ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម និងកំពុងត្រូវបានសមត្ថកិច្ចតាម ដាន ស្រាប់តែប្រទះឃើញចូលទៅទទួលកញ្ចប់បញ្ញើ ពីក្រុមហ៊ុនវីរៈប៊ុនថាំ ទាំងអាការភ័យៗ គួរឱ្យសង្ស័យ ទើបកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនសាកសួរ និងឆែកមើលកញ្ចប់បញ្ញើ ប្រទះឃើញថ្នាំញៀន មួយកញ្ចប់ធំ ដែលបក្ខពួកផ្ញើមកឱ្យ តាមក្រុមហ៊ុនវីរៈប៊ុនថាំ។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីតាំងក្រុមហ៊ុនវីរៈប៊ុនថាំ សាខាផ្សារកំពង់សិង្ហ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះហ៊ាង ដានី ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ក្នុងភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាចាស់ ដែលកម្លាំងសមត្ថកិច្ចកំពុងតាមឃ្លាំមើលស្រាប់ គាប់ជួននៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំ សាខាផ្សារកំពង់សិង្ហ បានផ្តល់ព័ត៌មានថា ឃើញជនសង្ស័យ ចូលទៅទទួលយកអីវ៉ាន់ មានឫកពាគួរឱ្យសង្ស័យ ទើបរូបលោកដឹកនាំកម្លាំង ចុះទៅឃាត់ខ្លួនជនសង្ស័យ ហើយឆែកពិនិត្យអីវ៉ាន់ ក៏ប្រទះឃើញថ្នាំញៀន មួយកញ្ចប់ធំ ទម្ងន់៥១,៥៦ក្រាម ទើបចាប់ ឃាត់ខ្លួនជនសង្ស័យតែម្តង។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ហើយកម្លាំងអាវុធ ហត្ថខេត្ត បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕