ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូ ១គ្រឿង ពេញទំហឹង និងកិនពីលើស្ត្រីជាមន្ត្រីនគរបាលខេត្តកំពត បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ ចំណែកបុរសស្ត្រី ២នាក់ទៀត (ជាបងប្អូនបង្កើត) ដែលរួមដំណើរជាមួយ បានរងរបួសស្រា ល។ រីឯរថយន្តបង្កហេតុ បានព្យាយាមបន្ថែមល្បឿនបើកគេច តែត្រូវបានប្រជាពលរដ្ឋប្រដេញតាមឃាត់បានទាំងរថយន្តនិងអ្នកបើកបររថយន្តបង្កហេតុ ទើបជនបង្កហេតុ បានចុះមកលុតជង្គង់សំពះសុំទោស និងសងជីវិត មុននឹងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ ក្រោយផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះ គឹម គឹមលេង អាយុ៣៤ឆ្នាំ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក (ស័ក្តិ៣) តួនាទីជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងអំពិល នៃអធិការដ្ឋាននគរបាលក្រុងកំពត មានស្វាមី ឈ្មោះ គង់ ពិសិដ្ឋ និងមានកូនតូចៗ ចំនួន ២នាក់ ក្នុងបន្ទុក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូ ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LT-7711 ជិះដោយបងប្អូនបង្កើត ៣នាក់ កំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ ស្រាប់តែជិះមកដល់ត្រង់ចំណុចកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាក HYUNDAI SANTAFE ពណ៌សូកូឡា ពាក់ស្លាកលេខ ភ្នំពេញ 2V-0672 បើកបរក្នុងល្បឿនយ៉ាងលឿន មកពីក្រោយស្របទិសគ្នា ជាមួយម៉ូតូ បានជ្រុលមកបុកម៉ូតូពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឱ្យដួលខ្ទាតលើផ្លូវ និងធ្វើឱ្យស្ត្រីជាមន្ត្រីនគរបាលខេត្តកំពត ដែលអង្គុយខាងក្រោយ ធ្លាក់លើថ្នល់ និងត្រូវបានរថយន្តបង្កហេតុ កិនពីលើបន្ថែម បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។


ប្រភពដដែល បន្តថា ចំណែករថយន្តបង្កហេតុ បន្ទាប់ពីបុកម៉ូតូនិងកិនមនុស្សស្លាប់ហើយ មិនបានឈប់នៅកន្លែងកើតហេតុ ដើម្បីដោះស្រាយទេ បែរជាព្យាយាមបន្ថែមល្បឿន រត់គេច ហើយភ្លាមនោះ ត្រូវបានប្រជា ពលរដ្ឋបានឃើញ ក៏ប្រដេញតាមឃាត់បានទាំងរថយន្តនិងអ្នកបើកបរ នៅចម្ងាយប្រមាណជាង ១គីឡូម៉ែត្រ ពីទីតាំងកើតហេតុ។

បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋស្ទាក់ឃាត់រថយន្តជាប់ បុរសជាអ្នកបើកបររថយន្តបង្កហេតុ បានចុះពីលើរថយន្ត ទាំងស្ថានភាពស្រវឹងដាប បាននិយាយថា ខ្លួនមិនបានឃើញម៉ូតូនោះទេ ហើយក៏មិនបានរត់គេចដែរ។ លុះក្រោ យពីត្រូវប្រជាពលរដ្ឋស្តីបន្ទោសគ្រប់គ្នារួចមក បុរសបង្កហេតុ បានលុតជង្គង់សំពះសុំទោស និងសុខចិត្តសង ជីវិត ដោយបាននិយាយថា “ខ្ញុំបុកគេបាត់បង់ជីវិត បើយកជីវិតខ្ញុំសង យកជីវិតខ្ញុំចុះ ខ្ញុំអត់បានប៉ុនប៉ងទេ មាន តែអចេតនា អ៊ីចឹងបងប្អូន សាច់ញាតិ បើបងប្អូនគិតថា គាត់បាត់បង់ជីវិត មកយកជីវិតខ្ញុំសង មកយកជីវិតខ្ញុំចុះ…”។

ក្រោយកើតហេតុ កម្លាំងចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការវាស់វែង យកមធ្យោបាយពាក់ព័ន្ធ ទៅរក្សាទុក និងបាននាំខ្លួនអ្នកបើកបររថយន្តបង្កហេតុ ទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។
ក្រោយកើតមានហេតុការណ៍ខាងលើ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកថា “មន្ត្រីរបស់ខ្ញុំ គាត់បានបាត់បង់ជីវិតហើយ អ្នកបង្ក ត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់ អ្វីដែលគួរឱ្យអាណិតនោះ គឺកូនតូចៗ ចំនួនពីរនាក់ ដែលត្រូវកំព្រាម្តាយ…”។

ដោយឡែក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលក្រុងកំពត បានចេញលិខិតចូលរួមរំលែកទុក្ខជូនចំពោះលោក គង់ ពិសិដ្ឋ ស្វាមីនៃសពមន្ត្រីនគរបាល គឹម គឹមលេង ព្រមទាំងក្រុមគ្រួសារនៃសព ដែលមានខ្លឹមសារថា «តាងនាមថ្នាក់ដឹកនាំ នាយ-នាយនគរបាលរង និងមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងកំពត និងរូបខ្ញុំផ្ទាល់ មានក្តីរន្ធត់ ក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំ ចំ ពោះមរណភាពរបស់លោកស្រីអនុសេនីយ៍ឯក គឹម គឹមលេង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងអំពិល នៃអធិការដ្ឋាននគរបាលក្រុងកំពត បានទទួលមរណភាព នៅថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២២ៈ៣០នាទីយប់ ក្នុងជន្មាយុ៣៤ឆ្នាំ ដោ យគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ជាមួយរថយន្ត។

មរណភាពរបស់លោកស្រីអនុសេនីយ៍ឯក គឹម គឹមលេង គឺជាការបាត់បង់នូវភរិយា ម្តាយ និងបាត់បង់ថ្នាក់ដឹកនាំមួយរូប ប្រកបដោយព្រហ្មវិហាធម៌ ចំពោះបុត្រធីតា កូនចៅ ដែលកន្លងមក លោកស្រីមានអត្តចរិតស្លូតបូត សុភាពរាបសា និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាស្មារតី ក្នុងកិច្ចការការងារបម្រើជូនប្រជា ពលរដ្ឋ និងក្នុងការកសាងគ្រួសារ ក៏ដូចជាការរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងព្រះពុទ្ធសាសនា ការខិតខំប្រឹងប្រែងរបស់លោកស្រី ត្រូវបានគោរពស្រលាញ់ពីគ្រប់មជ្ឈដ្ឋាន និងការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនញាតិមិត្តជិតឆ្ងាយ។
ក្នុងពេលវេលាដ៏សែនក្រៀមក្រំនេះ ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ នាយ-នាយនគរបាលរង និងមន្ត្រី នគរ បាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងកំពត សូមចូលរួមសម្តែងនូវសមានទុក្ខ ដោយក្តីសោកស្តាយ អាឡោះអាល័យ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ ព្រមទាំងបងប្អូនកូនក្មួយ ញាតិមិត្តទាំងអស់នៃសព ដោយក្តីក្តុកក្តួលជាទីបំផុត និងសូមលំឱនកាយឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយដល់ដួងវិញ្ញាណក្ខន្ធរបស់លោកស្រីអនុសេនីយ៍ឯក គឹម គឹមលេង បានសោ យសុខទៅកាន់ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមលោក គង់ ពិសិដ្ឋ ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវសមានចិត្តចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត អំពីយើងខ្ញុំទាំងអស់គ្នា»៕