅទៅឲ្យលឿន ទើបជ្រុលបុកបារ៉ាស់នៅលើផ្លូវតែម្តង។
លោកវរសេនីយ៍ទោ អ៊ុន កាថន បានបញ្ជាក់ថា ក្រោយសាកសួរនិងស្រាវជ្រាវ ទើបដឹងថារថយន្តដឹកទឹកកក ខាងលើ ពិតជាមិនបានបង្កគ្រោះថ្នាក់ដល់ម៉ូតូឡើយ គឺម៉ូតូ ២គ្រឿង បុកគ្នានៅពេលរថយន្តទៅដល់ ហើយម៉ូតូ ២គ្រឿង ត្រូវបានសម្រួលគ្នាបញ្ចប់រឿងរួចហើយ។ ដោយឡែកអ្នកបើកបររថយន្តដឹកទឹកកកសេះហោះ ដែលបើកលឿនបុកបារ៉ាស់តាមដងផ្លូវ ដោយសារអ្នកបើកបរនិងតំណាងក្រុមហ៊ុនទឹកកក សេះហោះ បានសុំទោស ទទួលកំហុស ទើបសមត្ថកិច្ចបានធ្វើការណែនាំ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕