Thursday, June 18, 2026
Homeនយោបាយទឹកដីខ្មែរ ថៃឈ្លានពាន ទាមទារមកវិញ ប្រើចុងប៊ិក មិនអាចប្រើចុងកាណុង

ទឹកដីខ្មែរ ថៃឈ្លានពាន ទាមទារមកវិញ ប្រើចុងប៊ិក មិនអាចប្រើចុងកាណុង

ភ្នំពេញ ៖ អ្នកជំនាញ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដែលកម្ពុជា តវ៉ាឥតឈប់ឈរ មិនមែនជាការបង្កជម្លោះ ឬការបង្កើនភាពតានតឹងឡើយ តែជាការអនុវត្តសិទ្ធិស្របច្បាប់ របស់រដ្ឋអធិបតេយ្យមួយ ក្នុងការពារទឹកដី ប្រវត្តិសាស្ត្រ បេតិកភណ្ឌជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ បន្ទាប់ពីភាគីថៃ បានឈ្លានពានកាប់កាប់ទឹកដី ប្រាសាទបុរាណខ្មែរ ដោយខុសច្បាប់ ។ ប៉ុន្តែទោះបីជាយ៉ាងណា ក្នុងការតវ៉ាទាមទារត្រឡប់មក វិញនូវទឹកដីដែលយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់នោះ កម្ពុជា មិនអាចប្រើចុងកាណុង ឬអាវុធនោះទេ គឺយើងត្រូវប្រើចុងប៉ាកកា ឬចុងប៊ិក ឱ្យបានមុតស្រួច ។

 លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នក ជំនាញវិទ្យាសាស្រ្តនយោបាយ បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ថា «បើយើងមិនអាចប្រើចុងកាណុង ដើម្បីទាមទារទឹកដីយើងត្រឡប់មកវិញទេ យើងត្រូវប្រើចុងប៉ាកកា ឱ្យបានមុតស្រួច!»។ ការដែលថៃ នៅតែបន្តអនុញ្ញាតឱ្យជនជាតិរបស់ខ្លួន ចូលទស្សនាប្រាសាទ បុរាណដ្ឋាន និងទីតាំងនានានៅលើទឹកដីខ្មែរ ដែលពួកគេកំពុងឈរជើងកាន់កាប់ និងគ្រប់គ្រងដោយខុសច្បាប់ គឺមិនមែនជាសកម្មភាពទេសចរណ៍ធម្មតាទេ។ ផ្ទុយទៅវិញ វាជាសកម្មភាពដែលបង្កប់ដោយយុទ្ធ សាស្ត្រនយោបាយ ច្បាប់ និងអធិបតេយ្យដ៏ពិសពុល និងខ្មៅកខ្វក់បំផុត ព្រោះគេប្រើសកម្មភាពនេះ ដើម្បីបង្កើតរូបក្លែងក្លាយថា ទីតាំងទាំងនោះ ស្ថិតក្រោមការគ្រប់គ្រងធម្មតានិងស្របច្បាប់របស់ថៃ ពោលគឺគេបង្កើតភាពជាម្ចាស់ក្លែងក្លាយ នៅលើទឹកដីរបស់យើង»។

បណ្ឌិត គិន ភា បន្តថា «ចំពោះករណីនេះ ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ របស់ខ្មែរយើង សូមកុំនឿយណាយក្នុងការតវ៉ា គឺត្រូវបន្តធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ជាប្រព័ន្ធ និងជាប់ជានិច្ច ទាំងតាមបណ្តាញការទូត ច្បាប់ ប្រវត្តិសាស្ត្រ ផែនទី ឯកសារផ្លូវការ និងវេទិកាអន្តរជាតិពាក់ព័ន្ធនានា។ យើងត្រូវតែតវ៉ា ដើម្បីកុំឱ្យយើងថ្លោះសិទ្ធិក្នុងការទាមទារទឹកដីយើងយកមកវិញ។ យើងត្រូវយល់ឱ្យច្បាស់ថា សកម្មភាពបែបនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែង របស់ថៃ ក្នុងការប្រែក្លាយការបំពានខុសច្បាប់របស់គេ ឱ្យទៅជាការទទួល ស្គាល់ជាក់ស្តែង តាមរយៈការធ្វើឱ្យអន្តរជាតិឃើញថា ការចូលទស្សនា ការគ្រប់គ្រង និងវត្តមានរបស់ថៃ នៅទីតាំងទាំងនោះ គឺជារឿងធម្មតា។ នេះហើយជាអ្វីដែលខ្មែរយើង តែងប្រៀបធៀបថា ជាការព្យាយាម «ប្រែ ក្លាយអង្ករ ឱ្យទៅជាបាយ» ដើម្បីលេបត្របាក់ទឹកដីខ្មែរ បន្តិចម្តងៗ ដោយប្រើពេលវេលា សភាពការណ៍ និងភាពស្ងៀមស្ងាត់របស់យើង ជាឧបករណ៍»។

 លោកបណ្ឌិត គិន ភា បន្តទៀតថា «ដូច្នេះយើងមិនអាចនៅស្ងៀមចំពោះករណីនេះ ជាដាច់ខាត។ ភាពស្ងៀមស្ងាត់ អាចត្រូវបានភាគីម្ខាងទៀត បកស្រាយខុសថា ជាការយល់ព្រម ជាការទទួលស្គាល់ ឬជាការបោះបង់សិទ្ធិរបស់កម្ពុជា។ ដើម្បីបញ្ចៀសហានិភ័យនេះ យើងត្រូវបន្តតវ៉ា រៀងរាល់ម៉ោង រាល់ថ្ងៃ និងរាល់ពេលដែលមានសកម្មភាពបំពានណាមួយ លើប្រាសាទ បុរាណដ្ឋាន ទីតាំងប្រវត្តិសាស្ត្រ និងទឹកដីខ្មែរ ដែលថៃ កំពុងឈរជើងកាន់កាប់ និងគ្រប់គ្រងដោយខុសច្បាប់។ ការតវ៉ាឥតឈប់ឈរនេះ មិនមែនជាការបង្កជម្លោះ ឬការបង្កើនភាពតានតឹងឡើយ ប៉ុន្តែជាការអនុវត្តសិទ្ធិស្របច្បាប់ របស់រដ្ឋអធិបតេយ្យមួយ ក្នុងការពារទឹកដី ប្រវត្តិសាស្ត្រ បេតិកភណ្ឌជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ។ យើងត្រូវបង្ហាញជំហរឱ្យច្បាស់ថា ប្រាសាទខ្មែរ ទឹកដីខ្មែរ និងបេតិកភណ្ឌខ្មែរ មិនអាចត្រូវបានបំពាន បំភ្លៃ ឬបំប្លែងឱ្យក្លាយជាកម្មសិទ្ធិរបស់អ្នកដទៃ តាមរយៈសកម្មភាពខុសច្បាប់ ការគ្រប់គ្រងជាក់ស្តែង ឬការបង្កើតភាពជាម្ចាស់ក្លែងក្លាយណាមួយឡើយ“ ។

 ស្របនឹងការលើកឡើងរបស់លោកបណ្ឌិត គិន ភា ខាងលើនេះ អ្នកជំនាញនៃរាជបណ្ឌិត្យ ២រូបទៀត គឺលោកបណ្ឌិត ឈត ប៊ុនថង និងលោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ស្រប និងបានលើកឡើងស្រដៀងគ្នាថា ការទាមទារទឹកដីខ្មែរ ត្រឡប់មកវិញ គឺពិតជាត្រូវប្រើចុងប៊ិក (ការចរចា ការទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងការប្រើប្រាស់ឯកសារប្រវត្តិសាស្ត្រ/ផែនទី) មិនមែនប្រើចុងកាណុង (សង្គ្រាម) ឡើយ ស្របតាមបរិបទសម័យទំនើប គឺគោលការណ៍ច្បាប់អន្តរជាតិ ព្រំដែនកម្ពុជា ត្រូវបានទទួលស្គាល់ និងកាត់សេចក្តីដោយតុលាការយុត្តិ ធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើសន្ធិសញ្ញា និងផែនទីដែលបានបន្សល់ទុក។ ការចៀសវាងសង្គ្រាម និងវិនាសកម្ម ការប្រើប្រាស់កម្លាំងយោធា ទាមទារទឹកដី នឹងនាំឱ្យមានការខាតបង់ធនធានមនុស្ស វិបត្តិសេដ្ឋកិច្ច ការបំផ្លិចបំផ្លាញ និងជាពិសេស គឺការបំពានលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ (UN) ដែលហាមឃាត់ការប្រើកម្លាំង ឬការគំរាមកំហែងដោយកម្លាំងយោធា ដើម្បីដណ្តើមយកទឹកដី និងយន្តការការទូត ការដោះ ស្រាយបញ្ហាព្រំដែន ឬការទាមទារផ្សេងៗ ត្រូវឆ្លងកាត់កិច្ចសន្ទនា ការចរចាទ្វេភាគី ឬពហុភាគី និងការបោះ បង្គោលព្រំដែន ដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍គោរពអធិបតេយ្យនិងបូរណភាពទឹកដី ទៅវិញទៅមក ។

លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នកជំនាញទស្សនវិជ្ជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថា ការប្រើចុងប៊ិក គឺដើម្បីធ្វើឲ្យភាគីទាំងពីរ ស្វែងរកដំណោះស្រាយមួយ ដោយសន្តិវិធី បើទោះបីជាដំណោះស្រាយដោយទ្វេភាគី ក៏ដោយ ដោយពហុភាគី ក៏ដោយ ដោយយន្តការអន្តរជាតិ ក៏ដោយ ចៀសវាងការបង្ហូរឈាម ដែលរកមិនឃើញទីបញ្ចប់ ។ ប៉ុន្តែការប្រើចុងប៊ិកនេះដែរ ក៏ជាចុងប៊ិកមួយ ដែលមិនមែនដុតបញ្ឆេះ រោលកំហឹង បញ្ជោះឲ្យមានចលនា ជាតិនិយម តាមរយៈសារព័ត៌មាន គឺត្រូវធ្វើយ៉ាងម៉េច ឲ្យស្របជាមួយនឹងជំហររបស់រដ្ឋាភិបាល ។

 លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍ថា “បាទ! បើយើងតាមដានស្ដាប់ប្រមុខរាជរដ្ឋាភិបាល លោកពន្យល់ច្បាស់លាស់ហើយ គឺកម្ពុជា មិនជ្រើសរើសយកការប្រើកម្លាំង ដោយចុងកាណុង មកដោះស្រាយបញ្ហាទេ ហើយសម្ដេចតេជោ លោកក៏បានបញ្ជាក់ឡើងវិញបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ដែលលោកបានធ្វើដំណើរស្ទើរតែជុំវិញខេត្ត របស់យើងនេះ លោកមានប្រសាសន៍ច្រើន អ៊ីចឹងយើងជ្រាបទាំងអស់គ្នាដែរ ។ ធម្មតាកាលណាសង្រ្គាម វារុញទៅរុញមក ហើយបើនិយាយពីរឿងទឹកដីយើង ដែលថៃ កាន់កាប់ ឈរជើងហ្នឹង បើសិនជាថា យើងប្រើកម្លាំងប្រយុទ្ធអីទៅវិញ នឹងដេញទៅដេញមក ជួនកាលយើងឈរជើង ជួន កាលគេឈរជើង ប៉ុន្តែស្អីដែលសំខាន់នោះ អាយុជីវិតមនុស្សទាំងសងខាង ទាំងកងទ័ព ទាំងជនស៊ីវិល ទាំងអ្នកពាក់ព័ន្ធហ្នឹង គឺថាស្លាប់ របួស ហើយជនភៀសសឹក ហើយហិនហោចទ្រព្យសម្បត្តិ ហើយប្រជាជននៃប្រ ទេសទាំងពីរ ឬក៏រដ្ឋាភិបាល នៃប្រទេសទាំងពីរហ្នឹង ក៏ត្រូវចំណាយលុយកាក់ច្រើន ដើម្បីយកមកកាប់ មកសម្លាប់ មកបាញ់គ្នាហ្នឹងឯង ។ អ៊ីចឹងជម្រើសដែលល្អបំផុតហ្នឹង គឺដូចរាជរដ្ឋាភិបាល លោកបានបញ្ជាក់ហើយ គឺយើងដោះស្រាយដោយសន្តិវិធី ដោយផ្អែកទៅលើច្បាប់ ។ អ៊ីចឹងមានន័យថា យើងត្រូវការចរចា បើចរចាបាន បើចរចាមិនបាន យើងត្រូវប្រើយន្តការអន្តរជាតិ ដូចកម្ពុជា ប្រើយន្តការ UNCLOS ដែលហៅថា ការផ្សះផ្សាដោយបង្ខំ ឬក៏អាចនឹងប្រើយន្តការផ្សេងៗទៀត ប៉ុន្តែមិនមែនជាការប្រើចុងកាណុង ប្រើកម្លាំងទេ ។ បើប្រើ វាប្រាកដថា សង្រ្គាម វានឹងរីកដុះដាលធំ ការស្លាប់កាន់តែច្រើន អន្តរាយកាន់តែច្រើន ហើយវាមិនមែន ជាតិ សាសន៍មួយ អាចធ្វើសង្គ្រាម មួយថ្ងៃ ពីរថ្ងៃ មួយខែ ពីរខែហ្នឹង វាអាចចប់ទេ យើងមានបទពិសោធហើយ នៅរុស្ស៊ី អ៊ុយក្រែន ប្រទេសរុស្ស៊ី ប៉ុនណាណី  អ៊ុយក្រែន ប្រទេសតួចមួយ តែពីក្រោយអ៊ុយក្រែន មានអី? យើងដូចតែគ្នាហ្នឹង កាលណាសង្រ្គាមរីកដុះដាលទៅ វាអាចនឹងរាលដាលទៅដូចគ្នា ហើយក៏មិនអាចនឹងរកចាញ់ឈ្នះ ចង់បានភ្លាមៗ ហើយអន្តរាយ ហិនហោចហ្នឹង វាកាន់តែច្រើន“ ។

លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍បន្តថា “ដូច្នេះប្រាកដណាស់ ច្បាស់ណាស់ ជំហរម៉ឺងម៉ាត់ ច្បាស់លាស់ ដាច់ខាត របស់រាជរដ្ឋាភិបាល គឺដោះស្រាយជម្លោះដោយសន្តិវិធី ។ ប៉ុន្តែទាក់ទងនឹងការប្រើចុងប៊ិក យើងនិយាយថា ចុងប៊ិក គឺសារព័ត៌មាន តើចុងប៊ិកហ្នឹង យើងធ្វើម៉េច ឲ្យអាចស្របជាមួយនឹងរដ្ឋាភិបាល? មានន័យថា ចុងប៊ុកមួយ សរសេរធ្វើម៉េច កុំឲ្យឡើងកម្តៅ សរសេរធ្វើម៉េច បង្ហាញហេតុផល បង្ហាញការពិត បង្ហាញហេតុអី បានជារដ្ឋាភិបាល យកជម្រើសមិនប្រើចុងកាណុង មកប្រើការទូត មកប្រើដំណោះស្រាយដោយសន្តិវិធី ឬក៏យន្តការអន្តរជាតិ? យើងធ្វើយ៉ាងម៉េច ការសរសេររបស់យើង បង្ហាញហេតុ បង្ហាញផល បង្ហាញស្អីដែលយើងមានការបកស្រាយ គាំទ្រ បំភ្លឺឲ្យប្រជាពលរដ្ឋយល់ ឲ្យភាគីថៃ គេយល់ពីជំហររបស់យើង ហើយឲ្យអន្តរជាតិ គេយល់ពីជំហរបស់យើង ចៀសវាងការប្រើចុងប៊ិក ប៉ុន្តែចុងប៊ិកមួយ ដែលខ្លាំងជាងចុងកាំភ្លើង ។ ចុងប៊ិក ដែលខ្លាំងជាងចុងកាំភ្លើងនេះ គឺជាចុងប៊ិកមួយ ដែលសរសេរបំផ្លើស សរសេរបំប៉ោង បង្កើតព័ត៌មានក្លែងក្លាយ សរសេរញុះញង់ សរសេរឲ្យជាតិសាសន៍ទាំងពីរ ឲ្យកងកម្លាំងទាំងពីរហ្នឹងក្តៅ ហើយនឹងអាចផ្ទុះសង្គ្រាម នៅពេលណាមួយ អាហ្នឹងមិនមែនល្អទេ ។ ប៉ុន្តែប្រើចុងប៊ិកនេះ វាមានផលវិជ្ជមាន និងអវិជ្ជ មាន ។ ដូច្នេះខ្ញុំសំណូមពរទេ ឲ្យបងប្អូនសារព័ត៌មាន ទាំងសារព័ត៌មានកម្ពុជា ទាំងសារព័ត៌មានថៃ ទាំងអ្នក សារព័ត៌មានប្រទេសទីបី ប្រើចុងប៊ិក យ៉ាងណាកុំឲ្យចុងប៊ិកហ្នឹង វាក្លាយទៅជាចុងកាណុង ឬក៏សាហាវជាងចុងកាណុង ។ ប្រើចុងប៊ិក ដើម្បីធ្វើឲ្យភាគីទាំងពីរ ស្វែងរកដំណោះស្រាយមួយ ដោយសន្តិវិធី ទោះបីជាដំណោះ ស្រាយដោយទ្វេភាគី ក៏ដោយ ដោយពហុភាគី ក៏ដោយ ដោយយន្តការអន្តរជាតិ ក៏ដោយ ប៉ុន្តែមិនមែនជាការដោះស្រាយដោយការបង្ហូរឈាម ។ បើសិនជាយើងដោះស្រាយដោយការបង្ហូរឈាម វាមិនអាចរកទីបញ្ចប់ឃើញទេ ។ អ៊ីចឹងសង្ឃឹមថា យើងវិលមកប្រើប្រើប្រាស់វិធានការដោយសន្តិវិធី ប្រើចុងប៊ិក ប៉ុន្តែជាចុងប៊ិកមួយ ដែលមិនមែនដុតបញ្ឆេះ មិនមែនរោលកំហឹង បញ្ជោះឲ្យមានចលនាជាតិនិយម ឬក៏ស្អីទេ ធ្វើយ៉ាងម៉េច ឲ្យស្របជាមួយនឹងជំហររបស់រដ្ឋាភិបាល“ ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងតាមគណនីនិងទំព័របណ្ដាញសង្គម   ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថា ជាទស្សនៈរបស់លោក ចំពោះការប្រកាន់ឥរិយាបថលើសង្គ្រាមថៃឈ្លានពាន គឺលោកលើកទឹកចិត្តកម្ពុជា បន្តប្រកាន់យកឥរិយាបថនិយាមច្បាប់អន្តរជាតិ និងការងារការទូត ជាជាងប្រកាន់ឥរិយាប ថតជំរុញឱ្យមានសង្គ្រាម ប្រើកម្លាំងយោធា សាជាថ្មី។ ប៉ុន្តែកម្ពុជា ត្រូវធ្វើទំនើបកម្មយោធា បំពាក់យុ ទ្ធោប ករណ៍ទំនើបៗជាចាំបាច់និងបន្ទាន់ ដោយមិនរារែកនោះឡើយ។ នេះមានន័យថា កម្ពុជា ត្រូវប្រកាន់ឥរិយា បថយកនិយាមច្បាប់អន្តរជាតិ និងការងារការទូត ដោយមិនត្រូវបោះបង់ការតបតដោយកម្លាំងយោធា តាមការចាំបាច់ ដើម្បីការពារអធិបតេយ្យ ។

 បន្ថែមលើការលើកឡើងតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “ស្ថានភាពបច្ចុប្បន្ននេះ ដូចដែលខ្ញុំបានសរសេរសំណេរនៅក្នុងហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់ខ្ញុំដែរថា ខ្ញុំគាំទ្រនយោបាយស្លាបប៉ាកកាការទូត និងស្លាបប៉ាកកាច្បាប់អន្តរជាតិ ។ បានន័យថា យើងត្រូវតែប្រឹងប្រើនៅក្នុងនយោបាយការទូត និងច្បាប់អន្តរជាតិ ក្នុងការទាមទារទឹកដីព្រះរាជាណាចក្រកម្ពុជា របស់យើង ដែលត្រូវប្រទេសថៃ ឈ្លានពានគ្រប់គ្រង កាន់កាប់ដោយខុសច្បាប់ បន្តកាន់កាប់ដោយខុសច្បាប់ ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ យើងក៏ត្រូវរក្សាសិទ្ធិក្នុងការប្រើកម្លាំងប្រដាប់អាវុធ ដើម្បីទាមទារនិងការពារទឹកដីដែរ ។ មានន័យថា ដ្បិតតែយើងឥឡូវប្រឹងប្រែងនៅក្នុងការប្រើប្រាស់ចុងប៊ិក ចុងស្លាបប៉ាកកា ក្នុងការការពារទឹកដី ក៏ដូចជាទាមទារទឹកដី ក៏ប៉ុន្តែយើងក៏ត្រូវការធ្វើទំនើបកម្មវិស័យយោធា កែទម្រង់វិស័យយោធា ធ្វើទំនើបកម្ម និងទិញបញ្ចូលនូវយុទ្ធោបករណ៍ថ្មីៗបន្ថែមទៀត ឲ្យច្រើន ឲ្យបានគ្រប់គ្រាន់ សម្រាប់ការការពារ និងត្រៀមទប់ទល់ក្នុងសង្គ្រាមឈ្លានពានជាយថាហេតុបន្តទៀត ដែលអាចនឹងកើតមាន ។ ដូច្នេះលទ្ធភាពយើងបន្តប្រឹងប្រែងនៅក្នុងសង្គ្រាមចុងប៊ិក ក៏ប៉ុន្តែយើងក៏មិនភ្លេចការអភិវឌ្ឍសមត្ថភាពយោធា ដើម្បីទប់ទល់ នឹងអាចដណ្តើមយកតាមរយៈសង្គ្រាម យុទ្ធោបករណ៍ ដូចតែគ្នាដែរ ។ និយាយរួម  យើងប្រើទាំងពីរ ទាំងចុងប៊ិក ទាំង ចុងកាណុង ត្រៀមរួចជាស្រេច“ ៕  កុលបុត្រ

RELATED ARTICLES