ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តក្នុងស្ថានភាពស្រវឹង ចុះពីលើស្ពានជ្រោយចង្វា ក្នុងល្បឿនលឿន បុកខឿនឡើងរង្វង់មូលកួចកាណុង កាត់សួនច្បារ បន្តទៅបុកដើមស្លា ៣ដើម បណ្តាលឲ្យរថយន្តដាច់កង់ម្ខាង ទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចសួនច្បាររង្វង់ មូលកួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តទំនើប ១គ្រឿង ម៉ាក MG ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CL-2169 ក្នុងល្បឿនលឿន ទិសដៅចុះពីលើស្ពានជ្រោយចង្វា លុះមកដល់រង្វង់មូលកួចកាណុង ស្រាប់តែបើកបុកខឿន ឆ្លងកាត់វង្វង់មូលកួចកាណុង។

ប្រភពដដែល បន្តថា លុះពេលបើកឡើងរង្វង់មូល រថយន្តបន្តទៅបុកពីចំហៀងរថយន្តដឹកជញ្ជូន មួយគ្រឿង បង្កការខូចខាត ប៉ុន្តែដោយសារខូចខាតតិចតួច រថយន្តដឹកជញ្ជូន បានបើកចេញទៅ ព្រោះមិនចង់មានរឿងវែងឆ្ងាយ។ ចំណែករថយន្តបង្កហេតុ មិនទាន់អស់ល្បឿន បន្តទៅបុកខឿន រួចបុកដើមស្លា ចំនួន៣ដើម ដែលនៅខាងលើសួនច្បារ មួយទៀត ដែលនៅក្បែររង្វង់មូល បណ្តាលឱ្យរថយន្តដាច់កង់ខាងឆ្វេង ចំណែកម្ចាស់រថយន្ត រងរបួសបែកចិញ្ចើម។ ភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ អន្តរាគ មន៍ និងឃាត់ខ្លួនបុរសជាម្ចាស់រថយន្ត យកទៅប៉ុស្តិ៍ ដើម្បីសាកសួរ តែដំបូងបុរសជាអ្នកបើកបររថយន្តបង្កហេតុ ដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានប្រកែក មិនព្រមសហការជាមួយសមត្ថកិច្ច ហើយបែរជាថា ខ្លួនមិនមែនជាអ្នកបើកបររថយន្ត គឺបើកម៉ូតូ ទៅវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកកាន់ទីតាំងខាងលើ វាស់វែងយក រថយន្តទៅរក្សាទុកនៅការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕


